មនុស្សស្លាប់ ២នាក់ និងរបួស៣នាក់ ករណីឆេះក្លឹបកម្សាន្ដ នៅខេត្តព្រះសីហនុ
ខេត្តព្រះសីហនុ៖ ក្លឹបកម្សាន្ដយីហោ JULIE & ANNA (ទីតាំងតំបន់ក្រោយឧត្តុនិយម) ស្ថិតនៅក្រុម២៧ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ត្រូវបានអគ្គិភ័យឆាបឆេះនៅយប់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ បណ្ដាលឲ្យមនុស្ស២នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួស។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣នេះថា បន្ទាប់ពីទទួលបានព័ត៌មានករណីអគ្គិភ័យឆេះក្លឹបកម្សាន្ដនេះ លោកបានបញ្ជាកម្លាំងជំនាញចេញអន្ដរាគមន៍ជួយសង្គ្រោះភ្លាមៗ ហើយពន្លត់ទាន់ពេលវេលាមិនឲ្យឆេះរាលអាជីវកម្ម និងផ្ទះប្រជាពលរដ្ឋនៅក្បែរនោះឡើយ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្នុងប្រតិបត្តិការសង្គ្រោះកម្លាំងជំនាញ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំនួន២គ្រឿង អស់ទឹកចំនួន២ឡាន។ តាមការរៀបរាប់របស់អ្នកនៅក្នុងហេតុការណ៍ថា ភ្លើងបានឆេះដោយសារជាងតម្លើងផ្សាដែកដងវាំងនន បណ្តាលឲ្យធ្លាក់កម្ទេចភ្លើង លើអេប៉ុងបិទជញ្ជាំងបង្កឲ្យឆាបឆេះភ្លើងតែម្តង។
ស្នងការនគរបាលខេត្តព្រះសីហនុ បានបន្ដទៀតថា ករណីនេះបណ្តាលឲ្យគ្រោះថ្នាក់មនុស្ស ចំនួន៥នាក់ ស្រី៣នាក់ (ស្លាប់២នាក់ ស្រី១នាក់) ក្នុងនោះរួមមាន៖ ទី១៖ ឈ្មោះ ហន ស្រីវេត ភេទស្រី អាយុ១៨ឆ្នាំ (ស្លាប់នៅឃ្លីនិចឯកជន888) មុខងារបុគ្គលិកបម្រើភេសជ្ជៈ, ទី២៖ ឈ្មោះ ភន មករា អាយុ២៣ឆ្នាំ (ស្លាប់នៅពេលបញ្ជូនមន្ទីរពេទ្យបង្អែក) មុខងារជាងតម្លើងវាំងនង, ទី៣៖ ឈ្មោះ ណន រតនៈ អាយុ២០ឆ្នាំ មុខរបរជាងតម្លើងវាំងនន កំពុងសង្គ្រោះនៅមន្ទីពេទ្យចំការចេក, ទី៤៖ ឈ្មោះ ប្រាក់ សារ៉ូ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរមេការ រងរបួសស្រាល, ទី៥៖ ឈ្មោះ វង្ស សារុំ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមេការ រងរបួសស្រាល។
បច្ចុប្បន្នអ្នករងរបួសម្នាក់ កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត និងស្ត្រី២នាក់ រងរបួសស្រាលបានចេញទៅសម្រាកនៅផ្ទះវិញ។ ក្រោយហេតុការណ៍ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងអធិការដ្ឋានក្រុងព្រះសីហនុ បាននាំមនុស្សចំនួន៥នាក់ មកសាកសួរនៅអធិការដ្ឋានជុំវិញហេតុការណ៍អគ្គីភ័យខាងលើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។