កម្ពុជា​-​ចិន ពិភាក្សាគ្នា​លើ​កិច្ចប្រតិបត្តិការ​១០​ចំណុច ផ្ដោតលើ​ទេសចរណ៍ វប្បធម៌ កីឡា សិល្បៈ វិនិយោគ និង​ពាណិជ្ជកម្ម​

​ប៉េកាំង​៖ គណៈប្រតិភូ​ជួរមុខ​ក្រសួងទេសចរណ៍​កម្ពុជា ដឹកនាំ​ដោយ​ឯកឧត្តម ហង្ស សណ្តាប់ អនុរដ្ឋលេខាធិការ នា​ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០២៣ បាន​ចូលជួប​ពិភាក្សា​ការងារ​ជាមួយ​លោក ស្ស៉ឺ ចឺ​អ៉ី (Shi Zeyi) អនុប្រធាន​ការិយាល័យ​ផ្លាស់ប្តូរ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ នៃ​ក្រសួង​វប្បធម៌​និង​ទេសចរណ៍​ចិន ផ្តោតលើ​ប្រធានបទ​សំខាន់ៗ​យ៉ាងហោច​មាន​១០​ចំណុច​។​

​គួរ​ជម្រាប​ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មក​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ចិន ចាប់ពី​ថ្ងៃទី​៩-១១ ខែកុម្ភៈ​ខាងមុខ ដែលជា​ទស្សនកិច្ច​ជា​ប្រវត្តិសាស្ត្រ​មួយ​របស់​ឥស្សរជន​កំពូល​បរទេស​ទី​១​មក​ចិន ក្រោយពី​ធី​បុណ្យចូលឆ្នាំថ្មី​ប្រពៃណី​ជាតិចិន ក្នុងន័យ​រឹតបន្តឹង​ចំណងមិត្តភាព​ដៃគូ​កិច្ចសហប្រតិបត្តិការ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​ជំរុញ​ការកសាង​សហគមន៍​ជោគវាសនា​រួម​ក្នុង​យុគសម័យ​ថ្មី​ឱ្យបាន​កម្រិត​ថ្មី​មួយទៀត ហើយ​ក៏បាន​បង្កើត​ឱកាស​មាស​ដល់​ប្រតិភូ​ក្រសួងទេសចរណ៍​កម្ពុជា​បាន​ចូលជួប​ពិភាក្សា​ការងារ​ផ្ទាល់​ជាមួយ​សាមីក្រសួង​ក្រោយ​វិបត្តិ​កូ​វីដ​១៩​។​

​ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​ផ្តោតលើ​ចំនុច​សំខាន់​ខាងក្រោម​៖
១. អបអរសាទរ​ខួប​៦៥​ឆ្នាំ​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន ក្នុង​ក្របខ័ណ្ឌ​សហគមន៍​ជោគវាសនា​រួមគ្នា​តែមួយ​។​
២. ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព​ធន​ធាន​មនុស្ស​ជូន​មន្ត្រីរាជការ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​ទេសចរណ៍ មានដូចជា មគ្គុទេសក៍​ទេសចរណ៍ និង​បុគ្គលិក​ជួរមុខ ដែល​និយាយ​ភាសា​ចិន ជាពិសេស​ស្នើសុំ​ភាគី​ចិន​ចូល រួមការ​ផ្តល់យោបល់​ធាតុ​ចូល​ថ្មីៗ ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទៅលើ​សៀវភៅ​ស (China Ready) ស្របតាម និន្នាការ​ទេសចរណ៍​ក្រោយ​វិបត្តិ​កូ​វីដ​-១៩​។​
៣. ជំរុញឱ្យមាន​ការហោះហើ​រ​ត្រង់​ពី​គោលដៅ​សំខាន់ៗ​នៃ​ប្រទេស​ចិន​មកកាន់​កម្ពុជា ក្រោយពី​កែសម្រួល​វិធានការណ៍​។​
៥. លើកទឹកចិត្ត​ការរៀប​ចំ​ខ្សែ​ទស្សនកិច្ច​របស់​ផ្នែក​ឯកជន​ក្នុង​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ទាំង​២​។​
៦. ជំរុញឱ្យមាន​ខ្សែ​ទស្សនកិច្ច​ទេសចរណ៍ ពិសេស​រវាង​រដ្ឋ និង​ឯកជន​នៃ​ប្រទេស​ទាំង​២​។​
៧. ព្រឹត្តិការណ៍ SEA Games លើក​ទី​៣២ និង ASEAN Para Games លើ​ទី​១២ ឆ្នាំ​២០២៣​។​
៨. ការរៀបចំ​ព្រឹត្តិការណ៍​កីឡា​ភ្ជាប់​ជាមួយ​វេទិកា​ធុររ​កិច្ច វិនិយោគ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​កម្ពុជា​-​ចិន​។​
៩. សហការ​រៀបចំ​ពិ​ព័ណ៌​ម្ហូបអាហារ តន្ត្រី វប្បធម៌ កីឡា ដែលមាន​ការចុះបញ្ជី​ទទួលស្គាល់​ពី​អង្គការ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក UNESCO​។​
១០. ការរួម​គ្នា​សម្តែង​សិល្ប​ក្បាច់​ប្រដាល់​បុរាណ​ខ្មែរ (​ល្បុកតោ​) និង​ការសម្តែង​ក្បាច់គុណ​ចិន​សៅ​លីង (Shaolin) ដែលមាន​បញ្ជី​ទទួលស្គាល់​ពី​អង្គការ​បេ​តិក​ភ័​ណ្ឌ​ពិភពលោក UNESCO ថ្មីៗ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦៥​ឆ្នាំ នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​ចិន និង​ឆ្នាំ​ទស្សនា​កម្ពុជា ២០២៣​។​

​គួររំលឹកថា ផែនការ​សកម្មភាព ២០២៣-២០២៥ បាន​ពិនិត្យ និង​ឯកភាព​ក្រោម​កម្រិត​ជំនាញ​រវាង​ក្រសួង​ទាំង​២​ដែល​បាន​ដឹកនាំ​ឱ្យ​លោក ថោង រដ្ឋ​សក្តិ អគ្គនាយក​នៃ​ក្រសួងទេសចរណ៍​កម្ពុជា ដោយបាន​ផ្លាស់ប្តូរ​យោបល់​ក្នុង​កិច្ចប្រជុំ​ឧ​ត្ត​មន្ត្រី​ទេសចរណ៍​អាស៊ាន​កាលពីពេល​ថ្មីៗ​នេះ​នៅ​ដើម​សប្តាហ៍​ទី​១ ខែកុម្ភៈ ឆ្នាំ​២០២៣៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close