ក្រសួង​អប់រំ ណែនាំ​ឲ្យ​លើកកម្ពស់ ការសិក្សា​ភាសា​ខ្មែរ និង​អរិយធម៌​ខ្មែរ នៅតាម​គ្រឹះស្ថានសិក្សា​ឯកជន​

 

​ភ្នំពេញ​៖ ឯកឧត្តម ហង់​ជូន ណា​រ៉ុ​ន រដ្ឋមន្ដ្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះហត្ថលេខា​លើ សេចក្ដីណែនាំ​របស់​ក្រសួង​នា​ថ្ងៃទី​១៣ កុម្ភៈ នេះ​បាន​ឲ្យ​ដឹងថា «​ដើម្បី​លើកកម្ពស់​ការបង្រៀន​ភា​សា​ខ្មែរ និង​ការយល់ដឹង​ពី​វប្បធម៌ និង​អរិយធម៌​ខ្មែរ ដល់​សិស្សានុសិស្ស ដែលមាន​សញ្ជាតិ​ខ្មែរ ចាប់ពី​ឆ្នាំ​សិក្សា ២០២២-២០២៣ នេះ​តទៅ ក្រសួង​អប់រំ យុវជន និង​កីឡា សូម​ធ្វើ​ការណែនាំ​ដល់​គ្រប់​គ្រឹះស្ថានសិក្សា​ចំណេះ​ទូទៅ​ឯកជន ដែល​អនុវត្ត​កម្មវិធីសិក្សា​អន្តរជាតិ តម្រូវ​ឲ្យ​សិស្សានុសិស្ស ដែលមាន​សញ្ជាតិ​ខ្មែរ ជ្រើសរើស​មុខវិជ្ជា​ភាសា​ខ្មែរ ជា​មុខវិជ្ជា​កាតព្វកិច្ច ហើយ​គ្រឹះស្ថានសិក្សា​ត្រូវ​រៀបចំ និង​បង្រៀន​មុខវិជ្ជា​ចំណេះដឹង​ទូទៅ​ស្តីពី វប្បធម៌ និង​អរិយធម៌​ខ្មែរ​”​។​

​ឯកឧត្តម​រដ្ឋមន្ដ្រី​បន្ថែមថា គ្រឹះស្ថានសិក្សា​ត្រូវដាក់​បញ្ចូល​កម្មវិធី សិក្សា​មុខវិជ្ជា​ភាសា​ខ្មែរ មុខវិជ្ជា​វប្បធម៌ និង​អរិយធម៌​ខ្មែរ ក្នុង​ម៉ោង​សិក្សា​របស់​គ្រឹះស្ថានសិក្សា តាម​ការកំណត់​ដែលមាន​ចែង ក្នុង​លិខិតបទដ្ឋាន​គតិយុត្ត ដោយឡែក​របស់​ក្រសួង​អប់រំ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close