ឯកឧត្ដម ថោង ខុន សម្រេច​ផែនការ​ត្រៀម​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៧ ដែល​នឹង​ឈានដល់​ថ្ងៃទី​៨ មីនា ខាងមុខ នៅ​ខេត្តកំពង់ធំ

​កំពង់ធំ​៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ នា​រសៀល​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២៣​នេះ បាន​បន្ត​ដឹកនាំ​កិច្ចប្រជុំ​ដើម្បី​ស​ម្រេ​ផែនការ​ត្រៀម​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ ដែល​គ្រោង​ធ្វើឡើង​នៅ​ខេត្តកំពង់ធំ នា​ថ្ងៃទី​៨-១០ ខែមីនា ឆ្នាំ​២០២៣ ដោយ​ផ្តោត​សំខាន់​លើ​ការអប់រំ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍ ផ្សារភ្ជាប់​ជាមួយ​វប្បធម៌ អរិយធម៌ ប្រវត្តិសាស្ត្រ បរិស្ថាន និង​ការរស់នៅ​របស់​ប្រជាជន​នៅតាម​ដង​ទន្លេ ស្ទឹង​ក្នុង​តំបន់ ព្រមទាំង​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៉ី​ហ្គេម​។​

​គួរ​ជម្រាប​ថា ពី​ធី​បុណ្យ​ទន្លេ​លើក​ទី​៧ នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​៨-១០ ខែមីនា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ​៖ ទន្លេ​របស់​យើង ដើម្បី​បច្ចុប្បន្ន និង​អនាគត (Our River for Now and Next) ក្រោម​កិច្ចសហការ​រៀបចំ​រប​ស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​រៀបចំ​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្តកំពង់ធំ​។​

​ក្រោយពី​ស្តាប់រ​របាយការណ៍​រប​ស់​មន្ត្រី​ជំនាញ​គ្រប់ផ្នែក​រួចមក ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ពិធីបុណ្យ​ទន្លេ​ឆ្នាំនេះ​នឹង​ផ្តល់ជូន​សកម្មភាព​សំខាន់ៗ​ដូចជា​ការសម្ដែង​ទស្សនីយភាព​សិល្បៈ របាំ​ជនជាតិ ភាគតិច កួយ ការប្រគុំ​តន្ត្រី និង​ការបាញ់​កាំជ្រួច​អបអរសាទរ​ពិធីបុណ្យ​ទ​ន្ល​។ មហោស្រព​ម្ហូបអាហារ​ខ្មែរ ព្រមទាំង​ការបង្ហាញ​ផលិតផល​ទេសចរណ៍ និង​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​របស់​ខេត្ត​តាម​ដង​ទន្លេ និង​ការតាំងពិព័រណ៍​ផលិតផល​សិប្បកម្ម ក​សិ​ទេសចរណ៍ និង​ផលិតផល​ក្នុងស្រុក ភូមិ មួយ ផលិត មួយ ផលិតផល​កែច្នៃ រួមទាំង​មាន​សកម្មភាព​កីឡា ដោយមាន​ការចូលរួម​ពី​សំណាក់​កីឡាករ​-​កីឡា​ការ​នី​ជាតិ​និង​អន្តរជាតិ​។​

​ឯកឧត្ដម ថោង ខុន បានឱ្យដឹងថា ពិធីបុណ្យ​ទន្លេ​លើក​ទី​៧​នេះ គឺមាន​គោលបំណង​ជំរុញ​លើក​តម្លៃ និង​ផ្សព្វផ្សាយ​សក្តានុពល​ទេសចរណ៍​ខេត្ត​នានា​តាម​ដង​ទន្លេ ជាពិសេស​លើកទឹកចិត្ត​ដល់​ប្រជាជន​នៅតាម​បណ្តា​ខេត្ត​ទាំងនោះ​ឱ្យ​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​អភិវឌ្ឍ​ទីក្រុង​ជាប់​ដង​ទន្លេ ការងារ​អភិវឌ្ឍ​ទេសចរណ៍​សហគមន៍​។​

​ឯកឧត្ដម ថោង ខុន ក៏បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ក្រសួងទេសចរណ៍ រដ្ឋបាលខេត្ត​កំពង់ធំ និង​មន្ត្រី​អន្តរក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​សហការគ្នា​ត្រៀម​រៀបចំ​ឱ្យបាន​រួចរាល់​គ្រប់ផ្នែក​ទាំងអស់ ទាំង​ការរៀបចំ​ការតាំង​ពិ​រណ៍ ទាំង​ផ្នែក​កីឡា និង​ការរៀបចំ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់ផ្នែក​ទាំងអស់​មុន​ពិធីបុណ្យ​ទន្លេ​មកដល់​។​

​ឯកឧត្ដម​រដ្ឋមន្ត្រី ថោង ខុន បាន​សង្កត់ធ្ងន់​ទៀតថា ត្រូវ​រៀបចំ​ឱ្យមាន​ការតាំងពិព័រណ៍​ផលិតផល​ក្នុងស្រុក​ឱ្យបាន​ច្រើន ដែល​បានមកពី​ផលិត​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក ក្រៅពីនេះ​ក៏ត្រូវ​មានការ​បង្ហាញ​អំពី​សក្ដានុពល​វប្បធម៌ តំបន់​ប្រវត្តិសាស្ត្រ ដើម្បី​បង្ហាញ​ដល់​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​បាន​យល់ថា កម្ពុ​ជាមាន​ប្រវត្តិសាស្ត្រ មាន​វប្បធម៌​យូរលង់​មកហើយ​របស់​កម្ពុជា​ផងដែរ​។ ជាមួយគ្នា​នោះ​សម្រាប់​សម្មភាព​ក្នុងការ​ផ្សព្វផ្សាយ​ទេសចរណ៍​សហគមន៍ ក៏​ត្រូវតែ​រៀបចំ​ឱ្យបាន​ផុសផុល​នៅក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧​នេះ​ផងដែរ​។​

​តាម​ឯកឧត្ដម ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ បានឱ្យដឹង​ដែរ​ថា សម្រាប់​ផែនការ​នៃ​ការត្រៀម​រៀបចំ​បុណ្យ​ទន្លេ​លើក​ទី​៧​នេះ គឺ​បានរៀបចំ​រួច​ហេ​ី​យ​មួយចំនួនធំ នៅសល់តែ​កិច្ចការ​ចំពោះមុខ​តិចតួច ដែល​មិនទាន់​ចេញ​ជា​រូបរាង​តែប៉ុណ្ណោះ ដោយ​លោក​ក៏បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​រៀបចំ​ឱ្យបាន​រួចរាល់​ទាន់ពេលវេលា ទាំង​ការរៀបចំ​អនាម័យ​តាម​ដងផ្លូវ​សំខាន់ៗ​មួយចំនួន និង​ការតុបតែង​ភ្លេ​ី​ង​លម្អរ​ឱ្យបាន​រួចរាល់​មុន​បុណ្យ​ទន្លេ​មកដល់​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close