គូរស្នេហ៍វ័យក្មេង យកសាំងចាក់ដុតសម្លាប់ខ្លួននៅក្នុងផ្ទះសំណាក់ សង្ស័យមានវិបត្តិ
(ស្វាយរៀង) ៖ មនុស្សប្រុសស្រីពីរនាក់ ត្រូវបានគេសង្ស័យថាជាគូស្នេហ៍ បានចាក់សាំងដុតសម្លាប់ខ្លួនក្នុងផ្ទះសំណាក់មួយកន្លែងស្ថិតនៅស្រុករំដួល ក្នុងខេត្តស្វាយរៀង បង្កការភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។
សមត្ថកិច្ចនគរបាលស្រុករំដួល បានឱ្យដឹងថា នៅវេលាម៉ោង៧:៤០នាទីព្រឹក មានប្រជាពលរដ្ឋរាយការណ៍ថា នៅចំណុចផ្ទះសំណាក់ការ៉េ៧ ស្ថិតនៅភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង មានអគ្គិភ័យមួយបានកើតឡើង និងមានមនុស្សពីរនាក់បានស្លាប់។ ក្រោយទទួលបានព័ត៌មានភ្លាមៗកម្លាំងជំនាញ សហការជាមួយជំនាញខេត្ត និងលោកវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យសព។
សពដែលប្រទះឃើញមានសភាពដេកនៅលើគ្រែត្រូវភ្លើងឆេះខ្លោចក្នុងផ្ទះសំណាក់ខាងលើ។ ទី១.មានឈ្មោះ វ៉ន ញ៉ាញ់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល និងទី២. មានឈ្មោះ អាន ចិន្តា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។
បើយោងតាមក្រុមគ្រូពេទ្យបានធ្វើការសន្និដ្ឋានថា សពបានស្លាប់ដោយសារធ្វើអត្តឃាត ចាក់សាំងដុតសម្លាប់ខ្លួនឯងពិតប្រាកដមែន ហើយការឈានដល់ចាក់សាំងដុតសម្លាប់ខ្លួនឯងនេះ គឺអាចដោយសារតែមានវិបត្តិស្នេហា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។