កម្ពុជា និងអាល្លឺម៉ង់ ពង្រឹងបន្ថែមទៀតនូវផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបពិភាក្សាការងារជាមួយ ឯកឧត្តម ហ្វ្រាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ ( Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបញ្ហារួមមួយចំនួនទៀត។
តាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ទិដ្ឋភាពផ្សេងៗ ជុំវិញកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី រួមទាំងបញ្ហានានាមួយចំនួនទៀត ដែលមានផលប្រយោជន៍រួម នឹងត្រូវលើកយកមកពិភាក្សា ក្នុងជំនួបពិភាក្សាការងាររវាង ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។
សូមជម្រាបជូនថា នេះគឺជាទស្សនកិច្ចលើកដំបូងរបស់ ឯកឧត្តម ប្រធានាធិបតីអាល្លឺម៉ង់ មកកាន់ប្រទេសកម្ពុជា ហើយដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនេះ នឹងបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។