គម្រោងស្ថាបនាផ្លូវជាតិលេខ១០ភ្ជាប់សំឡូត ទៅកោះកុង សម្រេចបាន ៥៦% ហើយ
គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលមានប្រវែង ១៩៧,៦៩៧គីឡូម៉ែត្រ លាតសន្ធឹងពីស្រុកសំឡូត នៃខេត្តបាត់ដំបង ឆ្លងកាត់ស្រុកវាលវែង នៃខេត្តពោធិ៍សាត់ បន្តរហូតដល់ខេត្តកោះកុង គិតមកទល់បច្ចុប្បន្ន សម្រេចការសាងសង់បានជាង ៥៦%ហើយ ។ នេះជាការលើកឡើងរបស់លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ ក្នុងឱកាសចុះពិនិត្យបច្ចេកទេស និងវឌ្ឍនភាពការងារគម្រោងសាងសង់ផ្លូវជាតិលេខ១០ កាលពីថ្ងៃទី២២ កុម្ភៈ ថ្មីៗនេះ។
គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៧,៦៩៧គីឡូម៉ែត្រ តភ្ជាប់ពីសំឡូត- វាលវែង-អូរសោម ដល់កោះកុង សាងសង់តាមបទដ្ឋានបច្ចេកទេសកម្រិត៣ របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន២៨កន្លែងប្រវែង ១.៧២១,៤៦ម៉ែត្រ ដែលក្នុងនោះមានស្ពានខ្ពស់ជាងគេមួយដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាព។
គួរបញ្ជាក់ដែរថា ផ្លូវជាតិលេខ១០នេះ បានបើកការដ្ឋានសាងសង់កាលពីដើមខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ។ ផ្លូវជាតិលេខ១០នេះ ត្រូវបានចាត់ទុកថា គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិដ៏មានសក្តានុពល អាចជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃដីក្នុងប្រទេស និងជាមួយតំបន់ ដែលរួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការដូរពាណិជ្ជកម្ម វិនិយោគដំណាំកសិផល កសិឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។