គ្រោះថ្នាក់ចរាចរណ៍មួយរវាងឡាន អភិបាលរងខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យនៅស្រុករលាប្អៀរស្លាប់ម្នាក់
ខេត្តកំពង់ឆ្នាំង ៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់នៅហ្នឹងកន្លែងកើតហេតុ និង០២នាក់ទៀតរងរបួសធ្ងន់ក្នុងនោះ ជនរងគ្រោះ(របួសធ្ងន់)ត្រូវបានគេស្គាល់ថាជាចៅហ្វាយរង ខេត្ត បន្ទាយមានជ័យនិង(បានស្លាប់)ជាអភិបាលរងខេត្តប៉ៃលិន ។ ករណីគ្រោះថ្នាក់ខាងលើបានកើតឡើងនៅរសៀលម៉ោងជាង០២ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅចំនុចភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង តាមបណ្តយផ្លូវជាតិលេខ៥ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាជនរងគ្រោះទី១-ប៉ុក ណាឌី អាយុ៤៩ឆ្នាំ ភេទស្រី ជាអភិបាលរងខេត្តបន្ទាយមានជ័យ(របួសធ្ងន់), ទី២-សោម មុន្នីរ័ត្ន អាយុ៥៦ឆ្នាំ ភេទស្រី អភិបាលរង ខេត្តប៉ៃលិន (ស្លាប់នៅកន្លែងកើតហេតុ) និងទី៣-ឈ្មោះ គីន ណាំចូក ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកបើកបររថយន្ត ម៉ាកលុចស៊ីស ជីអេស ៣០០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2T-8971 ទិសដៅពីខេត្តបន្ទាយមានជ័យមកភ្នំពេញ។
យោងតាមរបាយការណ៍បានបន្តថា មុនពេលកើតហេតុគេឃើញរថយន្តខាងលើបានបើកបរទិសដៅពីខេត្តទៅរាជធានីភ្នំពេញ ពេលមកដល់កន្លែងកើតហេតុរថយន្តខាងលើបានរេចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាក សាំយុង និងបន្តទៅបុករថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងទៀត។
បច្ចុប្បន្នជនរងគ្រោះត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ចំណែកសាកសពយកមកតម្កល់នៅមន្ទីរពេទ្យបង្អែកខេត្ត។ មធ្យោបាយពាក់ព័ន្ធរងការខូចខាតយ៉ាងតំណំ ហើយសមត្ថកិច្ចជំនាញបានវាស់វែងហើយយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធី ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។