ក្រោយ អាមេរិកនិងអាល្លឺម៉ង់បញ្ជូនរថក្រោះដ៏ទំនើបទៅឲ្យអ៊ុយក្រែន រុស្ស៊ីបញ្ចេញយន្តហោះទម្លាក់គ្រាប់
អ៊ុយក្រែនបានកាត់ផ្តាច់ថាមពលជាបន្ទាន់ទៅកាន់តំបន់ជាច្រើន ហើយបានចេញការព្រមានពីការវាយឆ្មក់តាមអាកាសទូទាំងទឹកដី មិនយូរប៉ុន្មានបន្ទាប់ពីខ្លួនបានរកឃើញក្រុមយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីមួយក្រុមហោះចេញ។
នៅថ្ងៃទី ២៦ ខែមករា ទីភ្នាក់ងារសារព័ត៌មាន PravdaUkraine បានផ្សាយថា ការព្រមានអំពីការវាយប្រហារតាមអាកាសមួយត្រូវបានដំណើរការនៅទូទាំងប្រទេសអ៊ុយក្រែន ចំពេលមានការព្រួយបារម្ភថា រុស្ស៊ីអាចបើកការវាយប្រហារដោយកាំជ្រួចមីស៊ីលទ្រង់ទ្រាយធំថ្មីទៅលើគោលដៅសំខាន់ៗ
អភិបាលក្រុង Mykolaiv ភាគខាងត្បូងអ៊ុយក្រែន លោក Oleksandr Sienkevych បាននិយាយថា យ៉ាងហោចណាស់ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-22M3 របស់រុស្សីចំនួន ៣គ្រឿង បានហោះចេញពីមូលដ្ឋាន។ លោក RiaNovosti បានបញ្ជាក់ថាមានការផ្ទុះនៅក្រុង Mykolaiv ប៉ុន្តែមូលហេតុនិងការខូចខាតមិនទាន់ដឹងនៅឡើយទេ។
យោងតាមអ្នកនាំពាក្យ លោកស្រី Natalia Humeniuk នៃបញ្ជាការប្រតិបត្តិការភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន ប្រទេសរុស្ស៊ីក៏រក្សាបាននាវាចម្បាំងបំពាក់កាំជ្រួចចំនួនបីគ្រឿងនៅក្នុងសមុទ្រខ្មៅ ដែលអាចបាញ់កាំជ្រួច Cruise 20 Kalibr ។ លោកស្រីបានបន្ថែមថា “យើងកំពុងសង្កេតមើលសកម្មភាពរបស់កងកម្លាំងអាកាសយុទ្ធសាស្ត្ររបស់សត្រូវពីទិសដៅនៃសមុទ្រ Caspi “។
លោក Andriy Yermak អគ្គសេនាធិការរបស់ប្រធានាធិបតីអ៊ុយក្រែន បានប្រកាសថា កងកម្លាំងការពារដែនអាកាសរបស់ប្រទេសនេះ ទើបតែបានអនុវត្ត “ការបាញ់ទម្លាក់មីស៊ីលរុស្ស៊ីជាលើកដំបូង” ។ ទន្ទឹមនឹងនេះ បុគ្គលិកថាមពលអ៊ុយក្រែនកំពុងរៀបចំការផ្តាច់ចរន្តអគ្គិសនីជាបន្ទាន់នៅក្នុងទីក្រុង Kiev, Odessa និង Dnipropetrovsk ដើម្បីកាត់បន្ថយហានិភ័យ។
ការវាយឆ្មក់ចុងក្រោយនេះកើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុប បានប្រកាសផ្តល់ជំនួយដល់ក្រុងគៀវជាមួយនឹងរថក្រោះប្រយុទ្ធ M1 Abrams និង Leopard 2 រាប់សិបគ្រឿង។ក្រុងម៉ូស្គូបាននិយាយម្តងហើយម្តងទៀតថាខ្លួននឹងមានប្រតិកម្មយ៉ាងម៉ឺងម៉ាត់ប្រសិនបើលោកខាងលិចឆ្លើយតបនឹងការបញ្ជូនរថក្រោះទៅអ៊ុយក្រែន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។