តុលាការខេត្តសៀមរាបសម្រេចឃុំខ្លួនប្រពន្ធថៅកែផ្ទះល្វែង លី ហាំងសេង ពីបទរំលោភទំនុកចិត្ត

ក្រោយ​សមត្ថកិច្ច​ឃាត់ខ្លួនយក​មក​កាន់សាលាដំបូង​ខេត្ត​សៀមរាប ដើម្បី​ឱ្យ​តំណាង​អយ្យការ​ធ្វើការ​សាកសួរ​អស់​រយៈពេល​ពេញ​មួយ​ថ្ងៃទី២ កុម្ភៈ នេះ ទីបំផុត​ទៅ លោកស្រី អៀង ប៊ួយគង់ ដែលជា​ប្រពន្ធរបស់លោក លី ហាំងសេង ថៅកែផ្ទះល្វែង​នៅក្រុងសៀមរាប ត្រូវ​តុលាការ​សម្រេច​ធ្វើការ​ឃុំ​ខ្លួនជា​បណ្តោះអាសន្ន។

បើយោង​តាម​ដីកា​របស់សាលាដំបូង​ខេត្តសៀមរាប ករណីបណ្តឹងនេះ គឺ​កើត​ឡើង​កាលពី​កំឡុង​ខែធ្នុ ឆ្នាំ​២០១៩ ដល់ឆ្នាំ​២០២០ ក្រោយ​ពីឈ្មោះ លី ហាំងសេង និង​ប្រពន្ធឈ្មោះ អៀង ប៊យយគង់ បានធ្វើការផ្សព្វផ្សាយ​លក់គម្រោងផ្ទះ​រាប់សិបល្វែង មានទីតាំងស្ថិត​នៅ​ភូមិ​ជន្លង់ សង្កាត់សាលា​កំរើក ក្រុងសៀមរាប ។ ដោយ​មាន​ទំនុកចិត្ត ពលរដ្ឋ​ចំនួន៦គ្រួសារ បានទិញ​ដោយធ្វើកិច្ចសន្យាទិញលក់ និង​កក់ប្រាក់ និង​បង់ប្រាក់​ជាបន្ត​បន្ទាប់​ទៅ​ឱ្យ​ក្រុមហ៊ុន​ផ្ទះ​ល្វែង​ជាប្រាក់សុទ្ធ និង​វេរតាម​គណនីធនាគារ ABA ដោយ​មិន​មាន​ការបង់យឺត​យ៉ាវឡើយ។

ក្រុមហ៊ុនផ្ទះ​ល្វែង​បាន​ចាប់ផ្តើម​ធ្វើ​ការ​សាងសង់ និង​មានសន្ទុះ​លឿន​តាម​ពេល​វេលា​កំណត់​នៅ​ក្នុង​កិច្ច​សន្យា ហើយ​ក្រោយ​មក​ក្រុមហ៊ុន​ផ្ទះល្វែង​បាន​បំពេញបែបបទ​ចុះបញ្ជី និង​បំបែក​ក្បាលដី ដើម្បីផ្ទេរ​សិទ្ធិ​មក​ឱ្យ​ពលរដ្ឋ​ទាំង​៦គ្រួសារ​តាម​ទំហំដី និង​ផ្ទះ​​ដូចមានកំណត់​នៅ​ក្នុង​កិច្ច​សន្យាទិញលក់ ហើយ​ក្រុមហ៊ុនថែមទាំង​មានវិញ្ញាបនបត្រ​ល្វែង​នីមួយៗ ដែលបាន​បំបែក​រួច​មក​បង្ហាញ​ឱ្យ​ពលរដ្ឋ​ទាំង​៦គ្រួសារមើលផងដែរ។

ក្រោយ​មក​បានដំណឹងថា ឈ្មោះ លី ហាំងសេង និង​ប្រពន្ធ អៀង ប៊ួយគង់ បានយកដី​ដែល​បំបែក​រួចមាននៅ​ក្នុង​វិញ្ញាបនបត្រដីល្វែង​តូចៗនីមួយៗ​ទៅដាក់បញ្ចាំ​ហ៊ីប៉ូតែក​ឱ្យ​ធនាគារ អ អេច ប៊ី (ខេមបូឌា) សាខា​ខេត្ត​សៀមរាប​ទៅវិញ ។ រហូត​មានការ​ប្តឹងផ្តល់គ្នា​រវាង​ធនាគារ អ អេច ប៊ី ជាមួយ​នឹង​ក្រុមហ៊ុនផ្ទះល្វែង ក្នុង​ចេតនា​ឈាន​ដល់ការ​រឹបអូស​យកដីផ្ទះ​ទាំង​៧ល្វែង​របស់ពលរដ្ឋ​ទាំង​៦គ្រួសារ​ទៀតផង ជាក់ស្តែងសាលក្រមរដ្ឋប្បវេណី​ដែលចេញ​ដោយ​សាលា​ដំបូងខេត្ត​សៀមរាប អាច​ឱ្យ​ភាគី​ក្រុមហ៊ុនផ្ទះ​ល្វែង​អាចប្តឹងទាស់ ឬប្តឹង​ឧទ្ធរណ៍​ទៅតុលាការជាន់ខ្ពស់បាន ប៉ុន្តែខាងក្រុមហ៊ុន​ផ្ទះល្វែង បែរជាមិនព្រម​ធ្វើការ​ប្តឹងទាស់ ឬប្តឹងឧទ្ធរណ៍ ទុក​ឱ្យ​សាលក្រម​ចូលជាស្ថាពរ ហើយ​មិន​ព្រមដោះស្រាយ​ជាមួយ​ពលរដ្ឋ​ដែល​បានទិញ​ផ្ទះល្វែង​នោះ​ឡើយ ដែល​វា​បញ្ជាក់ថា ភាគី​ក្រុមហ៊ុនផ្ទះល្វែងមានពាក់ព័ន្ធករណី​រំលោភ​លើទំនុកចិត្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close