រុស្ស៉ីព្រមានថា រថក្រោះទំនើបរបស់អាមេរិក និងអាល្លឺម៉ង់នឹងត្រូវ «កម្ទេច» នៅអ៊ុយក្រែន
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៥ ខែមករា ឆ្នាំ២០២៣ បានផ្សាយថា រដ្ឋាភិបាលទីក្រុងបែរឡាំង នាថ្ងៃ២៥ខែមករា បានប្រកាសជាផ្លូវការហើយថា អាល្លឺម៉ង់នឹងផ្គត់ផ្គង់រថក្រោះ Leopard 2 របស់ខ្លួនឱ្យទៅអ៊ុយក្រែន ក្រោយរងសម្ពាធពីសម្ព័ន្ធមិត្តឱ្យធ្វើយ៉ាងដូច្នោះ។
សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលអាល្លឺម៉ង់ បាននិយាយថា គោលដៅចម្បងគឺឆ្ពោះទៅបង្កើតរថក្រោះ Leopard 2 ចំនួន២ក្រុមសម្រាប់អ៊ុយក្រែន ដោយនៅជំហានដំបូងទីក្រុងបែរឡាំង នឹងផ្តល់រថក្រោះនេះចំនួន១៤គ្រឿង ពីក្នុងឃ្លាំងរបស់យោធាខ្លួនផ្ទាល់។ រីឯការហ្វឹកហាត់ដល់កងទ័ពអ៊ុយក្រែន ស្តីពីការប្រើប្រាស់រថក្រោះ Leopard នឹងចាប់ផ្តើមក្នុងពេលឆាប់ៗ។ មិនតែប៉ុណ្ណោះ អាល្លឺម៉ង់ក៏នឹងផ្តល់ការអនុញ្ញាតដល់ បណ្តាប្រទេសជាដៃគូ ដែលមានបំណងចង់បញ្ជូនរថក្រោះ Leopard 2 របស់ពួកគេឱ្យអ៊ុយក្រែនផងដែរ។
នៅពេលនេះដែរ ឯកអគ្គរដ្ឋទូតរុស្ស៉ីប្រចាំនៅទីក្រុងវ៉ាស៉ីនតោន លោក Anatoly Antonov បានព្រមានថា រាល់រថក្រោះរបស់សហរដ្ឋអាមេរិកដែលបញ្ជូនទៅអ៊ុយក្រែន នឹងត្រូវកម្ទេចដោយកងកម្លាំងទីក្រុងមូស្គូ ក្រោយពីប្រព័ន្ធផ្សព្វផ្សាយរាយការណ៍ថាសេតវិមាន មានផែនការផ្គត់ផ្គង់រថក្រោះប្រយុទ្ធសម្រាប់ទីក្រុងកៀវ។
នៅពេលសួរអំពីផែនការបញ្ជូនរថក្រោះប្រយុទ្ធ M1 Abrams ទៅកាន់អ៊ុយក្រែន លោក អាន់តូនូវ បាននិយាយថា វិធានការនេះនឹងធ្វើឲ្យមានការកើនឡើង នូវការចូលរួមរបស់អាមេរិកនៅក្នុងជម្លោះ ហើយលើសពីអំណះអំណាងផ្តល់ ដែលថាត្រឹមផ្តល់ «អាវុធការពារខ្លួន»។ ឯកអគ្គរដ្ឋទូតរុស្ស៉ីរូបនេះ បានគូសបញ្ជាក់ថា «ប្រសិនបើការសម្រេចចិត្តផ្តល់រថក្រោះ M1 Abrams ត្រូវបានធ្វើឡើងមែននោះ រថក្រោះនោះនឹងត្រូវបំផ្លាញចោលដោយគ្មានការសង្ស័យឡើយ ដូចជាការបំផ្លាញអាវុធ របស់ប្រទេសជាសមាជិកអង្គការណាតូ ផ្សេងទៀតដែរ»។
លោក អាន់តូនូវ បានបន្ថែមថា «សកម្មភាពនេះនឹងក្លាយជាការបង្កហេតុដ៏អាក្រក់មួយទៀតប្រឆាំងនឹងរុស្ស៊ី។ ហើយនៅពេលនោះយើងនឹងដឹងថា នរណាជាអ្នកឈ្លានពានពិតប្រាកដនៅក្នុងជម្លោះបច្ចុប្បន្ន»។
គួរបញ្ជាក់ថា បើតាមមន្ទីរបញ្ចកោណ រថក្រោះប្រយុទ្ធ Abrams គឺមានតម្លៃថ្លៃហើយអាចចំណាយពេលច្រើនឆ្នាំឯណោះ ដើម្បីទៅដល់សមរភូមិ។ ពេលនេះក្រុមមន្ត្រីជឿថា ការឯកភាពលើការបញ្ជូនរថក្រោះប្រភេទនេះទៅអ៊ុយក្រែន គឺចាំបាច់ដើម្បីបញ្ចុះបញ្ចូលប្រទេសអាល្លឺម៉ង់អនុញ្ញាតឲ្យមានការដឹកជញ្ជូន Leopard 2 របស់ខ្លួន ទៅឲ្យអ៊ុយក្រែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។