រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ធ្វើ​ទស្សនកិច្ច​ត្រួតពិនិត្យ​សកម្មភាព​ការងារ និង​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា​

​នា​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២៣ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​សហការី​អមដំណើរ​បាន​អញ្ជើញ​ធ្វើ​ទស្សនកិច្ច​ត្រួតពិនិត្យ​សកម្មភាព​ការងារ និង​ជួប​សំណេះសំណាល ជាមួយ​ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា (CARDI) ។​

​ក្នុង​ពិធី​ទស្សនកិច្ច​នេះ ឯកឧត្តម រដ្ឋមន្ត្រី បាន​អញ្ជើញ​ត្រួតពិនិត្យ​ទៅលើ​លទ្ធភាព​ដាំ​ដុះ​ពូជស្រូវ​ចំប៉ីស​៧០ និង​ត្រួតពិនិត្យ​ទៅលើ​សំណាប ព្រមទាំង​បាន​បន្ថែម​ធាតុ​ចូល​បន្ថែម​ទាក់ទង​នឹង​ការដឹកជញ្ជូន​។​

​ទន្ទឹមគ្នានេះ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ពិនិត្យ​ទៅលើ​ការវាយតម្លៃ​ស្រ​ឡាយ​ស្រូវ និង​សំណាក​ពូជ​មួយចំនួន​ដែលមាន​ការ​ទុកដាក់​យ៉ាង​ល្អ​ដោយ​ក្រុមការងារ​វិទ្យាស្ថាន និង​បាន​ស្វែងយល់​អំពី​បច្ចេកទេស​ជាលិកា​វប្បកម្ម​ផងដែរ​។​

​ឯកឧត្តម​រដ្ឋមន្ដ្រី​បាន​អញ្ជើញ​ពិនិត្យ​មន្ទីរពិសោធន៍​ជីវ​បច្ចេកវិទ្យា និង​ស្ដាប់​បទ​បង្ហាញ​ទាក់ទង​នឹង​ដង្កូវនាង ដែល​អាចមាន​លទ្ធភាព​ផលិត​សូត្រ​បានល្អ ពី​ពូជខ្មែរ​យើង ដោយ​មានការ​បង្កាត់​ជាមួយ​ពូជ​នាំចូល​ពី​កូរ៉េ ដែល​បាន​លទ្ធផល​ពូជ​ថ្មី​មួ​យម​ន្ថែ​ម គឺ CK1.7.4 ដែលមាន​ភាព​ធន់​ទ្រាំ​ទៅនឹង​អាកាសធាតុ​។​

​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ ថ្នាក់ដឹកនាំ មន្ត្រី និង​បុគ្គលិក វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកឡើងថា វិទ្យាស្ថាន​ត្រូវ​បន្ត​ជំរុញ​ការស្រាវជ្រាវ​លើ​ការងារ​របស់ខ្លួន​បន្ថែ​ម​ទៀត​ឱ្យអស់​លទ្ធភាព និង​បន្តធ្វើ​ការងារ​ពាក់ព័ន្ធ​ជាមួយ​ដំណាំ​ស្រូវ​ឱ្យមាន​និរន្តរភាព​។

​ក្នុងនោះដែរ ឯកឧត្តម បាន​បន្ថែមទៀតថា វិទ្យាស្ថាន​ស្រាវជ្រាវ​និង​អភិវឌ្ឍ​កសិកម្ម​កម្ពុជា ត្រូវ​គិតគូ​ផងដែរ​ពី​ប្រសិទ្ធភាព​និង​និរន្ដរភាព​សេដ្ឋកិច្ច​របស់ខ្លួន និង​ត្រូវមាន​ការសហការ​ជាមួយ​ក្រុមហ៊ុន​ដៃគូ​នានា​បន្ថែមទៀត​។

​លើសពីនេះ​ទៀត ឯកឧត្តម​រដ្ឋមន្ត្រី បានស្នើ​ឱ្យ​ខាង​វិទ្យាស្ថាន​គួរតែ​គ្រប់គ្រង​ការផលិត​ពូជ ឈានទៅរក​វិ​ញ្ញាប​ន​ប័ត្រ​ពូជស្រូវ និង​បន្ត​ពង្រីក​ខ្លួន រហូតដល់​ក្លាយជា​រាជបណ្ឌិតសភា​កសិកម្ម​នា​ថ្ងៃ​ខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close