ខឹងចៅលូកព្រីភ្លើងមិនស្តាប់ ច្រឡំមួលកចៅដល់ស្លាប់ រួចយកទៅបោះចោលក្នុងទឹកស្រះ
កាលពីរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ មានករណីភ្ញាក់ផ្អើលមួយបានកើតឡើងនៅចំណុចភូមិជ្រាស់ ឃុំល្វា ស្រុកពួក ដោយបាត់ក្មេងប្រុសម្នាក់ ហើយគេបានរកឃើញនៅក្នុងទឹកស្រះ ដោយដំបូងគេបានសង្ស័យថា ជាករណីលង់ទឹក, តែយ៉ាងណាក៏ដោយ ក្រោយសមត្ថកិច្ចមានការសង្ស័យ និងធ្វើកោសល្យវិច្ច័យ ក៏ឈានទៅដល់ឃាត់ខ្លួនបុរសសង្ស័យម្នាក់ដែលត្រូវជាជីតាជនរងគ្រោះ។
បើតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាម៉ោង ១៨ និង១៥នាទី ថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ល្វា ទទួលបានព័ត៌មានថា មានករណីក្មេងលង់ស្រះទឹក ត្រង់ចំណុចភូមិជ្រាស់ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប សាកសពឈ្មោះ តាំ រតនា ភេទប្រុស ឆ្នាំកំណើត ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដោយមានការសង្ស័យថា មានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌក៏បានណែនាំដល់ក្រុមគ្រួសារ រក្សាសាកសពដើម្បីសុំឲ្យសមត្ថកិច្ចនគរបាលជំនាញ និងគ្រូពេទ្យចុះពិនិត្យ ឲ្យបានច្បាស់លាស់តាមនីតិវិធី។
បន្ទាប់នៅព្រឹកថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងការិយាល័យបបច្ចេកទេសវិទ្យាសាស្ត្រ និងក្រុមគ្រូពេទ្យ បានសហការជាមួយកម្លាំងនគរបាលស្រុកពួក ចុះដល់ទីតាំងខាងលើពិនិត្យសាកសព និងពិនិត្យវិភាគកន្លែងកើតហេតុ ដែលមានចម្ងាយពីផ្ទះសព ប្រហែល ២៥០ម៉ែត្រ ។ ដោយឡែកសភាពសាកសព សមត្ថកិច្ចបានរកឃើញថា សពបានបាក់.ក, មានស្នាមជាំក្រោមត្រជៀកខាងស្តាំ, ឆ្អឹងស្មាទាំងសងខាងភ្លាត់ចេញពីគ្នា, ស្នាមជាំក្រោមឆ្អឹងជំនីខាងស្តាំ និងមានលាមក ចេញតាមរន្ធគូទ។
ក្រោយមានការសង្ស័យកម្លាំងសមត្ថកិច្ចបាននាំខ្លួនឈ្មោះ ថ្ម ក្រាក់ ភេទប្រុស អាយុ ៥២ឆ្នាំ ដែលត្រូវជាជីតាមកសាកសួរ ហើយជនសង្ស័យក៏បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពជ្រុលដៃសម្លាប់ជនរងគ្រោះខាងលើពិតមែន ព្រោះខឹងរូបគេយកលូកព្រីភ្លើងលេង។
ជនសង្ស័យបន្តថា នៅថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៣ វេលាម៉ោង ១៦ និង៣០នាទី ចៅប្រុសឈ្មោះ តាំ រតនា បានយកដៃទៅលូកព្រីភ្លើង ក្នុងផ្ទះបណ្តាលឲ្យឆក់ កន្ត្រាក់ដៃស្រែកយំ ស្របពេលដែលខ្លួននឿយហត់ និងការងារផង អស់កំលាំងផង ធ្វើឲ្យកើតចិត្តខឹងក៏បានយកខ្សែភ្លើងក្បែរនោះវាយទៅលើចៅ ចន្លោះដង ក ចំនួន ២ខ្សែភ្លើង និងនិយាយ ទៅកាន់គេថា“អារឯងឈប់យកដៃមកលូកព្រីភ្លើងលេងទៀតប្រយ័ត្នឆក់ងាប់”។
នៅថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៣ បន្ទាប់ពីខ្លួនចូលទៅក្នុងផ្ទះដេកលេង ទូរស័ព្ទជាមួយចៅឈ្មោះ តាំ រតនា លុះដល់វេលាម៉ោងប្រហែល១៦ និង០០នាទី ចៅប្រុសឈ្មោះ តាំ រតនា បានទំលាក់ទូរស័ព្ទចោល ហើយយកដៃទៅលូកលេងព្រីភ្លើងដូចថ្ងៃមុន ខ្លួនក៏ចាប់កន្ត្រាក់ ខ្សែភ្លើងចេញពីដៃរបស់គេព្រោះខ្លាចឆក់ ដោយមានកំហឹងខ្លួនបានយកខ្សែភ្លើងបត់ជាពីរ វាយលើដងខ្លួនជនរងគ្រោះចំនួន ២ខ្សែភ្លើង ហើយគេបានស្រែកយំ ខ្លួនបានទះចំក្រោមថ្គាម និងដងករបស់គេផ្នែកខាងស្តាំ មួយទំហឹង ហើយគេនៅតែ យំខ្លាំងៗ ខ្លួនក៏យកដៃទាំងសងខាង ចាប់ក្បាលរបស់គេមួលបង្វិលទៅផ្នែកខាងឆ្វេងបន្តិច ហើយលើក បោះទៅលើកម្រាលពូក ដោយពុំបានដឹងថា ក របស់គេបានបាក់ដែរឬអត់នោះទេ ព្រោះគេនៅមានសម្រែក ស្របពេលនោះរូបគេក៏យកដៃទាំងសងខាងសូកចាប់ដៃរបស់ជនរងគ្រោះទំាងសងខាង ចំណុចក្រោមខ្លៀកកន្ត្រាក់ឡើងលើ ហើយបោះទៅលើកម្រាលពូក ដែលមានចម្ងាយពីខ្លួនប្រហែល១,៥ម៉ែត្រ ភ្លាមនោះគេក៏សន្លប់បានសម្លេងឈឹង ពេលស្ទាបមើល ឃើញថាចៅប្រុសឈ្មោះ តាំ រតនា នៅមានដង្ហើម ដោយមានការភ័យខ្លាចអ្នកផ្ទះ និងអ្នកជិតខាងដឹងរឿង ទើប លើកបីដោយប្រើដៃខាងស្តាំទ្រផ្នែកខាងក្រោម និងដៃខាងឆ្វេង ទុបក្បាលត្រកង ក្បាលជនរងគ្រោះឲ្យកើយលើស្នាខាងស្តាំ យកទៅទំលាក់នៅក្នុងទឹកស្រះ ដែលស្ថិតចម្ងាយពីផ្ទះប្រហែល ២៥០ម៉ែត្រ រួចត្រឡប់មកផ្ទះវិញធ្វើធម្មតាដូចមិនមានរឿងអ្វីកើតឡើង លុះវេលាម៉ោង១៧ និង៣០នាទី ស្រាប់តែប្រពន្ធផ្អើលឆោឡោថា បាត់ចៅរូបគេក៏ដើរក និងទៅស្រង់ចៅចេញពីទឹកស្រះ យកមកផ្ទះវិញ។
ដោយផ្អែកតាមចម្លើយសារភាពរបស់ជនសង្ស័យ មានភាពស៊ីសង្វាក់ទៅនឹងស្លាកស្នាម នៃដងខ្លួន និងអវយវៈសាកសព សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យកសាងសំណុំរឿងឡើងទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។