អាជ្ញាធរជាតិអប្សរា ពង្រឹងការងាររៀបចំទិសដៅទស្សនាសម្រាប់ភ្ញៀវទេសចរ នៅតាមប្រាសាទក្នុងឧទ្យានអង្គរ
ការរៀបចំសណ្តាប់ធ្នាប់ទេសចរណ៍នៅតាមប្រាសាទជាការងារអាទិភាពមួយ ដែលអាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ជាប្រចាំ ដើម្បីធានាដល់ការលើកតម្លៃបេតិកភណ្ឌ ការថែរក្សាសណ្តាប់ធ្នាប់ និងបញ្ចៀសរាល់ការកកស្ទះ និងហានិភ័យផ្សេងៗចំពោះប្រាង្គប្រាសាទ ក៏ដូចជាភ្ញៀវទេសចរចូលទស្សនាប្រាង្គប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ។
ក្រុមអ្នកបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ កំពុងយកចិត្តទុកដាក់ពង្រឹងការងាររៀបចំទិសដៅទស្សនានៅតាម ប្រាសាទនានា ដោយធ្វើការដាក់បង្ហាញស្លាកព័ត៌មានទូទៅ ស្លាកសញ្ញាបង្ហាញទិសសម្រាប់ដើរទស្សនា និងស្លាកសញ្ញាហាមឃាត់ និងស្លាកសញ្ញាពាក់ព័ន្ធដទៃទៀតនៅតាមបណ្តាទីតាំងសំខាន់ៗមួយចំនួនក្នុងបរិវេណប្រាសាទ។
ក្រៅពីនេះ ដោយសារប្រាង្គប្រាសាទបុរាណទាំងអស់សុទ្ធតែមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ មានកន្លែងខ្លះត្រូវបាក់ បែកខូច កន្លែងខ្លះសឹករអិល។ ពិសេសនៅតាមជណ្តើរឡើង-ចុះដែលមានសភាពចោតខ្លាំង ក្រុមការងារបានធ្វើកម្រាលក្តារ និងជណ្តើរឈើជំនួស ដើម្បីសម្រួលដល់ការធ្វើដំណើរចូលទស្សនារបស់ភ្ញៀវប្រកបដោយសុវត្ថិភាព។
អាជ្ញាធរជាតិអប្សរា សូមអំពាវនាវដល់ភ្ញៀវទេសចរជាតិ អន្តរជាតិទាំងអស់ ដែលចូលមកទស្សនាប្រាង្គប្រាសាទនានាក្នុងរមណីយដ្ឋានអង្គរ សូមមេត្តាគោរពនូវក្រមប្រត្តិបត្តអង្គរ និងស្លាកសញ្ញាផ្សេងៗនៅតាមប្រាសាទ ដើម្បីធានាបាននូវសុខសុវត្ថិភាព សេចក្តីថ្លៃថ្នូ ព្រមទាំងលើកតម្លៃបេតិកភណ្ឌអង្គរផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។