បឹងដ៏ធំ ដែលអ្នកស្រុកហៅតៗគ្នាថា«ទន្លេផែន» លើកំពូលភ្នំសំកុស បង្ហាញសម្រស់ដ៏ស្រស់ស្អាត កំពុងលាក់ខ្លួនក្នុងព្រៃជ្រៅ
បឹងដ៏ធំ ដែលអ្នកស្រុកហៅតៗគ្នាថា«ទន្លេផែន» ស្ថិតនៅរយៈកម្ពស់១៤០០ម លើកំពូលភ្នំសំកុស មានសម្រស់ដ៏ស្រស់ស្អាត កំពុងលាក់ខ្លួនក្នុងព្រៃជ្រៅ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។ ទន្លេផែន មានដើមឈើធំៗខ្ពស់ៗ នៅព័ន្ធជុំវិញបឹងដែលមានទឹកថ្លាឆ្វង់ និងមានបណ្តោយប្រវែងជាង៤០០ម និងទទឹងជាង២០០ម។
អ្នកភូមិដែលធ្លាប់កាន់តំបន់ក្បែរនេះ បានបញ្ជាក់ថា ពីមុនមក កម្រមាននរណាទៅដល់កន្លែងបឹងនេះ ។ កន្លងមក អ្នកភូមិចំនួន៤ទៅ៥នាក់ នៃឃុំអូរជាំ ស្រុកសំឡូត ខេត្តបាត់ដំបង បានទៅរកថ្នាំ បេះក្រវាញ បេះសោម ក្បែរៗនោះប៉ុណ្ណោះ ហើយក៏មិដែលបានមកសម្រាកក្បែរមាត់បឹងនេះ។
ក្រុមការងារក្រសួងបរិស្ថាន ដឹកនាំដោយ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ចុះពិនិត្យនិងសិក្សាសក្តានុពលធនធានធម្មជាតិ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។
លោក កត បូរាន ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បានឲ្យដឹងថា ការរកឃើញទន្លេផែន បឹងធម្មជាតិដ៏ធំ នៅលើកំពូលភ្នំសំកុស នឹងនាំឲ្យការពង្រឹងបន្ថែមទៀតលើការការពារនិងការអភិរក្សធនធានធម្មជាតិដ៏ល្អ និងមានសក្តានុពលសម្រាប់ទេសចរណ៍ធម្មជាតិថ្មីបន្ថែមទៀត ដែលផ្តល់ប្រយោជន៍បន្ថែមដល់សេដ្ឋកិច្ចជាតិ និងដល់សហគមន៍មូលដ្ឋាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។