សកម្មភាពដឹកឈើប្រណីតចេញពីព្រៃឡង់នៅតែមាន ដោយពុំមានការបង្រ្កាប
(កំពង់ធំ) ៖ បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា សកម្មភាពកាប់ និងដឹកជញ្ជូនឈើចេញពីព្រៃឡង់ ដែលជាព្រៃធំជាងគេនៅកម្ពុជា នៅតែកើតមានជាបន្តបន្ទាប់ ដោយពុំមានការបង្រ្កាបពីសមត្ថកិច្ចពាក់ព័ន្ធនោះឡើយ។
ជាក់ស្តែងបើតាមសេចក្តីរាយការណ៍ កាលពីវេលាម៉ោងប្រមាណជិត១០យប់ ថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅនេះ គេបានឃើញរថយន្តប្រភេទវេអង ជាច្រើនគ្រឿង បានដឹកឈើលាយឡំជាមួយអុស ចេញពីចំណុចច្រកអូរងៀវ ក្នុងឃុំមានឫទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយធ្វើដំណើរកាត់ព្រៃអង់តែន និងកាត់តាមមុខស្នាក់ការមេព្រៃ(៤៤)ឆ្ពោះទៅផ្លូវជាតិលេខ៦ ទៅទីក្រុងភ្នំពេញដោយរលូន។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវច្រក(អូរងៀវ)ឃុំមានរិទ្ធិស្រុកសណ្ដាន់ខេត្តកំពង់ធំបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងខ្ញុំថាឡានប្រភេទ(វេអង) នេះគេដឹកឈើចេញពីព្រៃឡង់ជារៀងរាល់យប់មិនដែលខានយប់ណាម្តងឡើយហើយដឹកចេញទៅដោយរលូនមិនរំខានមិនខ្លាចមេព្រៃឬពួកមន្ត្រីជំនាញថ្នាក់ធំប៉ុនណាក៏គេមិនខ្លាចដែរ។
ប្រភពប្រជាពលរដ្ឋដដែលបានបង្ហើបទៀតថា មេខ្លោងបំផ្លាញព្រៃឡង់ដុសស្លែរនិងដឹកឈើដោយឡានប្រភេទ វេអង រាប់សឹបគ្រឿងដ៏សែនធំជាងគេតាមផ្លូវនេះគឺឈ្មោះ ចាប សារ៉ន ។
យ៉ាងណាក៏ដោយចំពោះករណីនេះ យើងនៅមិនទាន់មានការបញ្ជាក់ភាគីពាក់ព័ន្ធនៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។