វៀតណាម! ចំនួនគ្រោះថ្នាក់ចរាចរណ៍ថយចុះ នៅមុនបុណ្យចូលឆ្នាំថ្មី
ហាណូយ៖ គ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសវៀតណាមបានធ្លាក់ចុះ ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការធានាសុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ពិធីបុណ្យ Tet (បុណ្យចូលឆ្នាំថ្មី) និងព្រឹត្តិការណ៍សំខាន់ៗផ្សេងទៀត។
យោងតាមនាយកដ្ឋាននគរបាលចរាចរណ៍ នៃក្រសួងសាធារណការវៀតណាម បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានកើតឡើងចំនួន ១,៨៥៤ លើក ថយចុះ៦,១២% បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ១,០២៦នាក់ ថយចុះ ៣,៨៤% និងរងរបួសចំនួន ១,៣២៣នាក់ ថយចុះ ៦,១០% បើធៀបនឹងចំនួនគ្រោះថ្នាក់, ចំនួនមនុស្សស្លាប់ និងចំនួនអ្នករបួស កាលពីពីរខែមុន។
ក្រៅពីនេះដែរ គ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវដែក មាន១៥លើក បណ្តាលឲ្យមនុស្សស្លាប់១១នាក់ និងរបួស ៣នាក់។ បន្ថែមពីនេះ មានមនុស្សម្នាក់បានស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹក។
មន្ត្រីនគរបាលចរាចរណ៍ទូទាំងប្រទេសបានដោះស្រាយការល្មើសច្បាប់ចរាចរណ៍សរុបចំនួន ៤២១០០០ករណី និងពិន័យជាប្រាក់ចំនួន ១ ពាន់ពាន់លានដុង (៤២.៦ លានដុល្លារអាមេរិក)។ នគរបាលក៏បានរឹបអូសជាបណ្តោះអាសន្ននូវរថយន្តជាង ៦.៦០០ គ្រឿង ម៉ូតូ ១២៨.៤២០ គ្រឿង និងយានជំនិះតាមផ្លូវទឹក ១៥ គ្រឿង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។