ពលរដ្ឋ ៨គ្រួសារ ដែលបាក់ផ្ទះ ចូលទឹកស្ទឹងព្រែកត្នោត ត្រូវទទួលអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី១៨ មករា ឆ្នាំ២០២៣នេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលឯកឧត្តម លី ឆេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ នាំយកអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅប្រគល់ជូនប្រជាពលរដ្ឋ ៨គ្រួសារ ដែលនៅជាប់សណ្តរស្ទឹងព្រែកត្នោត ស្មើ ០៥ខ្នងផ្ទះ បានលិចចូលក្នុងទឹកស្ទឹង ដោយការស្រុតដី ដើម្បីដោះស្រាយការលំបាកមួយចំនួន ។
ផ្ទះចំនួន ០៥ខ្នងនេះ មានប្រជាពលរដ្ឋរស់នៅទាំងម្ចាស់ផ្ទះពិត និងផ្ទះជួលចំនួន ៨គ្រួសារ ហើយក្នុងចំនួន ៨គ្រួសានេះ មួយគ្រួសារទទួលបានអង្ករ ១បាវ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ភួយ ខ្នើយ តង់ កន្ទេល សម្ភារៈផ្ទះបាយមួយឈុតនិងថវិកាចំនួន៥០ម៉ឺនរៀល ។
នេះជាការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ ទៅតាមការណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពោលគឺខណៈទទួលបាន ព័ត៌មានថា មានប្រជាពលរដ្ឋរងគ្រោះដោយផ្ទះរបស់ពួកគាត់បាក់ចូលទឹកស្ទឹងនោះ ឯកឧត្តម ឃួង ស្រេង ក៏បានចុះមកសួរសុខទុក្ខនិងនាំយកអំណោយរបស់សម្តេចទាំងទ្វេមកប្រគល់ជូនភ្លាមៗតែម្តង ។
គួរបញ្ជាក់ថា៖ កាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ទី១៨ មករា ឆ្នាំ២០២៣នេះ ស្ថិតក្នុងភូមិស្វាយមានលក្ខណ៍ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ មានផ្ទះប្រជាពលរដ្ឋចំនួន ៥ខ្នងស្មើនឹង ៨គ្រួសារ បានលិចចូលក្នុងស្ទឹងព្រែកត្នោត ដោយការបាក់ស្រុតដី នៅច្រាំងស្ទឹង ហើយអ្វីដែលសំខាន់ពួកគាត់មិនអាចប្រមូលអីវ៉ាន់ និងសម្ភារៈចំបាច់ បានទាន់ពេលនោះទេ ពោលគឺសម្ភារៈ និងរបស់របរ នៅជាប់ក្នុងផ្ទះ ត្រូវលិចចូលទៅក្នុងស្ទឹងបាត់ទាំងអស់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។