អបអរសាទរ​! កម្ពុជា ប្រកាស​ក្រុង​សៀមរាប និង​ស្រុក​ក្រឡាញ់ ខេត្តសៀមរាប ជា​ក្រុង ស្រុក​អស់​មីន​

​សៀមរាប​៖ រសៀល​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ នៅ​សាលាក្រុង​សៀមរាប ក្នុងនាម សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ការប្រកាស​ក្រុង​សៀមរាប និង​ស្រុក​ក្រឡាញ់ ជា​ក្រុង ស្រុក អស់​មីន​។

ក្នុងឱកាស​នោះ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ ឯកឧត្ដម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប រដ្ឋបាល​ក្រុង​សៀមរាប រដ្ឋបាល​ស្រុក​ក្រឡាញ់ និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ដែល​បាន​ផ្តល់នូវ​កិច្ចសហការ​យ៉ាង​ល្អប្រសើរ និង​ផ្តល់​លទ្ធភាព​ងាយស្រួល​ដល់ក​ង​កម្លាំង​បោសសម្អាត​មីន​។​

ការប្រកាស​ក្រុង​ស្រុក​អស់​មីន​ថ្ងៃនេះ គឺ​អង្គការ HALO Trust បានធ្វើការ​បោសសម្អាត និង​ទទួល​ការគាំទ្រ​ពី​គម្រោង​ទីភ្នាក់ងារ​ស្វី​ស​សម្រាប់​ការអភិវឌ្ឍ​និង​កិច្ចសហប្រតិបត្តិការ ដែលមាន​ការចូលរួម​ពី​ប្រទេស​ស្វី​ស អាល្លឺម៉ង់ ចក្រភព​អង់គ្លេស អាមេរិក អៀរ​ឡង់ និង​HDR&D ហើយ​តាមរយៈ​គម្រោង​នេះ​ផងដែរ អង្គការ HALO Trust ឆ្នាំ​២០២៣ នេះ គ្រោង​នឹង​បញ្ចប់​ការងារ​បោសសម្អាត​មីន​នៅ​ស្រុក​ចំនួន​ពីរ​បន្ថែមទៀត​ក្នុង​ខេត្តសៀមរាប រួមមាន​ស្រុក​ពួក និង​ស្រុក​ស្រីស្នំ​។

​សូមបញ្ជាក់ថា ខេត្តសៀមរាប នៅសល់​ផ្ទៃដី​សង្ស័យ​មាន​មីន​ចំនួន ៤៨.៩៣៦.៤៩៩ ម៉ែត្រក្រឡា ស្មើនឹង ៥៧០ ចម្ការមីន ស្ថិតក្នុង​ស្រុក​ចំនួន ១០ ទៀត ដែល​រាជរដ្ឋាភិបាល សហការ​ជាមួយ​ប្រទេស​ជា​មិត្ត ដៃគូ​អភិវឌ្ឍន៍ និង​ប្រតិបត្តិ​ករ​ជាតិ​-​អន្តរជាតិ បាន​យកចិត្តទុកដាក់ និង​គ្រោង​បញ្ចប់​ការងារ​បោសសម្អាត​មីន​រួមគ្នា​ក្នុង​ឆ្នាំ​២០២៣​នេះ រួមមាន រាជរដ្ឋាភិបាល​កម្ពុជា អាល្លឺម៉ង់ ស្វី​ស អាមេរិក អង់គ្លេស អៀរ​ឡង់ ចិន HDR&D អង្គភាព​ស៊ីម៉ាក់ អង្គការ HALO Trust អង្គការ​ដោះមីន​កម្ពុជា និង​អង្គការ APOPO ។​

​ទោះបី​យើង​ដោះស្រាយ​បញ្ហា​មីន​ចប់​ត្រឹម​ឆ្នាំ​២០២៥ ប៉ុន្តែ​បញ្ហា​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដូចជា គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ គ្រាប់បែក​ចង្កោម និង​គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ ក៏មាន​ទំហំធំធេង​ណាស់ដែរ ដែល​យើង​មិនអាច​ដោះស្រាយ បាន​អស់​ត្រឹម​ឆ្នាំ​២០២៥ ឡើយ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close