រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ប្រគល់​ព្រះរាជក្រឹត្យ​តែងតាំង​ជូន​ចំពោះ​ព្រឹទ្ធាចារ្យ​មត៌ក​មនុស្ស​រស់​ថ្មី ដល់​ព្រឹទ្ធាចារ្យ​គ្រូ​គុន​ល្បុក្កតោ និង​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ

​នៅ​រសៀល​ថ្ងៃ​ពុធ ១០​កើត ខែផល្គុន ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២៣ លោកជំទាវ បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អ​ញ្ចើ​ញ​ជួប សំណេះសំណាល​ស្វាគមន៍​យ៉ាង​កក់ក្តៅ ចំពោះ​មត៌ក​មនុស្ស​រស់​ចាស់​-​ថ្មី​, ព្រឹទ្ធាចារ្យ​ដែលជា​គ្រូ​គុន​ល្បុក្កតោ​, និង​សមាគម​ហ្វារ​ពន្លឺ​សិល្បៈ​នៅ​សាល​អង្គរវត្ត​របស់​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​។

​លោកជំទាវ បណ្ឌិតសភា​ចា​រ្យ បានបង្ហាញ​នូវ​សេចក្តីសោមនស្ស​ចំពោះ​វត្តមាន​របស់​ព្រឹទ្ធាចារ្យ លោកគ្រូ អ្នកគ្រូ មត៌ក​មនុស្សរ​ស់ទាំង​ចាស់​-​ថ្មី និង​បាន​ថ្លែងអំណរគុណ​ចំពោះ​ព្រឹទ្ធាចារ្យ​ដែលជា​មត៌ក​មនុ​ស្សរស់​ក្នុង​ការខិតខំ​ប្រឹងប្រែង​លើកស្ទួយ ថែរក្សា ការពារ​មត៌ក​វប្បធម៌​របស់​កម្ពុជា​ជាពិសេស​ការចូល​រួមជាមួយ​នឹង​យន្តការ​បន្តវេន ដើម្បី​ចែករំលែក​ចំណេះដឹង​ក្នុង​វិស័យ​មត៌ក​វប្បធម៌​ប្រពៃណី​ដូនតា​ដល់​អ្នកជំនាន់ក្រោយ​។ ​បន្ថែម​ជាងនេះទៅទៀត​លោកជំទាវ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​គ្រូ​គុន​ល្បុក្កតោ​ទាំងអស់ ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុងការ​រៀបចំ​ឯកសា​រដាក់​គុន​ល្បុក្កតោ​ចូលក្នុង​បញ្ជី​មត៌ក​វប្បធម៌​អរូបី​របស់​មនុស្សជាតិ​នៃ​អង្គការ​យូណេស្កូ​។

​ឆ្លៀត​ក្នុងឱកាស​ដដែល​នោះ លោកជំទាវ បណ្ឌិតសភា​ចា​រ្យ បានប្រគល់​ព្រះរាជក្រឹត្យ​តែងតាំង​ជូន​ចំពោះ​ព្រឹទ្ធាចារ្យ​មត៌ក​មនុស្ស​រស់​ថ្មី​ផងដែរ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close