រដ្ឋធានី Abu Dhabi នៃប្រទេសអារ៉ាប់រួម ជាទីក្រុងមានសុវត្ថិភាពបំផុតលើពិភពលោក
នៅទូទាំងពិភពលោក រដ្ឋធានី Abu Dhabi នៃប្រទេសអារ៉ាប់រួម (UAE) ត្រូវបានផ្តល់កិត្តិយសជាទីក្រុងដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោក ដោយទទួលបាន 88.8 ពិន្ទុ។ តាមពីក្រោយដោយរដ្ឋធានី Doha របស់ប្រទេសកាតា (85.5 ពិន្ទុ) និងទីក្រុងតៃប៉ិ (ប្រទេសចិន) ដែលមាន 84.9 ពិន្ទុ។
គេហទំព័រ Numbeo បានដាក់ចំណាត់ថ្នាក់ទីក្រុង ដែលមានសុវត្ថិភាពបំផុត នៅតំបន់អាស៊ាន ក្នុងនោះ ទីក្រុងឈៀងម៉ៃក្នុងប្រទេសថៃគឺជាទីក្រុងដែលមានសុវត្ថិភាពបំផុត។
តាមគេហទំព័រ Numbeo គឺជាគេហទំព័រដែលមានឯកទេសក្នុងការវាយតម្លៃគុណភាពនៃជីវិតនៅក្នុងទីក្រុងនានាជុំវិញពិភពលោក រួមទាំងចំណាត់ថ្នាក់នៃ “ទីក្រុងដែលមានសុវត្ថិភាព” ផងដែរ។ គេហទំព័រនេះអះអាងថាជាមូលដ្ឋានទិន្នន័យដ៏ធំបំផុតរបស់ពិភពលោក ដែលផ្តល់សន្ទស្សន៍លើលំនៅដ្ឋាន អត្រាឧក្រិដ្ឋកម្ម ការថែទាំសុខភាព ការដឹកជញ្ជូន និងតម្លៃនៃការរស់នៅរាប់រយទីក្រុង។
កាលពីថ្ងៃទី ២៩ ខែមករា កាសែត Bangkok Post របស់ប្រទេសថៃបានដកស្រង់ពីចំណាត់ថ្នាក់សុវត្ថិភាពទីក្រុងក្នុងឆ្នាំ 2023 ដោយនិយាយថា ទីក្រុងឈៀងម៉ៃគឺជាកន្លែងដែលមានសុវត្ថិភាពបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
ទំព័រនេះកំណត់ “សុវត្ថិភាព” ថា “អាចដើរដោយសុវត្ថិភាពតែម្នាក់ឯងក្នុងពេលថ្ងៃ និងពេលយប់”។ ជាមួយនឹងលក្ខណៈវិនិច្ឆ័យបែបនេះ ឈៀងម៉ៃ ទទួលបាន 75.5 ពិន្ទុ ដែលជាចំណាត់ថ្នាក់លេខ ១ នៅអាស៊ីអាគ្នេយ៍។ តាមពីក្រោយដោយទីក្រុង Davao នៃប្រទេសហ្វីលីពីន (៧២.៤ពិន្ទុ) និងសិង្ហបុរី (៧០.៨ពិន្ទុ)។
រាជធានីបាងកករបស់ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី 170 សម្រាប់ទីក្រុងទាំងឡាយនៅលើពិភពលោក និងទី ៧ នៅអាស៊ីអាគ្នេយ៍ដែលមាន 59.5 ពិន្ទុ។ លទ្ធផលនេះធ្វើឲ្យមន្ត្រីថៃសប្បាយចិត្តយ៉ាងខ្លាំង នេះបើតាមកាសែត Bangkok Post។
អ្នកនាំពាក្យរដ្ឋាភិបាលលោក Anucha Burapachaisri បាននិយាយថា ចំណាត់ថ្នាក់នេះឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ប្រទេសថៃក្នុងការដោះស្រាយឧក្រិដ្ឋកម្ម ការកែលម្អជីវភាពរស់នៅរបស់ប្រជាជន និងការពង្រឹងទំនុកចិត្តរបស់ជនបរទេស។
ក្នុងចំណាត់ថ្នាក់នេះផងដែរ ទីក្រុងហាណូយរបស់វៀតណាមទទួលបាន ៦២ ពិន្ទុ ជាប់ចំណាត់ថ្នាក់ទី ១៤៥ លើពិភពលោក និងលេខ ៥ នៅអាស៊ីអាគ្នេយ៍ ខណៈទីក្រុងហូជីមិញ ជាប់ចំណាត់ថ្នាក់ទី ១៤ ក្នុងតំបន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។