ទឹកជំនន់​នៅ​ម៉ាឡេស៊ី ពលរដ្ឋ​ជាច្រើន​ត្រូវ​ជម្លៀស​ទៅកាន់​តំបន់​សុវត្ថិភាព​

​សារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​២៥ ខែមករា ឆ្នាំ​២០២៣ បាន​ផ្សាយ​ថា មាន​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ប្រមាណ​ជិត​៣,៥០០​នាក់ ត្រូវបាន​ជម្លៀស​ឲ្យ​ស្នាក់​នៅក្នុង​មជ្ឈមណ្ឌល​សង្គ្រោះ​បណ្តោះអាសន្ន​នៅ​ទូទាំង​រដ្ឋ Johor នៃ​ប្រទេស​ម៉ា​ឡេ​ស៉ី នៅ​ថ្ងៃទី​២៥​ខែមករា ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​នៅតែ​បន្ត​វាយលុក​ផ្នែក​ខ្លះ​នៃ​រដ្ឋ​មួយ​នេះ​។​

​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​ម៉ាឡេស៊ី (NADMA) បាន​ឲ្យ​ដឹងថា រដ្ឋ​ចូ​ហូរ បាន​កត់ត្រា​ជនរងគ្រោះ​ដោយ​ទឹកជំនន់​ចំនួន​៣,៤៨២​នាក់ គិត​ត្រឹម​ម៉ោង​៦​ព្រឹក​ថ្ងៃ​ពុធ (​ម៉ោង​ក្នុង​តំបន់​)​។ សារព័ត៌មាន Bernama បាន​រាយការណ៍​ថា បើតាម​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​រដ្ឋ ឥឡូវនេះ​មាន​មជ្ឈមណ្ឌល​សង្គ្រោះ​ចំនួន​៣៥ កំពុងដំណើរការ​នៅក្នុង​រដ្ឋ​ចូ​ហូរ​។ ស្រុក​សេ​ហ្កា​ម៉ា​ត (Segamat) រង​ផលប៉ះពាល់​ខ្លាំងជាងគេ ដោយមាន​ប្រជាជន​ចំនួន​១,៣៩២​នាក់ រស់នៅក្នុង​មណ្ឌល​សង្គ្រោះ​ចំនួន​១៣​។​

​នាយកដ្ឋាន​ឧតុនិយម​ម៉ាឡេស៊ី (MetMalaysia) បាន​ព្យាករណ៍​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្តបន្ទាប់​នៅក្នុង​ទី​រដ្ឋ​ចូ​ហូរ រយៈពេល​ពេញ​មួយថ្ងៃ ព្រម​ជាមួយនិង​ការព្រមាន ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​ស្រុក​មួយចំនួន​នៃ​រដ្ឋ​នេះ​។​

​គ្រោះទឹកជំនន់​គឺជា​បាតុភូត​ប្រចាំឆ្នាំ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ដោយសារតែ​ខ្យល់មូសុង​ឦសាន​ដែល​នាំមក​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង ចាប់ពី​ខែវិច្ឆិកា ដល់​ខែមីនា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close