ទីលាន​ទុកដាក់​សំរាម ២​កន្លែង នៃ​គម្រោង​កែលម្អ​គ្រប់គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេសាប ជំហាន​ទី​១ សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ

​នា​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​-​ទទួល និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ ទីលាន​ទុកដាក់​សំរាម​ក្នុង​ក្រុង​កំពង់ឆ្នាំង និង​ក្រុង​ពោធិ៍សាត់ នៃ​គម្រោង​កែលម្អ​គ្រប់គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេសាប ជំហាន​ទី​១ ក្រោម​កម្ចី​ឥណទាន​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែល​ក្នុង​ពិធី​ទាំងពីរ​នេះ ក៏មាន​ការចូលរួម​ផងដែរ​ពី​សំណាក់ ថ្នាក់ដឹកនាំ​ក្រសួង ក្រុមការងារ​នៃ​ធនាគារអភិវឌ្ឍន៍អាស៊ី អាជ្ញាធរ​ដែនដី​ក្នុង​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់ និង​មន្ត្រី​បច្ចេកទេស​គម្រោង​ជាច្រើនរូប​ផងដែរ​។

​កម្មវិធី​នាឱកាស​នេះ​ត្រូវបាន​ប្រារព្ធ​ឡើង​ដើម្បី​ប្រគល់​-​ទទួល ទីលាន​ទុកដាក់​សំរាម​ក្នុង​ក្រុង​កំពង់ឆ្នាំង និង​ក្រុង​ពោធិ៍សាត់ ក្រោម​គម្រោង​កែលម្អ​គ្រប់គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេសាប ជំហាន​ទី​១ នៃ​កម្ចី​ឥណទាន​ធនាគារអភិវឌ្ឍន៍អាស៊ី ដែល​ក្នុងនោះ​មាន​ក្រុមហ៊ុន អ៊ឹង ស៊ីម​ស៊ា ខន​ស្ត្រា​ក់សិន ជា​អ្នកទទួលបន្ទុក​សាងសង់ និង​គ្រប់គ្រង​គម្រោង​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ប្រគល់ជូន​ដល់​អាជ្ញាធរ​នៃ ខេត្ត​ទាំងពីរ​នេះ​អាច​ទទួល​គ្រប់គ្រង និង​អនុវត្ត​ការងារ​បន្តទៀត​។​

​ថ្លែង​ក្នុង​ពិធី​ប្រគល់​-​ទទួល​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលជា​ដៃគូ​អភិវឌ្ឍន៍​មួយ តែងតែ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ តាមរយៈ​កម្ចី​ឥណទាន និង​បាន​ថ្លែង​អំណរ​ក្រុមហ៊ុន​សាងសង់ ក្រុមការងារ​ត្រួតពិនិត្យ​បច្ចេកទេស នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន អាជ្ញាធរ​ដែនដី និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​បានផ្តល់​កិច្ចសហការ​យ៉ាង​ល្អប្រសើរ ជំ​រុញឱ្យ​ការងារ​សាងសង់​អាច​ដំណើរការ​ទៅបាន​ដោយ​រលូន និង​បញ្ចប់​តាម​ផែនការ​គ្រោងទុក​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី បានលើកឡើង​អំពី​គុណសម្បត្តិ​នៃ​ការ​ទុកដាក់​សំរាម និង​កាកសំណល់​នានា ឱ្យស្រប​តាម​បទដ្ឋាន​បច្ចេកទេស ដោយ ឯកឧត្តម បាន​សង្កត់ធ្ងន់ថា​៖ ទីលាន​ទុកដាក់​សំរាម​ទាំងពីរ​កន្លែង​នេះ នឹងចូលរួម​ចំណែក​ក្នុងការ​លើកកម្ពស់​គុណ​ភាព​ការរស់នៅ​បងប្អូន​នៅក្នុង​តំបន់ និង​តំបន់​ជុំវិញ ជាពិសេស​គឺ​ការកាត់បន្ថយ​បញ្ហា​ប្រឈម​ទៅលើ​កត្តា​សុខភាព និង​ការបំពុល បំផ្លាញ​បរិស្ថាន​ផងដែរ​។​

​ឆ្លៀត​ក្នុងឱកាស​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​កត្តា​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ និង​ប៉ិនប្រសព្វ​របស់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ព្រមទាំង​បាន​សង្កត់ធ្ងន់​លើ​ការផ្ដល់​អាទិភាព​ពី​រាជរដ្ឋាភិបាល លើ​ការអភិវឌ្ឍ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព ដែល​បានអនុញ្ញាត​ឱ្យមាន​ការ​សិក្សា​សមិទ្ធិ​លទ្ធភាព ការសាងសង់​/​ស្តារ និង​លើក​កម្រិត​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​-​ស្ពាន ជា​បន្តបន្ទាប់​រួមមាន​ដូចជា​៖ ការលើក​កម្រិត​គុណភាព​ផ្លូវជាតិ​/​ផ្លូវ​ខេត្ត គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន គម្រោង​សាងសង់​ផ្លូវដែក​ល្បឿន​លឿន គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក និង គម្រោង​សាសង់​អាកាសយានដ្ឋាន​ថ្មីៗ ជាដើម​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​បន្ថែមទៀតថា​៖ ដោយសារ​មាន​សុខសន្តិភាព​ពេញលេញ ទើប​ប្រទេស​មានការ​អភិវឌ្ឍ និង​នាំមក​នូវ​ការវិនិយោគ​គ្រប់​ទម្រង់ ជាមួយ​ផ្តល់ឱកាស​ការងារ​ជាច្រើន​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ទាំងអស់នេះ​គឺជា​បច្ច័យ​ដែល​ធ្វើឱ្យ​អត្រា​អាយុ​សង្ឃឹម​រស់ របស់​ប្រជាជន​ខ្មែរ​យើង​មានការ​កើនឡើង បើ​ធៀប​នឹង​រយៈពេល​ជាង​២០​ឆ្នាំមុន​។ អ្វី​ដែលជា​មោទនភាព​នោះ គឺ​អត្រា​អាយុ​សង្ឃឹម​រស់​របស់​កម្ពុជា​យើង មានការ​កើនឡើង បើទោះជា​ប្រទេស​យើង ជា​ប្រទេស​កំពុងអភិវឌ្ឍន៍​ក៏ដោយ​។​

​ទន្ទឹមនឹងនេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី បាន​ក្រើនរម្លឹក​ដល់​បងប្អូន​ប្រជា​ពលរ​រដ្ឋ ដែលមាន​សិទ្ធិ​ក្នុងការ​បោះឆ្នោះ សូមកុំ​ភ្លេច​ចូលរួម​បោះឆ្នោត​ទាំងអស់គ្នា សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នីតិកាល​ទី​៧ នៃ​រដ្ឋសភា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃអាទិត្យ ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣ ខាងមុខនេះ ដើម្បី​បន្ត​រួមគ្នា​ថែរក្សា​ការពារ​សុខសន្តិភាព និង​ដើម្បី​បន្ត​ស្តារ លើកកម្ពស់ ការអភិវឌ្ឍ​កម្រិតជីវភាព របស់​បងប្អូន​ឱ្យ​កាន់តែ​ប្រសើរឡើង និង​មាន​ភាពទំនើប​ជឿនលឿន​ជាង​នេះ​បន្ថែមទៀត​។​

​សូម​ជម្រាបជូន​ដែរ​ថា​៖ ទីលាន​ទុកដាក់​សំរាម​ក្នុង​ក្រុង​កំពង់ឆ្នាំង ត្រូវបាន​សាងសង់​នៅលើ​ផ្ទៃដី​សរុប​ទំហំ ១១,៦៥ ហិច​តា ស្ថិត​ក្នុងភូមិ​ត្រពាំង​ស្បូវ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ កន្លែង​ទុកដាក់​សំរាម​ត្រូវបាន​រចនា​ឡើងជា​ពីរ​រណ្ដៅ ដែល​រណ្ដៅ​នីមួយៗ​មាន​ក្រឡា​ផ្ទៃ ០,៦៤ ហិច​តា (​បណ្ដោយ​៨០​ម៉ែត្រ ទទឹង​៨០​ម៉ែត្រ និង​ជំរៅ​១​ម៉ែត្រ​) និង​មាន​សមត្ថភាព​ផ្ទុក​សំរាម​បាន​ចំនួន ១២០.០០០ ម៉ែត្រ​គីប​។

​គម្រោង​នេះ​បាន​ចំណាយ​ថវិការ​សាងសង់​ប្រមាណ ១,៣៩ លាន​ដុល្លារ​អាមេរិក ហើយ​គ្រោង​ដាក់ឱ្យ​ប្រើប្រាស់​ក្នុង​រយៈពេល ១០​ឆ្នាំ (​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០៣២) សម្រាប់​ប្រជាជន​ក្នុង​ក្រុង​កំពង់ឆ្នាំង និង​ស្រុក​ដែល​នៅក្បែរ​ទីលាន​ទុកដាក់​សំរាម​។​ ​ចំពោះ​ទីលាន​ទុកដាក់​សំរាម​ក្នុង​ក្រុង​ពោធិ៍សាត់ ត្រូវបាន​សាងសង់​នៅលើ​ផ្ទៃដី​សរុប​ទំហំ ១៥,៥០ ហិច​តា ស្ថិតក្នុង​ភូមិ​ទួល​ម្កាក់ ឃុំ​រលាប ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ កន្លែង​ទុកដាក់​សំរាម​ត្រូវបាន​រចនា​ឡើងជា​ពីរ​រណ្ដៅ ដែល​រណ្ដៅ​នីមួយៗ​មាន​ក្រឡា​ផ្ទៃ ០,៧២ ហិច​តា (​បណ្ដោយ​៨៥​ម៉ែត្រ ទទឹង​៨៥​ម៉ែត្រ និង​ជំរៅ​០,៦៥​ម៉ែត្រ​) និង​មាន​សមត្ថភាព​ផ្ទុក​សំរាម​បាន​ចំនួន ១៤០.០០០ ម៉ែត្រ​គីប​។ គម្រោង​នេះ​បាន​ចំណាយ​ថវិកា​សាងសង់​ប្រមាណ ១,៦៧​លាន​ដុល្លារ​អាមេរិក ហើយ​គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​ក្នុង​រយៈពេល ១៥​ឆ្នាំ (​ឆ្នាំ​២០២២ ដល់​ឆ្នាំ​២០៣៧) សម្រាប់​ប្រជាជន​ក្នុង​ក្រុង​ពោធិ៍សាត់ និង​ស្រុក​ដែល​នៅក្បែរ​ទីលាន​ទុកដាក់​សំរាម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close