ប្រទះឃើញសត្វខ្ទីង២ក្បាលរស់នៅជាមួយហ្វូងគោ ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សត្វខ្ទីងចំនួន២ក្បាល ដែលរស់នៅជាមួយហ្វូងគោរបស់ប្រជាពលរដ្ឋស្ថិតនៅភូមិស្រែវាល ឃុំធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ នៃដែនជម្រកសត្វព្រៃ«ព្រៃឡង់» កាន់តែបន្សាំជាមួយនឹងមនុស្ស ពេលនេះសត្វខ្ទីង​ទាំង​២ បានដើរចូលទៅក្នុងភូមិជាមួយហ្វូងគោ ខណៈ​មន្ត្រី​ជាន់ខ្ពស់ក្រសួងបរិស្ថាន​អំពាវ​នាវបងប្អូនប្រជាពលរដ្ឋចូលរួមការពារ និងអភិរក្សប្រភេទសត្វដ៏កម្រនេះ។

លោក នេត្រ​ ភក្ត្រា មន្ត្រីនាំ​ពាក្យ​ក្រសួង​បរិស្ថាន មានប្រសាសន៍ថា ការ​ប្រ​ទះ​ឃើញ​សត្វ​ទាំង​២ក្បាល​នេះ ​គឺ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ ព្រោះ​ពួកវា​បាន​ផ្ស៊ាំ​ខ្លួន​ទៅ​នឹង​ការ​រស់​នៅ​ជាមួយ​នឹង​ហ្វូង​គោ​​អ្នក​ភូមិ​មួយ​រយៈ​ពេល​ធំ​មក​ហើយ​។ ស្ថាន​ភាព​បែប​នេះ គឺ​​បង្ហាញ​ថា ​សត្វ​ព្រៃនិង​សត្វ​ស្រុក​ដែល​រកស៊ី​ក្នុង​ព្រៃ គឺ​បាន​ផ្ស៊ាំ​ជា​មួយ​​គ្នា​ទៅ​ហើយ​ដែល​ករណី​នេះ គឺ​មាន​តែ​ទាម​ទារ​ឱ្យ​មាន​ការចូល​រួម​ថែរក្សា ​និង​អភិរក្ស​សត្វ​ព្រៃ​ទាំង​នេះ ដោយកុំ​ធ្វើ​​ស​​ក​ម្ម​ភា​ព​បរ​បាញ់ និង​ធ្វើ​អ្វី​ដែល​បណ្តាល​ឱ្យ​ប៉ះ​ពាល់ ឬ​គ្រោះ​ថ្នាក់​ដល់​ពួក​វា​។​​

យោង​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​អ្នក​ជំនាញ​បច្ចុប្បន្ន ចំ​នួន​ប្រជា​សាស្ត្រ​នៃ​សត្វ​ខ្ទីង​នៅលើ​ពិភព​លោក​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា​ មាន​ចន្លោះ​ពី​១៥០០០​ ទៅ​ ៣៥០០០​ក្បាល ​ក្នុង​នោះបើ​យោង​តាម​ទិន្នន័យ​ទីវាល ចំនួន​សត្វ​ខ្ទីង​ពេញ​វ័យ​អាច​មាន​ចន្លោះ​ពី​៦០០០​ ទៅ ២១០០០​ក្បាល​ប៉ុណ្ណោះ​។ ចំនួន​សត្វ​ខ្ទីង​ ត្រូវ​បាន​សិក្សា​ថា ​មាន​ការ​ថយចុះ​ជាង​៨០ភាគ​រយ​ក្នុង​រយៈ​ពេល​១​សត​វត្សរ៍​ចុង​ក្រោយ​នេះ ហើយ​សត្វ​ខ្ទីង​នៅលើ​ពិភពលោ​ក​បាន​ថយចុះ​ប្រមាណ​៩០​ភាគរយ ចា​ប់ពី​ពាក់​កណ្តាល​សតវត្សរ៍​ទី​២០​មក​។ តាម​ការ​សិក្សា​របស់​អ្នក​ជំនាញ សត្វ​ខ្ទីង​នៅ​កម្ពុជា ​មានការ​ធ្លាក់​ចុះ​ប្រមាណ​ជាង​៥០​ភាគរយ​ នៅក្នុង​អំឡុង​ពេល​ចន្លោះ​ពី​ឆ្នាំ​១៩៦០​មក​ដល់​ដើម​ឆ្នាំ​១៩៩០​។

បច្ចុ​ប្បន្ន ខ្ទីង​កំពុងបង្ហាញ​វត្តមាន​នៅក្នុ​ង​ប្រទេស ​ប៊ូ​តង់ កម្ពុជា ចិន​ ឥណ្ឌា ឡាវ ម៉ាឡេ​ស៊ី មី​យ៉ាន់​ម៉ា នេ​ប៉ាល់ ថៃ​ និង​វៀត​ណាម ​ប៉ុន្តែ​បាន​ផុត​ពូជ​នៅក្នុង​ប្រទេស​ស្រីលង្កា​ និង​ប្រទេស​បង់​ក្លា​ដែស​។ សម្រាប់​វត្តមាន​សត្វ​ខ្ទីង​នៅ​កម្ពុជា​វិញ ​មិន​ទាន់​មាន​ទិន្នន័យ​ច្បាស់​លាស់​ថា​មាន​​ចំនួន​ប៉ុន្មាន​ឡើយ​។ ជាមួយគ្នានេះដែរ ​ក្រសួង​បរិ​ស្ថាន នឹង​បន្ត​សហការ​ជាមួយ​អង្គកា​រ​ដៃគូ​នានាក្នុង​កិច្ចការ​ពារ ​និង​អភិរ​ក្ស​ធនធា​នធ​ម្មជាតិ​នៅ​កម្ពុជា ដើម្បី​​ថែរក្សា​ការពារ​ឱ្យបាន​គង់វង្ស​នូវ​ធន​ធានធម្ម​ជាតិ ព្រៃ​ឈើ និង​សត្វព្រៃ ដោយ​អំពាវ​នាវ​ដល់​ជនរួ​មជា​តិត្រូវ​ចូលរួ​ម​ការពា​រ និង​អភិរក្ស​សត្វ​ព្រៃ ជា​ពិសេស​សត្វ​ព្រៃ​កម្រៗ​នៅលើ​ពិភព​លោក ​ដែ​ល​មាន​នៅ​កម្ពុជា​សម្រាប់​ឱ្យ​កូន​ចៅ​ជំនាន់​ក្រោយ​បាន​ស្គាល់​ និង​បាន​ឃើញដោ​យ​បញ្ឈប់​ទាំងកា​របរិ​ភោគ​​សាច់​សត្វ​ព្រៃផង​ដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close