ក្រសួងទេសចរណ៍ ជំរុញ​ការផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍ និង​ការលក់​កញ្ចប់​ទស្សនកិច្ច​សម្រាប់​ទីផ្សារ​ឥណ្ឌូនេស៊ី ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក

​ឥណ្ឌូនេស៊ី​៖ ឯកឧត្តម កា​ទើ ម​ហាំ​ម៉ាត់ ណោ​ស​ស្រ៊ី អនុរដ្ឋលេខាធិការ និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​នៃ​ក្រសួងទេសចរណ៍​កម្ពុជា​បាន​ដឹកនាំ​ប្រតិភូ​ក្រសួងទេសចរណ៍ និង​ក្រុមហ៊ុន​ឯកជន​ចំនួន ៥ រួមមាន ហ្វា​ម​ហៅ​ស៍ រី​ស្សត និង​ស្ប៉ា សណ្ឋាគារ និង​រមណីយដ្ឋាន សុខា ក្រុមហ៊ុន Satguru Travel & Tours Co,. Ltd Cambodia ក្រុមហ៊ុន Younes Tourism និង​ក្រុមហ៊ុន AL BARAKAH TRAVEL & TOUR Co,. Ltd ចូលរួម​ពិព័រណ៍ TRAVEX 2023 ក្នុងឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០២៣ នៅ​ទីក្រុង Yogyakarta ប្រទេស​ឥណ្ឌូនេស៊ី ដែល​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០២៣ ដើម្បី​ផ្សព្វផ្សាយ​សក្តានុពល​វិស័យ​ទេសចរណ៍​កម្ពុជា និង​ជំរុញ​ការលក់​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​ជាមួយ​ប្រទេស​ឥណ្ឌូនេស៊ី ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​។​

​ពិព័រណ៍​ទេសចរណ៍ TRAVEX 2023 មាន​ស្តង់​សរុប​ប្រមាណ ១០០​ស្តង់ អ្នកទិញ​សរុប ៣៤២​នាក់ និង​អ្នកសារព័ត៌មាន​ចំនួន ៦០​នាក់ ក្នុងនោះ​ក៏មាន ការចូលរួម​ពី​សារព័ត៌មាន​អន្តរជាតិ​CNN និង TTG ផងដែរ​។ នៅ​ពន្លា​ក្រសួងទេសចរណ៍​កម្ពុ​ជាមាន​រចនា​រូបភាព​គោលដៅ​ទេសចរណ៍​ទាំង ៤​តំបន់​យ៉ាង​ប្រណិត រួមជាមួយ ក្បាច់គុន​ល្បុក្កតោ និង​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣​ផងដែរ​។​

​ជាមួយគ្នា​នោះដែរ នៅ​ព្រឹក​ថ្ងៃទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ហ៊ុល សីលា ទីប្រឹក្សា និង​ជា​អគ្គនាយករង​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ រួមជាមួយ លោក វ៉េ​ត យុវនាថ អគ្គនាយករង​អភិវឌ្ឍន៍​ទេសចរណ៍ និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក ប្រាក់ វុទ្ធី ប្រធាន​នាយកដ្ឋាន​សិក្សា​ទីផ្សារ និង​ផ្សព្វផ្សាយ​ទេសចរណ៍​ក្រៅប្រទេស បាន​អញ្ជើញ​ចូលរួម​កម្មវិធី Cambodia Media Briefing ដែលជា​ផ្នែក​មួយ​នៃ​ពិព័រណ៍ TRAVEX និង​បានធ្វើ​បទ​បង្ហាញជូន​អ្នកសារព័ត៌មាន​ឥណ្ឌូនេស៊ី និង​អន្តរជាតិ​អំពី​បច្ចុប្បន្នភាព​គោលនយោបាយ​ទេសចរណ៍ គោលដៅ​ទេសចរណ៍ និង​ផលិតផល​ទេសចរណ៍​ថ្មីៗ​របស់​កម្ពុជា​។ ក្នុងនោះ អ្នកសារព័ត៌មាន​ចាប់អារម្មណ៍​អំពី​គោលដៅ​ទេសចរណ៍​កម្ពុជា ក្នុងនោះ​ក៏មាន​ការចាប់អារម្មណ៍​អំពី Halal Food នៅ​កម្ពុជា និង​ការទាក់ទាញ​ទេសចរ​មូស្លីម មកកាន់​គោលដៅ​ទេសចរណ៍​កម្ពុជា​ផងដែរ ។

​ដោយឡែក នៅ​ល្ងាច​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ពន្លា​ក្រសួងទេសចរណ៍​កម្ពុជា ឯកឧត្តម កា​ទើ ម​ហាំ​ម៉ាត់ ណោ​ស​ស្រ៊ី បានទទួល​បដិសណ្ឋារកិច្ច ឯកឧត្តម Sandiaga Salahudin Uno រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​សេដ្ឋកិច្ច​ច្នៃប្រឌិត​នៃ​ប្រទេស​ឥណ្ឌូនេស៊ី និង​លោកជំទាវ Christina Garcia Frasco រដ្ឋមន្ត្រី​ទេសចរណ៍​នៃ​ប្រទេស​ហ្វីលីពីន ក្នុង​ដំណើរ​ទស្សនកិច្ច​ពិព័រណ៍​ទេសចរណ៍​អន្តរជាតិ TRAVEX 2023 ព្រមទាំង​បាន​ថតរូប និង​ជូន​កាដូ​អនុស្សាវរីយ៍​ផងដែរ​។​

​ចំពោះ​សកម្មភាព​នៅក្នុង​ពន្លា​ក្រសួងទេសចរណ៍ មានការ​ផ្តល់ជូន​នូវ​វត្ថុ​អនុស្សាវរីយ៍​ក្រមា​ខ្មែរ ដំណាប់​ផ្លែឈើ​ខ្មែរ​របស់​ក្រុមហ៊ុន Misota ឯកសារ​ផ្សព្វផ្សាយ និង​Pin Kingdom of Wonder, Feel the Warmth ការ​ស្កេ​ន QR Code វីដេអូ រូបភាព និង​ឯកសារ​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​តាម​ទូរស័ព្ទដៃ ការចាក់​វីដេអូ​នៅលើ​ទូរទស្សន៍ និង​ការ​ជម្រាបជូន​អ្នកសារព័ត៌មាន អ្នកទិញ និង​អ្នកលក់​មកពី​បណ្តា​ប្រទេស​នានា​អំពី​បច្ចុប្បន្នភាព​នៃ​វិស័យ​ទេសចរណ៍ “​កម្ពុជា ជា​គោលដៅ សុវត្ថិភាព ស្អាត និង​បៃតង​” ព្រមទាំង​បាន​ចាក់ផ្សាយ​វីដេអូ “​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣” “​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០២៣ នៅ​ខេត្តសៀមរាប​” និង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ចាប់ពី​ថ្ងៃទី​៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២៣ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ចាប់ពី​ថ្ងៃទី​៣ ដល់​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ វេទិកា​ទេសចរណ៍​មេគង្គ​ឆ្នាំ​២០២៣ ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០២៣ នៅ​ខេត្ត​ព្រះសីហនុ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ វីដេអូ Taste Cambodia វីដេអូ NEXT Cambodia វីដេអូ​ផ្សព្វផ្សាយ​របស់​ហ្វា​ម​ហៅ​ស៍ រី​ស្សត និង​ស្ប៉ា សណ្ឋាគារ និង​វីដេអូ​ផ្សព្វផ្សាយ​របស់​រមណីយ​ដ្ឋា​ន សុខា ផងដែរ​។​
​យើង​រំពឹងថា តាមរយៈ​ព្រឹត្តិការណ៍​ពិព័រណ៍ TRAVEX 2023 កម្ពុជា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​ឥណ្ឌូនេស៊ី និង​អន្តរជាតិ​កាន់តែ​ច្រើនឡើង​នៅក្នុង​ឆ្នាំ​២០២៣ និង​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close