កម្ពុជា និង​ឥណ្ឌា សហការគ្នា​ទល់​ទ្រ​ខ្លោងទ្វារ​ខាងលិច នៃ​ប្រាសាទតាព្រហ្ម​

​ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា និង​ឥណ្ឌា​សហការគ្នា​ទល់​ទ្រ​ខ្លោងទ្វារ​ខាងលិច​របស់​ប្រាសាទតាព្រហ្ម ដែល​រហែក​ប្រេះ​ធ្នឹម​នៅ​ចំពាក់​កណ្តាល ដែល​អាច​នឹងមាន​ហានិភ័យ ដើម្បី​ថែរក្សា​ការពារ​ឱ្យមាន​សុវត្ថិភាព​ឡើងវិញ​។
​អស់​រយៈពេល​ជាង​ពីរ​សប្ដាហ៍​មកហើយ​ដែល​ខ្លោងទ្វារ​ខាងលិច​នៃ​ប្រាសាទតាព្រហ្ម បាន​បិទ​ចរាចរ​ជា​បណ្ដោះអាសន្ន ដើម្បី​ទល់​ទ្រ​ថ្ម​ធ្នឹម​ផ្នែក​ខាងកើត ក្នុងការ​ជួយសង្គ្រោះ​ខ្លោងទ្វារ​នេះ ព្រមទាំង​ការពារ​សុវត្ថិភាព​ចំពោះ​ភ្ញៀវទេសចរ​ផង​។​

​អ្នកអនុវត្ត​គម្រោង​សហប្រតិបត្តិការ​ឥណ្ឌា​-​កម្ពុជា​ដើម្បី​អភិរក្ស​និង​ជួសជុល​ប្រាសាទតាព្រហ្ម លោក Sing Sood មានប្រសាសន៍ថា តាម​អនុសាសន៍​អ្នកជំនាញ​អាយ​ស៊ី​ស៊ី​-​អង្គរ ប្រជុំ​ចុងក្រោយ​កាលពី​នៅ​ចុងឆ្នាំ​២០២២​កន្លងទៅ តម្រូវឱ្យ​មានការ​ទល់​ទ្រ ក្នុងនោះ​ក្រុមការងារ​ក៏បាន​ប្រើ​ដែក​អ៊ី​ណុ​ក​ចំនួន​បី​ដើម យកមក​ដាក់​ដើម្បីឱ្យ​ធ្នឹម​នេះ​មាន​លំនឹង​ឡើងវិញ​។ ជាមួយគ្នា​នោះដែរ ក៏មាន​ការ​រើ​ថ្ម​ដែល​ក្រៀក​ហែក​មួយចំនួន រួចហើយ​រៀប​ដាក់​ទៅ​កន្លែង​ដើម​ឡើងវិញ​។

​លោក Sing Sood បាន​បន្តថា​បច្ចុប្បន្ន ខ្លោងទ្វា​ខាងលិច​របស់​ប្រាសាទតាព្រហ្ម​នេះ​ដោយសារតែ​អាយុកាល​របស់​សំណង់ កំពុង​មានការ​រហែក​ប្រេះ​ធ្នឹម មានការ​ស្រុត​គ្រឹះ​តួ​ខ្លោងទ្វារ ហើយ​មុខព្រហ្ម​ទាំង​បួន​នៅ​កំពូល​ខាងលើ​ត្រូវបាន​ក្រៀក​ហែក​។ ករណីនេះ ក្រុម​អ្នកជំនាញ​បាន​ប្រើ​ខ្សែកាប​រឹតបន្ដឹង​ការពារ​ការ​រលុះ​ធ្លាក់​ថ្ម​ដោយ​យថាហេតុ​ណាមួយ​។ ក្រោយពី​ការងារ​នេះ​បានបញ្ចប់​រួចរាល់ ក្រុមការងារ​នឹង​ពិនិត្យ​តាមដាន​ស្ថានភាព​ខ្លោងទ្វារ​នេះ មុននឹង​សម្រេច​បើក​ឱ្យ​ដំណើរការ​ចរាចរ​ធម្មតា​ឡើងវិញ​។

​ក្នុងអំឡុងពេល​អនុវត្ត​ការងារ​ទល់​ទ្រនេះ ក្រុមការងារ​បានរៀបចំ​រន្ទារ​ធ្វើ​ជណ្តើរ​បណ្តោះអាសន្ន​សម្រាប់​ឆ្លងកាត់​កំពែង​ថ្មបាយក្រៀម ដើម្បីឱ្យ​ភ្ញៀវទេសចរ​បានចេញ​ចូល​បណ្ដោះអាសន្ន​ជំនួស​ខ្លោងទ្វារ​ដែល​កំពុង​បិទ​នោះ​មួយរយៈ​។ ក្រុម​អ្នកជំនាញ​ក៏បាន​សុំ​ការយោគយល់​អធ្យាស្រ័យ​ពី​សាធារណជន ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ទាំងអស់​ដែល​បានមក​ទស្សនា​ប្រាសាទតាព្រហ្ម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close