ស្ពានអាកាសឬស្សីកែវ នឹងបើកដំណើរការនៅដើមខែក្រោយ

ដើម្បីជួយសម្រួលដល់លំហូរចរាចរ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានទទួលគោ​​លការណ៍​អនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដាក់ឱ្យប្រើប្រាស់ជាបណ្ដោះ​អាសន្នស្ពានអាកាស​ឫស្សី​កែ​វ ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣តទៅ។

តាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្ពានអាកាសឫស្សីកែវនេះត្រូវបានសាងសង់រួចរាល់១០០ភាគរយ ប៉ុន្តែនៅ​សល់​​តែការងារក្រាលកៅស៊ូ និងអ៊ុតគំនូសចរាចរ រៀបការ៉ូឡា ខឿន សួន ការងារ តុបតែង លម្អផ្សេងៗ ត្រូវពន្លឿនឱ្យរួចរាល់ ក្នុងរយៈពេល តែពីឬបីថ្ងៃទៀតនេះ ដើម្បីដាក់ឱ្យបងប្អូនប្រើប្រាស់ជាបណ្តោះអាសន្ន នូវស្ពានអាកាសឫស្សីកែវ ដែលមានប្រវែង៤៨៣ម៉ែត្រ ទទឹង១៥.៨ម៉ែត្រ ក្នុងបំណងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ រំដោះការកកស្ទះចរាចរណ៍។

គូសបញ្ជាក់ថា ស្ពានអាកាសឫស្សីកែវ ដែលមានទីតាំងនៅក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន។

ស្ពានអា​កា​​សថ្មីមួយនេះ មានបណ្តោយសរុបប្រវែង ៤៨៣ម៉ែត្រ និងមានទទឹង ១៥,៨ម៉ែត្រដែលសាងសង់ឡើងដោយក្រុម​ហ៊ុន​វិនិយោគទុនអាណិកជនកម្ពុជា (OCIC)។ ស្ពានអាកាសឫស្សីកែវនេះគឺជាស្ពានអាកាសទី៧ បន្ទាប់ពីស្ពានអាកាសចោមចៅ ស្ពានអាកាសផ្សារដីហុយ ស្ពានអាកាស៥មករា សា្ពនអាកាសស្ទឹងមានជ័យ ស្ពានអាកាស ៧មករា និងអាកាសក្បាលថ្នល់។ ខណៈបច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញកំពុងតែសាងសង់ស្ពានអាកាសចំនួន ២បន្ថែមទៀត គឺស្ពានអាកាសព្រះមុនីវង្ស ស្ថិតនៅផ្លូវលេខ២៧១ និងស្ពានអាកាស គង់ សំអុល ស្ថិតនៅផ្លូវលេខ២០០៤៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close