សារមន្ទីរ​វាយនភ័ណ្ឌ​ប្រពៃណី​អាស៊ី មាន​ដាក់តាំង​បង្ហាញ​ឧបករណ៍​កី​តម្បាញ​ខ្មែរ​បន្ថែមទៀត​

​សារមន្ទីរ​វាយណភ័ណ្ឌ​ប្រពៃណី​អាស៊ី បាន​នាំយក​កី​តម្បាញ​ចំនួន​១ រួមទាំង​អ័ក្ស​ចំនួន​២ ដែលជា​ឧបករណ៍​សម្រាប់​ផាត់​សូត្រ ឬ​វែក​សូត្រ​ក្រោយ​ស្រាវសូត្រ​ចេញពី​សំបុកនាង មក​ដាក់តាំង​បង្ហាញ​ដល់​សាធារណជន ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ទស្សនា​ស្វែងយល់ និង​រួមចំណែក​ថែរក្សា​ឧបករណ៍​តម្បាញ​ខ្មែរ តាំងតែ​ពី​អំឡុង​ពាក់កណ្តាល​ខែកុម្ភៈ ឆ្នាំ​២០២៣​មកម្ល៉េះ​។​

​នាយក​ស្តីទី​នៃ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី​លោក សែន គឹម​ស៊ុន ឱ្យដឹងថា​សមិទ្ធិផល​ដែល​ដាក់តាំង​បង្ហាញ​នេះ ទទួលបាន​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​អាជ្ញាធរ​ជាតិ​អប្សរា​និង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា តាមរយៈ​មូលនិធិ​របស់​អង្គការ GIZ នៃ​ប្រទេស​អាល្លឺម៉ង់​។

​ឧបករណ៍​កី​តម្បាញ​សម្រាប់​ត្បាញ​សូត្រ មាន​ហូល និង​ផាមួង​នេះ ថ្វីត្បិតតែ​ធ្វើឡើង​ថ្មី ក៏ប៉ុន្តែ​វា​ត្រឹមត្រូវ​តាម​ក្បួនខ្នាត​ដោយមាន​ឆ្លាក់​ក្បាច់លម្អ​យ៉ាង​ប្រណិត​ផង​។ លោក គឹម​ស៊ុន បន្តថា វត្តមាន​កី​តម្បាញ​ខ្មែរ​នៅ​សារមន្ទីរ​វាយណភ័ណ្ឌ​ប្រពៃណី​អាស៊ី ជាការ​រួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ថែរក្សា អភិរក្ស​ឧបករណ៍​កី​តម្បាញ​បុរាណ​ខ្មែរ​ជាមួយ​សិប្បកម្ម​តម្បាញ​នៅ​ទូទាំងប្រទេស​មិនឱ្យ​បាត់បង់ ព្រោះ​វិស័យ​តម្បាញ​មាន​ភស្តុតាង មនុស្ស​សម័យ​បុរេប្រវត្តិ​ដែល​រស់នៅ​លើទឹក​ដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​សព្វ​ថ្ងៃ មានចំណេះដឹង​ក្នុងការ​ត្បាញ​សម្រាប់​ប្រើប្រាស់​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​រួចទៅហើយ​។​

​លោក គឹម​ស៊ុន បញ្ជាក់ទៀតថា កី​តម្បាញ​តាមបែប​បុរាណ​ខ្មែរ​នេះ អាច​ផ្តល់​ជា​ប្រយោជន៍​ចំពោះ​សាធារណជន ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យ​ការសិក្សា​ស្វែងយល់​ពី​កេរដំណែល​ស្នាដៃ​បុព្វបុរស​ខ្មែរ ដែលមាន​ជា​យូរលង់​មកហើយ​។ ការតាំង​បង្ហាញ​កី​តម្បាញ​នោះ​ទៀតសោត ក៏​មិនមែន​ត្រឹមតែ​ឱ្យ​ភ្ញៀវ​ចូលទៅ​ទស្សនា​ឧបករណ៍​តែប៉ុណ្ណោះ​ទេ គឺ អ្នកជំនាញ​របស់​សារមន្ទីរ នឹង​ពន្យល់​ទៅតាម​ដំណាក់កាល​នីមួយៗ នៃ​ដំណើរការ​ត្បាញ​ហូល ដើម្បី​បង្ហាញជូន​ភ្ញៀវ​ទស្សនា​ផង និង​អាចឱ្យ​ភ្ញៀវ​សាកល្បង​ត្បាញ​ផង​ក៏បាន ដើម្បី​ស្វែងយល់​កាន់តែច្បាស់​ពី​របៀប​ត្បាញ​តាមបែប​បុរាណ​ខ្មែរ​។​

សារមន្ទីរ​វាយនភ័ណ្ឌ​ប្រពៃណី​អាស៊ី​មាន​លក្ខណពិសេស​ជាង​សារមន្ទីរ​ផ្សេងទៀត​នៅក្នុង​ប្រទេស​កម្ពុជា គឺ​ការ​ដាក់តាំង​បង្ហាញ​កី​តម្បាញ​មកពី​ប្រទេស​ជាច្រើន ដូចជា​ប្រទេស​ឥណ្ឌា ប្រទេស​ឡាវ ប្រទេស​ភូមា ហើយ​ឧបករណ៍​ទាំងនោះ​មាន​លក្ខណៈពិសេស​រៀងៗ​ខ្លួន ដោយ​បច្ចេកទេស​ធ្វើឡើង​ទៅតាម​លក្ខខណ្ឌ​បរិបទ​នៃ​បរិស្ថាន​ផ្សេងៗ​គ្នា​។​
​ពេលអនាគត សារមន្ទីរ​វាយនភ័ណ្ឌ​ប្រពៃណី​អាស៊ី ក៏មាន​បំណង​នាំយក​ឧបករណ៍​តម្បាញ​មួយចំនួន​មកពី​តំបន់​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​មក​តាំង​បង្ហាញ​ដល់​សាធារណជន​ដែរ​។​

​សូម​ជម្រាប​ដែរ​ថា ទីតាំង​នៃ​សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី ស្ថិតនៅ​ភូមិ​បឹង​ដូន​ប៉ា តាម​បណ្តោយ​ផ្លូវ​សម្តេច​វិបុល​បញ្ញា​សុខ អាន (​ផ្លូវ​៦០​ម៉ែត្រ​)​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។ លេខ​ទូរស័ព្ទ​ទំនាក់ទំនង (+855)63 765 574៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close