ទឹកជំនន់ និងបំណាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង សម្លាប់មនុស្ស ៣៦នាក់ នៅប្រេស៊ីល
(ប្រាស៉ីលីយ៉ា)៖ អាជ្ញាធរប្រេស៉ីលកាលពីថ្ងៃអាទិត្យកន្លងទៅនេះ បានឱ្យដឹងថា គ្រោះទឹកជំនន់និងគ្រោះរអិលបាក់ដី ដែលកើតឡើងពីការធ្លាក់ភ្លៀងខ្លាំងក្លា នៅក្នុងប្រទេសប្រេស៉ីល បានផ្តាច់ជីវិតមនុស្សយ៉ាងហោច៣៦នាក់ នៅរដ្ឋសៅប៉ូឡូ (Sao Paulo) ភាគអាគ្នេយ៍ប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
មនុស្សចំនួនយ៉ាងហោច៣៥នាក់ បានស្លាប់នៅទីក្រុងសៅសេបាស្ទៀយ៉ូ (Sao Sebastiao) ខណៈនៅក្រុងអ៊ូបាទូបា (Ubatuba) ក៏មានមនុស្សម្នាក់ស្លាប់ផងដែរ។ ជាមួយគ្នានេះ មនុស្ស២២៨នាក់ទៀត បានបាត់បង់កន្លែងជ្រកកោន ហើយ៣៣៨នាក់ ត្រូវបានបង្ខំឱ្យជម្លៀសខ្លួន នៅក្នុងតំបន់ជាប់មាត់សមុទ្រភាគខាងជើងទីក្រុងសៅប៉ូឡូ ដែលជារដ្ឋធានីរបស់រដ្ឋសៅប៉ូឡូ។ យ៉ាងណាមិញ អាជ្ញាធរមិនបានបញ្ជាក់ឱ្យដឹងថា មានមនុស្សបាត់ខ្លួន ឬរងរបួសចំនួនប៉ុន្មាននាក់នោះឡើយ។
អភិបាលរដ្ឋសៅប៉ូឡូ លោក តាសីស៉ីយ៉ូ ដេ ហ្វ្រេអ៉ីតាស់ (Tarcisio de Freitas) បានប្រកាសភាពអាសន្នសម្រាប់ក្រុងចំនួន៥ នៅបណ្តោយឆ្នេរសមុទ្រ បន្ទាប់ពីលោកបានធ្វើដំណើរពិនិត្យមើលតំបន់រងគ្រោះពីលើដែនអាកាស ហើយលោកក៏បានបញ្ចេញថវិកាស្មើនឹង១.៥លានដុល្លារ សម្រាប់ប្រតិបត្តិការជួយសង្គ្រោះផងដែរ។
គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រេស៉ីលបានរងគ្រោះធ្ងន់ធ្ងរពីបាតុភូតអាកាសធាតុអាក្រក់ៗ ដែលជំរុញដោយបញ្ហានៃការប្រែប្រួលអាកាសធាតុរបស់ភពផែនដី។ តួយ៉ាងកាលពីឆ្នាំ២០២២ ការធ្លាក់ភ្លៀងខ្លាំងជោគជាំ នៅទីក្រុងប៉េត្រូប៉ូលីស (Petropolis) បានបង្កឱ្យមានមនុស្សរហូតដល់លើស ២៣០នាក់បាត់បង់ជីវិត៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។