ចំនួន​មនុស្ស​ស្លាប់ កើន​ដល់​៥​នាក់ ខណៈ​បាត់​ខ្លួន ៣​នាក់ ក្នុងការ​ផ្ទុះ​កប៉ាល់​ដឹក​ប្រេង នៅ​ប្រទេស​ថៃ

​បាងកក​៖ សាកសព​មនុស្ស​បីនាក់​ទៀត ត្រូវបាន​ស្រង់​ចេញពី​ទឹក កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ការផ្ទុះ​កប៉ាល់​ដឹក​ប្រេង ឯ​ផែ​ក្នុង​ក្រុង​សាមុត សុង​ក្រាម ប្រទេស​ថៃ​កាលពី​ថ្ងៃ​អង្គារ​។

​ជនរងគ្រោះ​ទាំងបី​នាក់ សុទ្ធតែ​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា បាន​បង្កើន​ចំនួន​អ្នកស្លាប់​ក្នុង​ហេតុការណ៍​បំផ្ទុះ​នេះ ដល់​ប្រាំ​នាក់​។ កម្មករ​បីនាក់​ទៀត​ត្រូវបាន​គេ​រាយ​ឈ្មោះថា បាន​បាត់​ខ្លួន​នៅឡើយ គិត​ត្រឹម​ថ្ងៃ​ពុធ​។

​គួរ​បញ្ជាក់ថា កប៉ាល់​ដឹក​ប្រេង Smooth Sea 22 បានមក​ដល់​ចត ដើម្បី​ថែទាំ នៅ​ថ្ងៃទី ១២ ខែមករា ហើយ​បាន​ជូនដំណឹង​ដល់​អាជ្ញាធរ​កំពង់ផែ​ថា ខ្លួន​នៅតែ​ដឹក​ប្រេង​លេនដ្ឋាន និង​ប្រេងម៉ាស៊ូត​ដែល​នៅ​សេសសល់​។ ការផ្ទុះ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​អង្គារ សប្តាហ៍​នេះ ខណៈដែល​នាវា​ដឹក​ប្រេង នៅ​មាត់ទន្លេ Mae Klong​។

​អភិបាលខេត្ត សាមុត សុង​ក្រាម (Samut Songkhram) លោក សុ​មនុ​ក ព្រំ​គី​វ ( Somnuk Promkiew) បាន​និយាយថា កប៉ាល់​ដឹក​ប្រេង​នេះ ផ្ទុក​ដោយ​ប្រេងឥន្ធនៈ ទាំង​ប្រេង និង​ម៉ា​ស៊ូ​ត​។

​មន្ត្រី​ជំនាញ​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ​នៃ​ហេតុការណ៍​នេះ ប៉ុន្តែ​ពុំទាន់​មានការ​បញ្ជាក់​ច្បាស់ ពី​ដើមចម​នៃ​ការផ្ទុះ​នេះ​នៅឡើយ​ទេ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close