ក្នុងឆ្នាំ២០២២! ក្រសួង​សាធារណការ ប្រមូល​ថវិកា ១០​លាន​ដុល្លារ ពី​ការលក់​ស្លាក​លេខ​ពិសេស

​ភ្នំពេញ​៖ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ថ្លែងថា នៅក្នុង​ឆ្នាំ​២០២២ ក្រសួង​ប្រមូល​ចំណូល​ចូល​ថវិកា​ជាតិប្រមាណ ១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ពី​ការលក់​ស្លាក​លេខ​ពិសេស​រថយន្ដ​។ ឯកឧត្តម បានលើកឡើង​ដូចនេះ ក្នុង​កម្ម​វិ ធី​បើក​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០២២ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៣ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ថ្ងៃទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៣​។​

​ឯកឧត្តម ស៊ុន ចាន់ថុល បាន​ថ្លែងថា «​ក្នុង​ឆ្នាំ​២០២២​កម្ពុជា​បាន​លក់​សា្ល​ក​លេខ​រថយន្ដ​ពិសេស​ផ្ទាល់ខ្លួន​ចំនួន ៧១២៥​ស្លាក​លេខ ដោយ​ទទួលបាន​ថវិការ​ចំនួន ៤០​ប៊ី​លាន​រៀល ប្រមាណ​នឹង ១០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ចូល​ថវិការ​ជាតិ​»​។​

​ផ្លាកលេខ​ពិសេស​ផ្ទាល់ខ្លួន ត្រូវបាន​ប្រកាស​ដាក់លក់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០២០​។ ផ្លាកលេខ​នេះ​មានតម្លៃ​ចាប់ពី ២​លាន​រៀល​ឡើងទៅ​រហូតដល់ ១,០០០​លាន​រៀល តែ​សម្រាប់​ការដេញថ្លៃ​អាច នឹងមាន​តម្លៃ​ច្រើនជាង​នេះ​។​

​ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើង​ផងដែរ​ពី ការប្រើប្រាស់​រថយន្ដ​អគ្គិសនី​ដោយ​បញ្ជាក់ថា ឆ្នាំ​២០២២​ជាការ​បើក​ទំព័រ​ថ្មី​របស់​កម្ពុជា ក្នុងការ​ជំរុញ​ការប្រើប្រាស់​រថយន្ដ​អគ្គិសនី ដោយបាន​ធ្វើការ​ជាមួយ​ដៃគូ UNDP និង​វិស័យ​ឯកជន ក្នុងនោះ UNDP បានផ្ដល់​ស្ថាន​នី​យ​ប​ញ្ជូ​ល​ថាមពល​ចំនួន​៤ ដល់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដោយបាន​ដាក់​នៅ​ទីតាំង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​, ទីតាំង​ក្រុងព្រះសីហនុ​, ក្រុង​សៀមរាប និង​ខេត្តបាត់ដំបង ក្រៅពីនោះ​វិស័យ​ឯកជន​បានផ្ដល់​ចំនួន​៣​គ្រឿង​បន្ថែមទៀត ដល់​ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ដោយ​សរុប​ទាំងអស់​មាន​ចំនួន ៧​គ្រឿង​។​

​ឯកឧត្តម​បាន​បញ្ជាក់ថា កម្ពុជា​ជំរុញ​បន្ថែមទៀត ក្នុងការ​ប្រើប្រាស់​រថយន្ដ​អគ្គិសនី ដោយបាន​ចុះបញ្ជី​ជាង​៤០០​គ្រឿង​ហើយ គិត​រហូតមក​ដល់ពេលនេះ ក្នុងនោះ​មួយឆ្នាំៗ​មានការ​កើនឡើង​ជាច្រើន ដោយសារតែ​ប្រជាពលរដ្ឋ​ចាប់​យល់ អំពី​ការប្រើប្រាស់​រថយន្ដ​ដើរ​ដោយ​ថាមពល​អគ្គិសនី​នេះ ដោយ​សារបាន​ផ្ដល់នូវ​ផលចំណេញ​ជាច្រើន​ដូចជា ការបន្ថយ​ពន្ធ​នាំចូល ការប្រើប្រាស់​អគ្គិសនី​មានតម្លៃ​ធូរ​ថ្លៃ​ជាង​ការប្រើប្រាស់​ប្រេងសាំង​។​

​ឯកឧត្តម​បាន​បន្ថែមថា ក្នុងនោះ​កម្ពុជា​ក៏បាន​រៀបចំ​ដាក់​ស្ថានីយ៍​ប​ញ្ជូ​ល​ថាមពល​នេះ ប្រមាណ​២០០​គ្រឿង និង​២០០​កន្លែង​ទូទាំងប្រទេស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close