ប្រពន្ធលោក លី ហាំងសេង ម្ចាស់គម្រោងផ្ទះល្វែងល្បីឈ្មោះនៅក្រុងសៀមរាបត្រូវសមត្ថកិច្ចចាប់ខ្លួន ក្រោយមិនព្រមប្រគល់ផ្ទះឱ្យអតិថិជន ហើយយកប្លង់ផ្ទះទៅបញ្ចាំធនាគារទៀត
លោកស្រី អៀង ប៊ួយគង់ ដែលគេស្គាល់ថា ជាប្រពន្ធរបស់លោក លី ហាំងសេង ម្ចាស់គម្រោងផ្ទះល្វែងស្ថិតក្នុងសង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣ តាមដីការបស់សាលាដំបូងខេត្តសៀមរាប ពាក់ព័ន្ធនឹងបទរំលោភលើទំនុកចិត្ត។
លោកស្រី អៀង ប៊ួយគង់ ត្រូវចាប់បញ្ជូនមកកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីធ្វើការសាកសួរ ក្រោយពីបានគេចវេសមិនព្រមចូលខ្លួនតាមដីកាបង្គាប់លើកទី១ របស់សាលាដំបូងខេត្តសៀមរាប ក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ៩៦២ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។
បើយោងតាមដីការបស់សាលាដំបូងខេត្តសៀមរាប ករណីបណ្តឹងនេះ គឺកើតឡើងកាលពីកំឡុងខែធ្នុ ឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ក្រោយពីឈ្មោះ លី ហាំងសេង និងប្រពន្ធឈ្មោះ អៀង ប៊យយគង់ បានធ្វើការផ្សព្វផ្សាយលក់គម្រោងផ្ទះរាប់សិបល្វែង មានទីតាំងស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។ ដោយមានទំនុកចិត្ត ពលរដ្ឋចំនួន៦គ្រួសារ បានទិញដោយធ្វើកិច្ចសន្យាទិញលក់ និងកក់ប្រាក់ និងបង់ប្រាក់ជាបន្តបន្ទាប់ទៅឱ្យក្រុមហ៊ុនផ្ទះល្វែងជាប្រាក់សុទ្ធ និងវេរតាមគណនីធនាគារ ABA ដោយមិនមានការបង់យឺតយ៉ាវឡើយ។
ក្រុមហ៊ុនផ្ទះល្វែងបានចាប់ផ្តើមធ្វើការសាងសង់ និងមានសន្ទុះលឿនតាមពេលវេលាកំណត់នៅក្នុងកិច្ចសន្យា ហើយក្រោយមកក្រុមហ៊ុនផ្ទះល្វែងបានបំពេញបែបបទចុះបញ្ជី និងបំបែកក្បាលដី ដើម្បីផ្ទេរសិទ្ធិមកឱ្យពលរដ្ឋទាំង៦គ្រួសារតាមទំហំដី និងផ្ទះដូចមានកំណត់នៅក្នុងកិច្ចសន្យាទិញលក់ ហើយក្រុមហ៊ុនថែមទាំងមានវិញ្ញាបនបត្រល្វែងនីមួយៗ ដែលបានបំបែករួចមកបង្ហាញឱ្យពលរដ្ឋទាំង៦គ្រួសារមើលផងដែរ។
ក្រោយមកបានដំណឹងថា ឈ្មោះ លី ហាំងសេង និងប្រពន្ធ អៀង ប៊ួយគង់ បានយកដីដែលបំបែករួចមាននៅក្នុងវិញ្ញាបនបត្រដីល្វែងតូចៗនីមួយៗទៅដាក់បញ្ចាំហ៊ីប៉ូតែកឱ្យធនាគារ អ អេច ប៊ី (ខេមបូឌា) សាខាខេត្តសៀមរាបទៅវិញ ។ រហូតមានការប្តឹងផ្តល់គ្នារវាងធនាគារ អ អេច ប៊ី ជាមួយនឹងក្រុមហ៊ុនផ្ទះល្វែង ក្នុងចេតនាឈានដល់ការរឹបអូសយកដីផ្ទះទាំង៧ល្វែងរបស់ពលរដ្ឋទាំង៦គ្រួសារទៀតផង ជាក់ស្តែងសាលក្រមរដ្ឋប្បវេណីដែលចេញដោយសាលាដំបូងខេត្តសៀមរាប អាចឱ្យភាគីក្រុមហ៊ុនផ្ទះល្វែងអាចប្តឹងទាស់ ឬប្តឹងឧទ្ធរណ៍ទៅតុលាការជាន់ខ្ពស់បាន ប៉ុន្តែខាងក្រុមហ៊ុនផ្ទះល្វែង បែរជាមិនព្រមធ្វើការប្តឹងទាស់ ឬប្តឹងឧទ្ធរណ៍ ទុកឱ្យសាលក្រមចូលជាស្ថាពរ ហើយមិនព្រមដោះស្រាយជាមួយពលរដ្ឋដែលបានទិញផ្ទះល្វែងនោះឡើយ ដែលវាបញ្ជាក់ថា ភាគីក្រុមហ៊ុនផ្ទះល្វែងមានពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត។
បើតាមដីការបស់សាលាដំបូងខេត្តសៀមរាបដដែលថា ក្រោយពីទទួលពាក្យបណ្តឹងពីជនរងគ្រោះ អយ្យការអមសាលាដំបូងខេត្តសៀមរាប បានកោះហៅជនសង្ស័យឈ្មោះ អៀង ប៊ួយគង់ ចំនួនពីរលើករួចមកហើយ តែជនសង្ស័យមានចេតនាគេចវេសមិនបានចូលឆ្លើយបំភ្លឺនៅអយ្យការអមសាលាដំបុងខេត្តសៀមរាប តាមកាលបរិច្ឆេទកំណត់នោះទេ ទើបមានការបញ្ជារឱ្យកងរាជអាវុធខេត្តសៀមរាប ដែលជាមន្រ្តីនគរបាលយុត្តិធម៌អនុវត្តការចាប់ខ្លួននេះ។
យ៉ាងណាក៏ដោយមកទល់នឹងរសៀលថ្ងៃទី២ កុម្ភៈ នេះ ការសាកសួរលោកស្រី អៀង ប៊ួយគង់ នៅមិនទាន់បញ្ចប់នៅឡើយ ខណៈជនរងគ្រោះទាំង៦គ្រួសារ កំពុងឈររង់ចាំនៅខាងមុខសាលាដំបូងខេត្តសៀមរាប ដោយទាមទារឱ្យតុលាការជួយរកយុត្តិធម៌ និងទាមទារយកដី និងផ្ទះ ដែលទិញពីឈ្មោះ លី ហាំងសេង និងប្រពន្ធឈ្មោះ អៀង ប៊ួយគង់ ត្រឡប់មកវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។