អ្នកភូមិ​នគរ​ក្រៅ​តែង​ប្រារព្ធ​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា​

​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​៣​កើត ខែមាឃ អ្នកស្រុក​អង្គរ តែងតែ​រួមគ្នា​ប្រារព្ធ​ពិធី​ឡើង​មាឃ ឬ​ពិធី​ឡើងអ្នកតា ដើម្បី​សុំ​សេចក្តីសុខ តាម​ជំនឿ​រៀងៗ​ខ្លួន នៅតាម​ភូមិ តាម​តំបន់​ខ្លួន​រស់នៅ​មិនដែល​ខកខាន​។​

​ជាក់ស្តែង នៅ​ថ្ងៃ​បី​កើត ខែមាឃ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៤​ខែមករា ឆ្នាំ​២០២៣​នេះ អ្នកភូមិ​នគរ​ក្រៅ មាន​ប្រជាពលរដ្ឋ​ក្មេង ចាស់ ប្រុស​ស្រី ជួបជុំគ្នា​នៅ​បរិវេណ​ខ្ទម​អ្នកតា​នៅក្នុង​ភូមិ ដែលមាន​ឈ្មោះថា តា​គង់ ដើម្បី​ប្រារព្ធ​ពិធី​ឡើង​មាឃ​ឬ​ពិធី​ឡើងអ្នកតា ក្រោយពេល​បញ្ចប់​រដូវ​ច្រូតកាត់ និង​ត្រៀម​រដូវ​កាល​ធ្វើស្រែ​ចម្ការ​ក្នុង​ឆ្នាំ​ថ្មី សុំ​សេចក្តីសុខ​ចម្រើន​ដល់​ភូមិឋាន​ទាំងមូល ធ្វើស្រែ​ចម្ការ​ទទួលបាន​ភោគផល​ច្រើន និង​ចៀស​ផុតពី​ជំងឺ​ចង្រៃ​ផ្សេងៗ​។

​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា​នេះ អ្នកភូមិ​ដែល​ចូលរួម បានរៀបចំ​នំ​បញ្ចុក សម្លប្រហើរ សម្លការី នំចំណី និង​ផ្លែឈើ ព្រមទាំង​គ្រឿង​ដ​ង្វា​យ​ខ្លះទៀត​មានដូចជា ក្បាលជ្រូក មាន់ស្ងោរ ភេសជ្ជៈ​ផ្សេងៗ ព្រមទាំង​គ្រឿង​ស្រវឹង​ខ្លះ​ផង យកមក​រៀបចំ​ធ្វើជា​គ្រឿង​សំណែន និង​ដ​ង្វា​យ​។

​ក្រៅពីនោះ ក៏មាន​ស្លាធម៌ បាយសី មាន​គ្រឿង​សំណែន ទៀន ធូប បារី ខោ អាវ និង​ក្រុម​អ្នកភ្លេង​អារក្ស មកជួបជុំ​គ្នា​អុជ​ទៀន ធូប​បួងសួង ដោយមាន​អ្នក​ស្នង​រូប ដើម្បីឱ្យ​លោកតា​បាន​រាំរែក​សប្បាយ ជក់បារី ទទួល​សម្លៀកបំពាក់​ថ្មី អ្នកភូមិ​ជឿថា បើ​អ្នកតា​សប្បាយចិត្ត អ្នកភូមិ​នឹង​បាន​សុខ​សប្បាយ​តរៀង​ទៅ​។​

​ក្រៅពី​អ្នកភូមិ​នគរ​ក្រៅ ក៏មាន​អ្នកភូមិ​ផ្សេងៗ​ក្នុង​តំបន់​អង្គរ​នាំគ្នា​ធ្វើ​ពិធី​ឡើង​មាឃ ឬ​ឡើងអ្នកតា​ដូចគ្នា​ដែរ​។ តួយ៉ាង នៅ​គោក​តា​រាជនៃ​ប្រាសាទអង្គរវត្ត ទួល​ដូន​ប៉ុក​ប្រាសាទ​វត្ត​អា​ធ្វា​រ​ជាដើម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close