រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំរុញឱ្យបង្កើនការលក់កញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍អេកូទេសចរណ៍
ភ្នំពេញ៖ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យអេកូទេសចរណ៍ និងទេសចរណ៍សហគមន៍ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យការីទេសចរណ៍បង្កើនការលក់កញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍អេកូទេសចរណ៍អាស៊ាន និងសហគមន៍នានានៅកម្ពុជា ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិឱ្យបានកាន់តែច្រើន។
គួរជម្រាបថា សហគមន៍អេកូទេសចរណ៍ចំនួន២នៅកម្ពុជាបានទទួលពានរង្វាន់ស្ដង់ដាសហគមន៍អេកូទេសចរណ៍អាស៊ាន ក្នុងនោះរួមមានសហគមន៍អេកូទេសចរណ៍សម្រស់កោះហាន នៅខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍ព្រៃធំអន្លង់ធំ នៅខេត្តសៀមរាប។ ដើម្បីផ្សព្វផ្សាយនូវកិត្តិនាមនេះ ក្រសួងទេសចរណ៍ សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ គម្រោងព្រៃឡង់បៃតង អង្គការកម្មវិធីផ្លាស់បទពិសោធន៍អនុផលព្រៃឈើកម្ពុជា (NTFP-EP/Cambodia) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយគោលដៅសហគមន៍ និងអេកូទេសចរណ៍នៅតំបន់មេគង្គលើ និងនៅភ្នំត្បែងមានជ័យ ទៅដល់ការីទេសចរណ៍ និងភាគីពាក់ព័ន្ធ។
សិក្ខាសាលានេះធ្វើឡើងនារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។
នាឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងនូវអនុសាសន៍ណែនាំឱ្យវិស័យឯកជន ពិសេសក្រុមហ៊ុនទេសចរណ៍ និងការីទេសចរណ៍ទាំងក្នុងក្របខណ្ឌសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) និងបណ្តាអ្នករៀបចំកញ្ចប់ទស្សនកិច្ចឯកជនជួយបញ្ចូលគោលដៅសហគមន៍ទាំង៥ខាងលើ ទៅក្នុងកញ្ចប់ទស្សនកិច្ចរបស់ខ្លួន ក៏ដូចជាជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅដល់ភ្ញៀវទេសចរ និងស្នើឱ្យពង្រឹងការគាំទ្រជួយដល់សហគមន៍ តាមរយៈការប្រើប្រាស់សេវារបស់សហគមន៍ឱ្យបានច្រើន ដែលជាការលើកទឹកចិត្តដល់ការចូលរួមរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។
ឯកឧត្ដមរដ្ឋមន្ត្រីបានណែនាំដល់លេខាធិការដ្ឋានគណៈកម្មាធិការជាតិ ត្រូវបន្តសហការជាមួយក្រុមការងារទីភ្នាក់ងារ USAID និងអង្គការ NTFP-EP រួមជាមួយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ និងសហគមន៍គោលដៅទាំង៥ រៀបចំនូវឧបករណ៍ផ្សព្វផ្សាយនានា (Promotional Materials) ពិសេសសហការជាមួយដៃគូពាក់ព័ន្ធ ផ្សព្វផ្សាយគោលដៅសហគមន៍ខាងលើឱ្យបានទូលំទូលាយ។
ឯកឧត្ដមក៏បានស្នើឱ្យស្ថាប័នដៃគូអភិវឌ្ឍ អង្គការជាតិនិងអន្តរជាតិនានាបន្តផ្តល់ការគាំទ្រដល់ការអភិវឌ្ឍតំបន់សហគមន៍ទាំង៥នេះ ទាំងលើផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ។ មិនតែប៉ុណ្ណោះ សូមជួយផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុនានាដល់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍសហគមន៍ទេសចរណ៍និងអេកូទេសចរណ៍ លើការអនុវត្តគម្រោងនានាពាក់ព័ន្ធនឹងអេកូទេសចរណ៍ និងសហគមន៍។
ជាមួយគ្នានោះដែរ លោក ស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំប្រទេសរបស់ NTFP-EP Cambodia និងកញ្ញា ហាញ់ ង្វៀន (Hanh Nguyen) នាយកបេសកកម្មស្តីទីរបស់ USAID ក៏បានបញ្ជាក់ពីការប្ដេជ្ញាចិត្តចូលរួមក្នុងកិច្ចការអភិវឌ្ឍសហគមន៍អេកូទេសចរណ៍នៅតាមតំបន់មេគង្គលើ និងនៅភ្នំត្បែងមានជ័យថែមទៀតដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។