មនុស្ស​ស្លាប់ កើន​លើស ២១,០០០​នាក់ ក្នុង​គ្រោះ​រញ្ជួយ​ដី នៅ​តួ​ក​គី និង​ស៊ី​រី

ចំនួន​អ្នកស្លាប់​បាន​បន្ត​កើន​ដល់​លើស ២១,០០០​នាក់​ហើយ បន្ទាប់ពី​គ្រោះ​រញ្ជួយ​ផែនដី​ដ៏​សាហាវ​ខ្លាំងក្លា​បំផុត​មួយកម្រិត ៧.៨​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​លើ​ប្រទេស​តួ​ក​គី និង​ស៉ី​រី កាលពី​វេលា​ទាបភ្លឺ ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​កន្លងទៅនេះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP នៅ​ថ្ងៃ​សុក្រ ទី​១០ ខែកុម្ភៈ ឆ្នាំ​២០២៣​។​

​យោងតាម​ទីភ្នាក់ងារ​តាមដាន​គ្រោះ​រញ្ជួយ​ដី​អាមេរិក USGS ចំណុច​រំ​ញ័រ​របស់​គ្រោះ​រញ្ជួយ​ដី​ខាងលើ​ស្ថិត​នៅក្បែរ​ទីក្រុង​មួយ​ឈ្មោះ ហ្កា​ហ្សៀ​ន​តិ​ប (Gaziantep) របស់​តួ​ក​គី​ស្ថិត នៅក្បែរ​ព្រំដែន ស៊ី​រី ដែលមាន​មនុស្ស​រស់នៅ​ប្រហែល​២​លាន​នាក់ ហើយ​វា​មាន​ជម្រៅ​ប្រហែល​១៨​គីឡូម៉ែត្រ​ក្រោម​ផ្ទៃដី​។ ហេតុការណ៍​នោះ បាន​កើតឡើង​នៅវេលា​ម៉ោង​ខ្ទង់​ជាង ៤​ទាបភ្លឺ​ថ្ងៃ​ចន្ទ ហើយ​ប៉ុន្មាន​ម៉ោង​ក្រោយមក ក៏មាន​រញ្ជួយ​ដី​ធំ​មួយទៀត​កម្រិត ៧.៦​រ៉ិ​ច​ទ័​រ​កើតឡើង​ផងដែរ រួមជាមួយ​ការ​ញ័រ​រញ្ជួយ​កម្រិត​តូចៗ​បន្តបន្ទាប់​ទៀត​ជាច្រើន​។ លើកចុងក្រោយ​បំផុត ដែល​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧.៨​រ៉ិ​ច​ទ័​រ បាន​វាយប្រហារ​ចំ​ម្តុំ​តំបន់​នេះ គឺ​កាលពី​ឆ្នាំ​១៩៣៩ ដែល​បានសម្លាប់​មនុស្ស​រហូត​ដល់ ៣៣,០០០​នាក់ នៅក្នុង​ប្រទេស​តួ​ក​គី​។​

​អាជ្ញាធរ​នៅក្នុង​ប្រទេស​តួ​ក​គី កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​នេះ បានឱ្យដឹងថា​ចំនួន​អ្នកស្លាប់​បាន​កើន​ដល់ ១៧,៦៧៤​នាក់ ខណៈ​នៅ​ស៊ី​រី ចំនួន​អ្នកស្លាប់​ក៏ត្រូវ​បាន​គេ​រាយការណ៍ ដែរ​ថា​បាន​កើន​ដល់ ៣,៣៧៧​នាក់ ហើយ​បូក​បញ្ចូល​តួលេខ​ទាំងនេះ​ចូលគ្នា​ធ្វើឱ្យ​ចំនួន​អ្នកស្លាប់​កើន​ដល់ ២១,០៥១​នាក់​។ ក្រៅពី​មនុស្ស​ស្លាប់​យ៉ាង​រង្គាល​បែបនេះ អគារ​រាប់ពាន់ ខ្នង​បាន​ដួល​រំលំ​កម្ទេច​ខ្ទី នៅក្នុង​ប្រទេស​ទាំងពីរ ហើយ​មនុស្ស​រាប់ម៉ឺន​នាក់​នៅក្នុង​ប្រទេស​ទាំង​២​បាន​រងរបួស​ដោយសា​រ​គ្រោះ​រញ្ជួយ​ដី​នេះ​។ បន្ថែម​ពីលើ​នេះ ទំហំ​ខូចខាត​បង្កឡើង​ដោយ គ្រោះ​រញ្ជួយ​ដី​នៅ​តួ​ក​គី ត្រូវបាន​គេ​ប៉ាន់ស្មាន​ជាបឋម​ថា​គិត​ជា​ទឹកប្រាក់​លើស ៤​ពាន់​លាន​ដុល្លារ ខណៈ​នៅ​ស៊ី​រី​កំពុងស្ថិត​នៅក្រោម​ការវាយតម្លៃ​នៅឡើយ​។​

​គួរ​បញ្ជាក់ថា អង្គការ WHO ក៏​ធ្លាប់បាន​ព្រមាន​ដែរ​ថា​ចំនួន​អ្នកស្លាប់​អាច​នឹង​កើន​ឡើងដល់ ២០,០០០​នាក់ ហើយ​មនុស្ស​ប្រហែល​ជាង ២៣​លាន​នាក់ នៅក្នុង​ប្រទេស​ទាំងពីរ អាច​នឹងរង​ផលប៉ះពាល់​ពី​គ្រោះ​រញ្ជួយ​ដី​នេះ​។ ចំនួន​ស្លាប់​ត្រូវបាន​គេ​ជឿជាក់ថា​អាច​នឹង​បន្ត​កើនឡើង ស្របពេល​ប្រតិបត្តិការ​ជួយសង្គ្រោះ​នៅតែ​បន្ត​ធ្វើឡើង ទោះជា​មានសង្ឃឹម​តិចតួច ក៏ដោយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close