រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួបប្រជុំទ្វេភាគីជាមួយភាគី អេមីរ៉ាតអារ៉ាប់រួម អំឡុងពេលអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក
ប្រទេសស្វីស៖ ក្នុងអំឡុងពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគីជាមួយភាគីអេមីរ៉ាតអារ៉ាប់រួម (UAE) ដើម្បីពិនិត្យលើវឌ្ឍនភាព នៃការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA) និងជំរុញកិច្ចការដែលនៅសេសសល់ផ្សេងទៀត។
ក្នុងជំនួបទ្វេភាគីនេះ ធ្វើឡើងកាលពី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយដែលបានជួបឯកឧត្តមThani Ahmed Al Zeyoudi រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួមជាថ្មីម្តងទៀត និង ចំពោះឱកាសដែលភាគីទាំងពីរអាចពិនិត្យលើវឌ្ឍនភាពដែលសម្រេចបានក្នុងការចរចាកិច្ចព្រមព្រៀង CAM-UAE CEPA កន្លងមក។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំចរចាជុំទី១នៅ UAE ក្នុងខែតុលា ឆ្នាំ២០២២ និងការវិវឌ្ឍទៅមុខនៃការចរចាបើកច្រកទីផ្សារទំនិញ និងសេវាកម្ម នៅជុំទី២ក្នុងខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកម្ពុជា។ ជាក់ស្តែង ភាគីទាំងពីរបានខិតខំបំពេញតាមសំណើសុំ និងការផ្តល់ឱ្យ (Request and Offer) រវាងគ្នាទៅវិញទៅមក ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដ៏ប្រសើរមួយ សម្រាប់សហគមន៍ធុរកិច្ច វិនិយោគិន ពាណិជ្ជករ និងសាធារណៈជន។
នៅក្នុងកិច្ចប្រជុំនេះដែរ ភាគីទាំងពីរបានព្រមព្រៀងជាគោលការណ៍បញ្ចប់ការចរចានៅជុំទី៣ក្នុងប្រទេសអារ៉ាប់រួមនៅខែកុម្ភៈ ឆ្នាំ២០២៣ និងគម្រោងបញ្ចប់ជាផ្លូវការនៅខែមីនានៅភ្នំពេញ ដែលក្នុងពេលជាមួយគ្នានោះដែរឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា។
បន្ថែមពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់ថា ការចូលជាធរមាននៃកិច្ចព្រមព្រៀង CAM-UAE CEPA នឹងបង្កើនកំណើនសេដ្ឋកិច្ចតាមរយៈការធ្វើពិពិធកម្មទីផ្សារ ការបើកច្រក់ទីផ្សារកាន់តែទូលាយ សម្រាប់ទំនិញ និងសេវាកម្ម ការបង្កើនលំហូរនៃការ វិនិយោគ ការបង្កើតការងារ និងការពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យផ្សេងទៀត ព្រមទាំងផ្តល់ប្រយោជន៍ឱ្យគា្នទៅវិញទៅមកកាន់តែសម្បូរ។
ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរដល់រដ្ឋាភិបាល UAE ដែលត្រូវបានជ្រើសរើសធ្វើជាម្ចាស់ផ្ទះសម្រាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីលើកទី១៣ របស់អង្គការពាណិជ្ជកម្មពិភពលោកក្នុងឆ្នាំ២០២៤ខាងមុខនេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រចំពោះការធ្វើជាម្ចាស់ផ្ទះនេះ និងជឿជាក់យ៉ាងមុតមាំថា ក្នុងនាមជាម្ចាស់ផ្ទះ UAE នឹងជំរុញការដឹកនាំពាណិជ្ជកម្មសកលឱ្យកាន់តែប្រសើរតាមរយៈការប្រើប្រាស់តួនាទីដ៏សំខាន់នានាក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគីដោយផ្អែកលើវិធានច្បាថាប់ជាមូលដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។