សម្ដេច​ក្រឡាហោម ស ខេង សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ ប្រារព្ធ​នៅ​ខេត្តសៀមរាប

​ខេត្តសៀមរាប ៖ សម្ដេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ អគារ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ ប្រារព្ធ​នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២៣​នេះ ។​

​លោកជំទាវ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានឱ្យដឹងថា អគារ​ថ្មី​នេះ ជា​សមិទ្ធផល​ថ្មី​មួយទៀត​កើតចេញពី​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​រវាង​អាជ្ញាធរ​ជាតិ​អប្សរា អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ ក្រោម​ការគាំទ្រ​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ អាជ្ញាធរខេត្ត ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ភាគី​ពាក់ព័ន្ធ​មួយចំនួនទៀត​។​

​លោកជំទាវ​រដ្ឋមន្ត្រី​បន្តថា អគារ​ថ្មី​របស់​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​នេះ ត្រូវបាន​សាងសង់​ឡើងលើ​ផ្ទៃដី​ដោះស្រាយ​គោលនយោបាយ​រួម​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​ផ្ទៃក្រឡា​សរុប ១៩ ៩៤៧​ម៉ែត្រការ៉េ មានតម្លៃ​សរុប​ប្រមាណ ៧​ប៊ី​លាន ១៩៨​លាន​រៀល ជា​ថវិកា​បានមកពី​មូលនិធិ​អភិរក្ស​ឆ្នាំ​២០១៨ នៃ​អាជ្ញាធរ​ជាតិ​អប្សរា ។

​លោកជំទាវ បន្ថែមថា​ទីតាំង​នេះ​ត្រូវបាន​បែងចែក​រួមមាន​អគារ​ថ្នាក់ដឹកនាំ សាលា​ប្រជុំ បន្ទប់​ស្នាក់នៅ​របស់​ប្រធាន​អង្គភាព អគារ​អនុប្រធាន​អង្គភាព​និង​ផ្នែក​ព្រហ្មទណ្ឌ អគារ​សុខាភិបាល​និង​វិទ្យុ អគារ​ស្នាក់នៅ​របស់​ក​ង​កម្លាំង​អន្តរាគមន៍ អគារ​ផ្ទះបាយ ជម្រក​កម្លាំង​ត្រៀម រោង​ចំណត​ម៉ូតូ រោង​ចំណតរថយន្ត​អគ្គិភ័យ ប៉ុស្តិ៍​យាម ដងទង់​ជាតិ ចំណតរថយន្ត​តូច ទីលានកីឡា ស្រះ​ទឹក និង​អង់​តែ​ន​វិទ្យុទាក់ទង​ជាដើម ។

​សម្ដេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍ថា​អគារ​ថ្មី​របស់​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ​នេះ​ពិតជា​រៀបចំ​បាន​ស្អាត​តាម​រចនាបទ​ប្លង់​ស្ថាបត្យកម្ម​ខ្មែរ​សាមញ្ញ ប៉ុន្តែ​បាន​បង្កប់​នូវ​ភាពថ្លៃថ្នូរ សក្ដិ​សមជា​សមិទ្ធផល​ថ្មី និង​ជួយ​បង្កើន​សោ​ភ័​ណ្ឌ​ភាព​រមណីយដ្ឋាន​និង​ភាពថ្លៃថ្នូរ​ព្រមទាំង​ផាសុខភាព​ជូន​កងកម្លាំង​នគរបាល​ការពារ​បេតិកភណ្ឌ​។​

​សម្ដេច បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​បុគ្គលិក ភ្នាក់ងារ ពលករ ឆ្មាំ មន្ត្រីរាជការ និង​ថ្នាក់ដឹកនាំ​ទាំងអស់​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​បុព្វហេតុ​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ ជាពិសេស​គំនិត​ផ្ដួច​ច​ផ្ដើម​សិក្សា​រៀបចំ និង​កែលម្អ​ថ្មី​ជាមួយនឹង​ការលេចឡើង​សមិទ្ធផល​ជាច្រើន​។ សម្ដេច បាន​ថ្លែង​កោតសរសើរ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ចំពោះ​នគរបាល​បេតិកភណ្ឌ​ប្រចាំ​តំបន់​អង្គរ​សម្រាប់​ការយកចិត្តទុកដាក់​បំ​ពេញ​ភារកិច្ច​ថែរក្សា​ការពារ​បេតិកភណ្ឌ និង​សម្បត្តិ​វប្បធម៌​ជាតិ​។​

​សម្ដេច​ក្រឡាហោម ស ខេង បន្តថា រាជរដ្ឋាភិបាល​បានដាក់​ចេញ​គោ​លន​យោ​បាន​តាម​គោលការណ៍​ស្ម័គ្រចិត្ត​និង​ផ្លាស់ប្ដូរ​ទីលំនៅ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​មិន​រៀបរយ​ក្នុង​តំបន់​រមណីយដ្ឋាន​ទៅកាន់​ភូមិ​ធម្មជាតិ​រុន​តា​ឯក និង​តំបន់​ពាក់​ស្នែង ហើយ​ប្រជាពលរដ្ឋ​ជាច្រើន​ពាន់​គ្រួ​សារបាន​ស្ម័គ្រចិត្ត​ចូលរួម ដែលជា​ការបង្ហាញ​អំពី​គម្រូ​វីរៈភាព និង​ការដឹងគុណ​ចំពោះ​មរតក​ដូនតា​ដ៏​មានតម្លៃ​មហាសាល​នេះ​។​

​សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​ណែនាំ​អង្គភាព​នគរបាល​ការពារ​បេតិកភណ្ឌ បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ​ដែនដី​ក្នុង​កិច្ចការពារ​សន្តិសុខ និង​របៀបរៀបរយ​សាធារណៈ ជាពិសេស​កិច្ចការពារ​សុវត្ថិភាព សន្តិសុខ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​មក​បំពេញ​បេសកម្ម និង​ទស្សនៈកិច្ច​នៅ​តំបន់​អង្គរ និង​តំបន់​ផ្សេងទៀត ហើយ​អាជ្ញាធរ​ខេត្តសៀមរាប អាជ្ញាធរ​ជាតិ​អប្សរា ព្រមទាំង​អង្គភាព​នគរបាល​ការ​រ​បេតិកភណ្ឌ ត្រូវខិតខំ​ថែរក្សា​បរិស្ថាន​ធម្មជាតិ ដែលជា​ផ្នែក​មួយ​នៃ​ទេសភាព​វប្បធម៌​របស់​រមណីយដ្ឋាន​អង្គរ​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close