តុលាការផ្តន្ទាទោស លោក កឹម សុខា ដាក់ពន្ធនាគារ២៧ឆ្នាំពីបទក្បត់ជាតិ
ទីបំផុតទៅតុលាការបានសម្រេចប្រកាសសាលក្រមសំណុំរឿងលោក កឹម សុខា អតីតប្រធានគណបក្សប្រឆាំង ក្រោយពន្យារពេលអស់៥ឆ្នាំ ។ នៅថ្ងៃសុក្រនេះ តុលាការបានសម្រេចផ្តន្ទាទោសលោក កឹម សុខា ឱ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ ពីបទសន្និដ្ឋិភាពជាមួយបរទេស។
ជាមួយគ្នាតុលាការក៏សម្រេចដកសិទ្ធិជាពលរដ្ឋជាស្ថាពរ របស់លោក កឹម សុខា ដោយមិនអាចមានសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យ និងដកសិទ្ធិធ្វើនយោបាយ។
បើតាមការប្រកាសរបស់លោក កូយ សៅ ប្រធានក្រុមប្រឹក្សាចៅក្រម លោក កឹម សុខា នឹងមិនត្រូវអនុញ្ញាតឱ្យចាកចេញពីផ្ទះ និងហាមមិនឱ្យជនជាតិខ្មែររឺបរទេសទៅសួរសុខទុក្ខក្រៅពីសាច់ញាតិឡើយ។
លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ និងត្រូវបានចោទប្រកាន់ពីបទសមគំនិតជាមួយបរទេស ដែលតាមចោទថា សហការជាមួយសហរដ្ឋអាមេរិកប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាច។
គណបក្សសង្គ្រោះជាតិត្រូវបានរំលាយតាមដីការបស់តុលាការកំពូលកាលពីឆ្នាំ២០១៧ ដោយចោទប្រកាន់ថាជាយានជំនិះសម្រាប់ការប៉ុនប៉ងធ្វើបដិវត្តន៍ដូចគ្នានោះ។ ជាផ្នែកនៃសេចក្តីសម្រេចនេះ សមាជិកគណបក្សសង្គ្រោះជាតិជាង១០០ នាក់ត្រូវបានរារាំងមិនឱ្យធ្វើនយោបាយរយៈពេលប្រាំឆ្នាំ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។