សារមន្ទីរ​ជាតិ​កម្ពុជា បង្ហាញ​លទ្ធផល​នៃ​ការតភ្ជាប់ ព្រះហស្ត​ទាំងពីរ ជា​របស់​ព្រះបាទ​ជ័យ​វ​ម៌្ម​ទី​៧

​បំណែក​រូប​ព្រះបាទ​ជ័យ​វ​ម៌្ម​ទី​៧ រកឃើញ​ដោយ​លោក Henri Marchal នា​ឆ្នាំ​១៩២៤ ហើយ​បាន​យកមក​រក្សាទុក​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ​នៅ​ឆ្នាំ​១៩៣១​។ ក្រោយមក​លោក Georges Groslier បាន​ដឹក​យកមក​រក្សាទុក​នៅ​សារមន្ទីរ​ជាតិ និង​ផ្គុំ​ឡើងវិញ​នៅ​ចុងឆ្នាំ​១៩៣៤​។ លុះដល់​ឆ្នាំ​១៩៩៨ ក្រុមការងារ​អភិរក្ស និង​ជួសជុល​នៃ​សារមន្ទីរ​ជាតិ​សង្កេតឃើញថា ការ​ផ្គុំ​ភ្ជាប់​ឡើងវិញ​នោះ​មិន​ត្រឹមត្រូវ​ទេ ទើប​សម្រេច​រុះរើ និង​អភិរក្ស​ជួសជុល​ឡើងវិញ​តាម​បទដ្ឋាន​បច្ចេកទេស រហូត​បញ្ចប់​ក្នុង​ឆ្នាំ​១៩៩៩​។​

​កំណត់សម្គាល់​៖ បំណែក​ព្រះហស្ត​ស្ថាំ​នៃ​រូប​ព្រះបាទ​ជ័យ​វ​ម៌្ម​ទី​៧ រកឃើញ​នៅក្នុង​ឆ្នាំ​១៩៩០ ដោយឡែក​បំណែក​កំណាត់​ដើមដៃ​ឆ្វេង​រកឃើញ​ក្នុង​ឆ្នាំ​១៩២៤ ប៉ុន្តែ​បំណែក​ទាំងពីរ​នេះ អ្នកស្រាវជ្រាវ​ខ្មែរ​លោក​បណ្ឌិត​មី​សែ​ល ត្រា​ណេ បានផ្តល់​សម្មតិកម្ម​ដំបូង​ថា​បំណែក​ទាំងពីរ​នេះ​ជា​បំណែក​ព្រះហស្ដ​របស់ ព្រះបាទ​ជ័យ​វ​ម៌្ម​ទី​៧ ប៉ុន្តែ​លោក​គ្មាន​ឱកាស​ក្នុង​ការយកមក​សាកល្បង​ត​ភ្ជាប់​ជា​មួយរូប​ព្រះអង្គ​នៅ​សារមន្ទីរ​ជាតិ​ឡើយ​។​

​សម្មតិ​កម្មនេះ បានបញ្ជាក់​ច្បា​ស់នា​ឆ្នាំ​២០១៩ ពី​ក្រុម​ស្រាវជ្រាវ​បារាំង​បាន​ប្រើប្រាស់​បច្ចេកវិទ្យា 3D ស្កេ​ន​សាកល្បង​ត​ភ្ជាប់​។ ការតភ្ជាប់​ដោយ​បច្ចេកវិទ្យា​នេះ បង្ហាញថា​បំណែ​កដៃ​ទាំងពីរ​ពិតជា​របស់​ព្រះបាទ​ជ័យ​វ​ម៌្ម​ទី​៧​ពិតប្រាកដ​មែន ព្រោះ​ស្នាម​តំណ​ដែល​បែកបាក់​នោះ​ត្រួតស៊ីគ្នា​ល្អ​ស្ទើរ​១០០%​។​

​បន្ទាប់ពី​មានការ​ផ្សព្វផ្សាយ​លទ្ធផល​នៃ​ការសាកល្បង​ត​ភ្ជាប់​ដោយ​បច្ចេកវិទ្យា 3D រួចមក ថ្នាក់ដឹកនាំ​សារមន្ទីរ​ជាតិ បានសម្រេច​ស្នើសុំ​យក​បំណែក​ព្រះហស្ដ​ទាំងពីរ​នេះ​មក​រក្សាទុក​នៅ​សារមន្ទីរ​ក្នុង​ឆ្នាំ​២០២១ ដើម្បី​សាកល្បង​ត​ភ្ជាប់​ជាមួយនឹង​រូប​របស់​ព្រះអង្គ​ផ្ទាល់​។​

​លុះដល់​ខែមករា ឆ្នាំ​២០២៣ ក្រុមការងារ​រោង​ជាង​និង​អភិរក្ស​ថ្ម និង​សាលា​បារាំង​ចុង​បូព៌ា (EFEO) បាន​សាកល្បង​យក​ព្រះហស្ដ​ទាំងពីរ​នេះ​មក​ត​ភ្ជាប់ ដើម្បី​បញ្ជាក់​ពី​សម្មតិកម្ម​នាពេល​កន្លងមក និង​ធ្វើការ​អង្កេត​វាយតម្លៃ ពិភាក្សា​ដើម្បី​រក​បច្ចេកទេស​ក្នុង​ការតភ្ជាប់​ព្រះហស្ដ​ទាំងពីរ​នាពេល​អនាគត​។​

​គោលបំណង​នៃ​ការអភិរក្ស និង​ជួសជុល​នេះ ប្រយោជន៍​លើកតម្កើង​កិត្យានុភាព និង​រំ​ឮ​ក​គុ​ណូ​ប​ការ​ពុំ​អាច​កាត់ថ្លៃ​បាន​របស់​ព្រះមហាវីរក្សត្រ​នា​សម័យអង្គរ ដែល​បាន​បូជា​កម្លាំងកាយ​ចិត្ត​សម្រាប់​ការពារ​កម្ពុជទេស​នៃ​យើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close