លោកជំទាវ ឱ វណ្ណឌីន ចុះជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ពន្យល់ និងអប់រំប្រជាជន នៅខេត្តក្រចេះ
ក្រចេះ៖ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក ១៩) បានចុះពិនិត្យ គាំទ្រ ពន្យល់ អប់រំសុខភាព និងជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ នៅខេត្តក្រចេះ។
នៅតាមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ក៏ដូចជាមូលដ្ឋានសុខាភិបាលសាធារណៈចំនួន បួនកន្លែងមាន វិទ្យាល័យ សិលាវេទីគាត ឈន់, ផ្សារសាមគ្គី ក្រុងក្រចេះ, វិទ្យាល័យព្រះមហាក្សត្រីយ៉ានីកុសុមៈ និងមណ្ឌលសុខភាព បុសលាវ មានប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រះសង្ឃ ជនវ័យចាស់ រួមទាំងអ្នកមានជំងឺប្រចាំកាយជាច្រើនរយនាក់ បានមកទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ហើយក្រុមការងារ គ.វ.ក-១៩ ដែលចុះបេសកម្មនេះ ក៏បានជួយដោះស្រាយបញ្ហាសុខភាព និងបណ្ណចាក់វ៉ាក់សាំង ដែលប្រជាជនភ័ន្តច្រឡំមិនហ៊ានទទួលយកវ៉ាក់សាំងកូវីដ-១៩ ភ្លាមៗផងដែរ។
មានប្រសាសន៍នៅឯ វិទ្យាល័យសិលាវេទីគាត ឈន់ លោកជំទាវរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ចំពោះសិស្សានុសិស្ស បងប្អូន ប្រជាពលរដ្ឋ កម្មករកម្មការិនីទាំងអស់ សូមកុំពន្យារពេលចាក់វ៉ាក់សាំងដូសជំរុញលើសពីររយៈពេលដែលក្រសួងសុខាភិបាលបានកំណត់ ពោលគឺរយៈពេលពីដូសជំរុញមួយ ទៅដូសជំរុញមួយទៀត គឺពី ៤-៦ខែ និងពី ៣ខែឡើងទៅ សម្រាប់អ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ហើយត្រូវចងចាំថ្ងៃខែឆ្នាំដែលបុគ្គលបានចាក់ដូសចុងក្រោយ សម្រាប់ការចាក់ដូសបន្តបន្ទាប់ទៀតនៅពេលដល់វេនចាក់ដោយមិនហួសពេលយូរពេកដែលធ្វើឱ្យកងការពារក្នុងសរីរាង្គកាយបុគ្គលនឹងធ្លាក់ចុះខ្សោយ ឫចុះអស់តែម្តង។
ក្នុងឱកាសនេះដែរ លោកជំទាវបានណែនាំទៅដល់គណនាយកសាលា ឱ្យបន្តយកចិត្តទុកដាក់ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់សិក្សានុសិស្ស និងអ្នកគ្រូ-លោកគ្រូ ព្មទាំងបុគ្គលិកសាលារបស់ខ្លួន ពោលគឺរៀបចំកាលវិភាគ ដើម្បីឲ្យក្រុមគ្រូពេទ្យមកផ្ដល់សេវាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅសាលាផ្ទាល់តែម្ដង ទៅតាមវេន និងបន្តការអនុវត្តវិធានការ អប់រំ ការពារ បង្ការ និងទប់ស្កាត់ការរីករាលដាល ឫផ្ទុះឡើងសារជាថ្មីនៃជំងឺឆ្លងដ៏កាចសាហាវនេះជាបន្តទៀត។
លើសពីនេះលោកជំទាវប្រធាន គ.វ.ក-១៩ក៏បានគូសបញ្ជាក់បន្ថែមទៀតថា យើងទាំងអស់គ្នាមិនត្រូវភ្លេចពេលវេលាចាក់វ៉ាក់សាំងកូវីត-១៩ ដូសចុងក្រោយនោះទេ ពីព្រោះវាងាយស្រួលដើម្បីទៅទទួលវ៉ាក់សាំងកូវីដ-១៩ ដូសបន្តបន្ទាប់ត្រូវទៅតាមពេលវេលាកំណត់ដែលជួយរក្សាបាននូវភាពស៊ាំរឹងមាំរបស់បុគ្គល និងសហគមន៍យើង ដើម្បីនិរន្តរ៍ភាពនៃការស់នៅធម្មតាក្នុងគន្លងប្រក្រតីភាពថ្មីជាមួយនឹងរួមចំណែកជំរុញសេដ្ឋកិច្ចគ្រួសារ-សង្គមកើនឡើងជាបន្តបន្ទាប់ផងដែរ។
បន្ទាប់ពីបានជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ លក់ដូរ នៅផ្សារសាមគ្គីក្រុងក្រចេះរួចមក លោកជំទាវរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋទូទាំងប្រទេស សូមអញ្ជេីញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបានគ្រប់គ្នាទាំងដូសមូលដ្ឋាន និងដូសជំរុញព្រមទាំងបន្តអនុវត្តន៍វិធានការការពារ “៣ការពារ និង៣កុំ” ដេីម្បីសុខភាពផ្ទាល់ខ្លួន គ្រួសារ និងសហគមន៍។ ការចាក់វ៉ាក់សាំងកូវីដ-១៩ មិនត្រឹមតែជួយទប់ទល់ដល់ការផ្ទុះឡើងវិញនូវការរាតត្បាតនៃវីរុសនេះនោះទេ តែវាថែមទាំងបានកាត់បន្ថយការឈឺធ្ងន់ ការឈឺសម្រាកពេទ្យ និងការស្លាប់ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ បានជាអតិបរិមាផងដែរ។
សូមបញ្ជាក់ថា បច្ចុប្បន្នទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ មាននៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ ទូទាំង ២៥ រាជធានី-ខេត្ត និងនៅតាមមន្ទីរពេទ្យជាតិ ដែលផ្តល់ភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋអាចទៅទទួលវ៉ាក់សាំងបាននៅគ្រប់ទីកន្លែងនៅក្នុងប្រទេស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។