ភ្ញៀវទេសចរអាចទូទាត់ជាប្រាក់យ៉ន់របស់ចិននៅគ្រប់សេវាកម្មទេសចរណ៍ទាំងអស់ទូទាំងប្រទេសកម្ពុជា
រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជាអនុញ្ញាតឱ្យមាន ការទូទាត់ជាប្រាក់យ៉ន់នៅគ្រប់សេវាកម្មទេសចរណ៍ទាំងអស់ ដើម្បីជាការទាក់ទាញទេសចរចិនកាន់តែច្រើន។
មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅចំណតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងពេលទទួលស្វាគមន៍ជើងហោះហើរ ដឹកអ្នកទេសចរចិន មកកម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយ និងដាក់ចេញវិធានការយ៉ាង ច្រើន ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរចិន នៅឆ្នាំ២០២៣នេះ ពោលគឺបន្ទាប់ពីរដ្ឋាភិបាលចិនបានអនុញ្ញាតឱ្យប្រជាជនរបស់ខ្លួន ចេញទៅដើរកម្សាន្ត នៅក្រៅប្រទេសឡើងវិញ នៅក្នុងនោះ ឯកឧត្តមថា វិធានការពិសេសមួយ គឺ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យគ្រប់សណ្ឋាគារ និងភោជនីយដ្ឋាន ព្រមទាំងគ្រប់សេវាកម្មទេសចរណ៍ទាំងអស់ អាចទូទាត់ការចំណាយជាប្រាក់យ៉ន់ របស់ចិនផងដែរ។
ក្រសួងទេសចរណ៍បានត្រៀម និងរៀបចំជាស្រេចផងដែរក្នុងការទទួលភ្ញៀវទេសចរចិន តាមរយៈ “China Ready” សម្រាប់ទេសចរណ៍កម្ពុជា ដោយស្វាគមន៍ចាត់តាំងពីទេសចរចិនមកដល់ស្រុកខ្មែររហូតត្រឡប់ទៅវិញ។
ឆ្នាំ២០២៣នេះជាឆ្នាំពិសេសនៃទំនាក់ទំនាក់ទំនងការទូតរវាងកម្ពុជានិងចិនលើកទី៦៥ក្នុងនោះក្រសួងទេសចរណ៍បានបង្កើតព្រឹត្តិការណ៍ធំៗជាច្រើនដូចជាការប្រកួតស៊ីហ្គេម និងដំណើរកម្សាន្តនានា ដើម្បីស្វាគមន៍ភ្ញៀវទេសចរចិន ។ ជាក់ស្តែងការមកដល់តំណាងក្រុមទេសចរណ៍ធំៗរបស់ចិននៅកម្ពុជានាពេលនេះពួកគេនឹងជួយផ្សព្វផ្សាយទាក់ទាញប្រជាជនចិនមកកម្ពុជាកាន់តែច្រើនព្រោះកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព។
សូមរម្លឹកថា នៅឆ្នាំ២០២២កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជិត២លាន៣សែននាក់ក្នុងនោះភ្ញៀវចិនមានជាង១០ម៉ឺននាក់ប៉ុណ្ណោះ។ យ៉ាងណាក៏ដោយតាមការព្យាករណ៍កម្ពុជារំពឹងថា ក្នុងឆ្នាំ២០២៣នេះ នឹងទទួលបានភ្ញៀវទេសចរអន្ដរជាតិជាង៤.៣លាននាក់ ក្នុងនោះភ្ញៀវទេសចរចិនអាចមានចំនួនប្រមាណជិត២លាននាក់ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។