កម្ពុជា​-​ថៃ គ្រោង​អនុញ្ញាតឱ្យ​ភ្ញៀវទេសចរ​ប្រទេស​ទាំងពីរ អាច​បើកបរ​ដោយ​ខ្លួនឯង​ឆ្លងទៅ​ឆ្លង​មក​

​ភ្នំពេញ​៖ កម្ពុជា​-​ថៃ នឹង​ពិនិត្យឡើងវិញ​នូវ​ការជំរុញ​ឱ្យមាន​ភ្ញៀវទេសចរ អាច​បើកបរ​ដោយ​ខ្លួនឯង​ឆ្លងកាត់​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ ដើម្បី​ជំរុញ​កំនើន​ភ្ញៀវទេសចរ​ទៅវិញទៅមក​។ ការ​បង្ហើប​អំពី​ផែនការ​ជំរុញ​វិស័យ​ទេសចរណ៍​នេះ បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២៣ ក្នុងឱកាស​ដែល ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​កម្ពុជា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណកម្មាធិការ​រៀបចំ​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា អនុញ្ញាតឱ្យ លោក Cherdkiat ATTHAKOR ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា ចូលជួប និង​ពិភាក្សា​ការងារ​។​

​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ភាគី​ទាំង​២​បាន​ឯកភាពគ្នា​រៀបចំ​ជំរុញ​ភ្ញៀវទេសចរ​ទៅវិញទៅមក និង​ការជំរុញ​ភ្ញៀវទេសចរ​ពី​ប្រទេស​ទី​៣ ឱ្យបាន​ទៅ​ទស្សនា​នៅក្នុង​ប្រទេស​ទាំង​២ ដែល​ធ្វើឡើង​ក្រោម​យុទ្ធនាការ «​ព្រះរាជាណាចក្រ​ពីរ​គោល​ដៅ​ទេសចរណ៍​តែមួយ​» ហើយ​ភាគី​ទាំង​២ ក៏បាន​សម្រេច និង​ពិនិត្យឡើងវិញ​នូវ​ការជំរុញ​ឱ្យមាន​ភ្ញៀវទេសចរ អាច​បើកបរ​ដោយ​ខ្លួនឯង​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ការពិនិត្យ​ឡើងវិញ​គាំទ្រ​ឱ្យមាន​ភ្ញៀវទេសចរ អាច​បើកបរ​ដោយ​ខ្លួនឯង​នេះ ឯកឧត្ដម​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា លោក​នឹង​ស្នើសុំ​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​សិក្សា​ធ្វើយ៉ាងណា​ជំរុញឱ្យមាន​ទេសចរណ៍ អាច​បើកបរ​រថយន្ត​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា និង​ពី​កម្ពុជា​ទៅ​ថៃ អាច​បើក​បន្តទៅ​ទស្សនា​តាម​តំបន់​ទេសចរណ៍​នានា តាមរយៈ​យន្តការ​ប្រើ​បណ្ណ​ព្រំដែន ព្រោះ​កន្លងមក​ថៃ​ក៏បាន​អនុវត្ត​ដូចគ្នា​រួចហើយ​ដែរ​ជាមួយនឹង​ប្រទេស​ឡាវ និង​មី​យ៉ាន់​ម៉ា​។​

​នៅក្នុង​ជំនួប​នេះ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា បាន​ឯកភាព​លើ​សំណើ​របស់​កម្ពុជា ក្នុង​ការងារ​ជួយ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​លើ​វិស័យ​ទេសចរណ៍​ផងដែរ​។ ដោយឡែក​ទាក់ទង​នឹង​វិស័យ​កីឡា​វិញ លោក Cherdkiat ATTHAKOR ក៏បាន​ថ្លែង​កោតសរសើរ​លើ​ការរៀបចំ​ព្រឹត្តិការ​កីឡា​ស៊ី​ហ្គេម​នៅ​កម្ពុជា ឆ្នាំ​២០២៣​នេះ និង​បាន​គាំទ្រ និង​ជូនពរ​កម្ពុជា​ធ្វើយ៉ាងណា​ឱ្យ​ការរៀបចំ​ការប្រកួត​កីឡា​នៅ​កម្ពុជា​នេះ​ឱ្យ​ទទួលបាន​ជោគជ័យ​ខ្ពស់​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close