រដ្ឋបាលរាជធានីភ្នំពេញណែនាំដល់ពលរដ្ឋ និងម្ចាស់ក្រុមហ៊ុនសហគ្រាស លើកទង់ជាតិ អបអរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចំនួន២
រដ្ឋបាលរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះបានចេញសេចក្តីណែនាំមួយទៅដល់បងប្អូនប្រជាពលេរដ្ឋដែលជាម្ចាស់លំនៅឋានសណ្ឋាគារក្រុមហ៊ុនសហគ្រាសអាជីវកម្មសេវាកម្មសូមលើកទង់ជាតិតុបតែងលំអអគារក្រុមហ៊ុនសហគ្រាសរៀងៗខ្លួនដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រចំនួន២គឺខួបលើកទី២០នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានិងខួបលើកទី៤០ទិវាជ័យជំនះ៧មករាដែលជាថ្ងៃកំណើតទី២របស់ប្រទេសជាតិនិងប្រជាជនកម្ពុជា។
តាមការបញ្ជាក់របស់សាលារាជធានីភ្នំពេញថា នៅឆ្នាំនេះ ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ នៅវិមានអនុស្សាវរីយ៍ឈ្នះ ឈ្នះ ស្ថិតក្នុងមជ្ឈមណ្ឌលអភិវឌ្ឍន៍លីយ៉ុងផាត់ មហាវិថី ឈ្នះ ឈ្នះ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងការប្រារព្ធពិធីអបអរសាទរខួបលើកទី៤០ ទិវាជ័យជំនះ៧មករា ជាថ្ងៃកំណើតទី២ របស់ប្រទេសជាតិ និងប្រជាជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ខាងមុខ។
ដូច្នេះ ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តទាំងពីរនេះ ឲ្យបានមហាឡារឹក អធិកអធម និងមានភាពសប្បាយរីករាយ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដល់បងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់លំនៅឋាន សណ្ឋាគារ ក្រុមហ៊ុន សហគ្រាស អាជីវកម្ម សេវាកម្ម សូមចូលរួមលើកទង់ជាតិ តុបតែងលំអរអគារ ក្រុមហ៊ុន សហគ្រាសរៀងៗខ្លួន ជាពិសេសម្ចាស់អគារខ្ពស់ៗនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញទាំងអស់ ត្រូវរៀបចំតែងរចនាភ្លើងពណ៌ឲ្យបានស្រស់បំព្រងគួរជាទីមនោរម្យក្នុងពេលរាត្រី ចាប់ពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ រហូតដល់ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។