សប្ដាហ៍​ចុងខែ​មករា​! កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ ៦០​ម៉ឺន​នាក់​

​ភ្នំពេញ​៖ ចាប់ពី​ថ្ងៃទី​២៣-២៩ ខែមករា ឆ្នាំ​២០២៣ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​សរុប​៦០៦,១៧៥​នាក់ និង​ភ្ញៀវ​បរទេស​៤៩,៥៩២​នាក់​។

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្ត​ព្រះសីហនុ ១៨៤,៩២៩​នាក់​
* ខេត្តកំពត ៦៥,៧៨៧​នាក់​
* ខេត្តបាត់ដំបង ៦១,៧៣៧​នាក់​
* ខេត្តសៀមរាប ៤៧,៦៧៦​នាក់​
* ខេត្តកំពង់ចាម ៤២,០៤០​នាក់​
* រាជធានី​ភ្នំពេញ ៣៩,០៧២​នាក់​
* ខេត្ត​ប៉ៃលិន ៣៣,០៦៥​នាក់​
* ខេត្ត​កែប ៣២,៧៤៦​នាក់​។​

ចំនួន​ភ្ញៀវទេសចរ​ប្រមាណ​៦០​ម៉ឺន​នាក់​ក្នុង​សប្តាហ៍​កន្លងមកនេះ គឺ​បានមកពី​ចរន្ត​ភ្ញៀវទេសចរ​ដែល​បាន​ដើរ​កម្សាន្ត​នា​រយៈពេល​២​ថ្ងៃ​ចុងក្រោយ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន (​ថ្ងៃ​ចន្ទ និង​អង្គារ​) ខណៈដែល​សម្រាប់​រយៈពេល​៤​ថ្ងៃ​នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​នេះ យើង​ទទួលភ្ញៀវ​ស​រុ​ប្រមាណ​១​លាន​នាក់​។​

​ជាមួយ​ការបន្ត​កើនឡើង​នៃ​ចរន្ត​ភ្ញៀវទេសចរ​ក្នុងស្រុក​នា​ដើមឆ្នាំ​២០២៣​នេះ ចរន្ត​ភ្ញៀវទេសចរ​អន្តរជាតិ​ក៏​បាននិងកំពុង​បង្ហាញ​សញ្ញា​វិជ្ជមាន​ជាមួយ​ការមកដល់​ជា​បន្តបន្ទាប់​នៃ​ភ្ញៀវទេសចរ​អន្តរជាតិ​។ ជាក់ស្តែង បន្ទាប់ពី​រដ្ឋាភិបាល​ចិន​អនុញ្ញាតឱ្យ​ប្រជាជន​ចេញ​ក្រៅប្រទេស​ឡើងវិញ អាកាសយានដ្ឋាន​អន្តរជាតិ​កងកេង ខេត្ត​ព្រះសីហនុ បានទទួល​ជើងហោះហើរ​លើកដំបូង​មកពី​ប្រទេស​ចិន នា​ព្រឹក​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣ ជាមួយ​វត្តមាន​ភ្ញៀវទេសចរ​ចំនួន​១០៤​នាក់ និង​ក្រុម​អ្នកបម្រើ​ការ​លើ​យន្តហោះ​៦​នាក់​ទៀត សរុប​១២០​នាក់​។​

​រីឯ​នៅ​ខេត្តសៀមរាប ចាប់ពី​ថ្ងៃទី​១៦ និង​១៧ កុម្ភៈ នឹងមាន​ជើងហោះហើរ​ពី​ទីក្រុង​គួ​ន​មីង និង​ពី​សៀង​ហៃ ប្រ​ត្តិ​ប​ត្តិ​ការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ China Eastern​។ ចាប់ពី​ចុងខែ​មីនា​ទៅ​ទើប​មានកម្ម​វិធី​ហោះហើរ​ទៀងទាត់​។ យើង​នឹង​រៀបចំ​ពី​ធី​ស្វាគមន៍​ដ៏​សមរម្យ​មួយ​ដូច​នៅ​ក្រុងព្រះសីហនុ​ផងដែរ​។​

​នៅ​សៀមរាប​បច្ចុប្បន្ន មាន​ជើងហោះហើរ​ចន្លោះ​ពី​១៦-១៩​ជើង​ក្នុង​១​ថ្ងៃ ដែល​ភ្ញៀវ​ចន្លោះ​១៨០០-១៩០០​នាក់​។ រីឯ​ភ្ញៀវ​ទិញ​សំបុត្រ​ចូល​អង្គរ​យ៉ាងតិច​២០០០​នាក់​ក្នុង​មួយថ្ងៃ​ផងដែរ​។ ភ្ញៀវ​ប្រចាំថ្ងៃ ប​ច្ច​ប្បន្ន​នៅ​សៀមរាប​ច្រើនជាងគេ គឺ​ភ្ញៀវ​កូរ៉េ​ដែល​មក​តាម​ជើងហោះហើរ​ប្រចាំថ្ងៃ​របស់ Sky Angkor Airline៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close