ករណីធ្លាក់យន្តហោះ នៅប្រទេសនេប៉ាល់ ស្លាប់មនុស្សជិត ៧០នាក់
កាតាម៉ាន់ឌូ៖ អាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសនេប៉ាល់ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦៨ នាក់បានស្លាប់ កាលពីថ្ងៃអាទិត្យ នៅពេលដែលជើងហោះហើរក្នុងស្រុកមួយបានធ្លាក់ នៅទីក្រុង ប៉ូខារ៉ា (Pokhara ) ជាការធ្លាក់យន្តហោះដ៏អាក្រក់បំផុតក្នុងរយៈពេល ៣ទសវត្សរ៍នៅក្នុងប្រទេសតូចមួយនៃភ្នំហិមាល័យមួយនេះ។
ក្រុមអ្នកជួយសង្គ្រោះរាប់រយនាក់ ត្រូវបានបញ្ជូនទៅទីតាំងកើតហេតុ នៅលើភ្នំជាកន្លែងដែលជើងហោះហើរ Yeti Airlines ដែលដឹកមនុស្សចំនួន៧២ នាក់ពីរដ្ឋធានី កាតាម៉ាន់ឌូ (Kathmandu) បានធ្លាក់ចុះ។
ទូរទស្សន៍ក្នុងស្រុកបានបង្ហាញថា ក្រុមអ្នកជួយសង្គ្រោះដើរជុំវិញផ្នែកដែលខូចនៃយន្តហោះ ខណៈដែលទីតាំងដីមួយចំនួននៅជិតកន្លែងធ្លាក់យន្តហោះត្រូវបានឆាបឆេះ ដោយមានអណ្តាតភ្លើងអាចមើលឃើញ។
អាជ្ញាធរអាកាសចរណ៍បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា យន្តហោះបានទាក់ទងជាមួយព្រលានយន្តហោះ នៅម៉ោង ១០៖៥០ ព្រឹក មុនពេលធ្លាក់។
ការធ្លាក់នេះគឺជាអ្នកស្លាប់ច្រើនបំផុតរបស់ប្រទេសនេប៉ាល់ ចាប់តាំងពីឆ្នាំ ១៩៩២ ។ រម្លឹកថា កាលពី៣០ឆ្នាំមុន យន្តហោះ អ៊ែរបឺស អេ៣០០ (Airbus A300) របស់ក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិប៉ាគីស្ថានបានធ្លាក់ចូលទៅក្នុងជម្រាលភ្នំនៅពេលឆ្ពោះទៅកាន់ទីក្រុង Kathmandu ដោយបានសម្លាប់មនុស្សទាំង១៦៧ នាក់ នៅលើយន្តហោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។