ព្រឹកនេះ! ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ ទៅ​ទស្សនា​ទិដ្ឋភាព​ថ្ងៃ​រះ​ នៅ​ប្រាសាទអង្គរវត្ត​

នៅវេលា​ព្រឹក​ព្រលឹម​ស្រាងៗ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ យ៉ាងច្រើន​កុះករ​បានមក​អង្គុយ​រង់ចាំ​ទស្សនា​ទិដ្ឋភាព​ថ្ងៃ​រះ​នៅ​ប្រាសាទ​អង្គរ​។ ភ្ញៀវទេសចរ​ខ្លះ​បាន​អង្គុយ​រង់ចាំ នៅ​បរិវេណ​ច្រាំង​ក​សិន្ធុ​ខាងមុខ​ប្រាសាទ ខ្លះ​ចូលមក​អង្គុយ​ត្រៀបត្រា​នៅ​បណ្តា​ល័យ និង​ខ្លះទៀត​ឈ​រង់ចាំ​នៅលើ​រានហាល ក្បែរ​ស្រះ​ទឹក​ខាងជើង និង​ខាងត្បូង​នៃ​ប្រាសាទ ដើម្បី​រង់ចាំ​ទស្សនា​ទិដ្ឋភាព និង​ផ្តិត​យក​រូបភាព ដ៏​អស្ចារ្យ​ថ្ងៃ​រះ​នៅ​ប្រាសាទអង្គរវត្ត​។​

​កញ្ញា យាន ដា​នី អាយុ​២៩​ឆ្នាំ ប្រជាពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ បានបង្ហាញ​អារម្មណ៍​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ពេលមកដល់​ខាងមុខ​ប្រាសាទ​អង្គរ ដោយសារ​បានឃើញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​យ៉ាងច្រើន​កុះករ បាន​ចូលមក​រង់ចាំ​ទស្សនា​ទិដ្ឋភាព​ថ្ងៃ​រះ​។ កញ្ញា​បន្តថា ទោះបីជា​ធ្លាប់​បានមក​ទស្សនា​ប្រាសាទអង្គរវត្ត​ជាច្រើនលើក​ក៏ដោយ តែ​នេះ​ជា​លើកទីមួយ​ហើយ ដែល​ខ្លួន​និង​មិត្ត​ភ័​ក្រ បាន​ចូលមក​ទស្សនា​ថ្ងៃ​រះ​នៅទីនេះ ដោយ​ត្រូវ​ក្រោក​មក​រង់ចាំ​តាំងពី​ម៉ោង​៥​ព្រឹក​។ ពេល​បានឃើញ​ភាពស្រស់ស្អាត​នៃ​ថ្ងៃ​រះ​ទន្ទឹម​កំពូល​ប្រាសាទអង្គរវត្ត ឆ្លុះ​ជាមួយ​ស្រះ​ទឹក​បញ្ចេញ​ពន្លឺ​ព័ណ៌​មាស​ហើយ​នោះ​។ កញ្ញា ដា​នី លើកឡើងថា ពិតជា​មិន​ខកបំណង​ឡើយ​ដែល​ខ្លួន​ចំណាយពេល​ដើម្បី​មក​រង់ចាំ​ទស្សនា​ថ្ងៃ​រះ​នៅ​ប្រាសាទអង្គរវត្ត​។​

​អ្នកស្រី Garency Fraken ជនជាតិ​អាមេរិក បានបង្ហាញ​អារម្មណ៍​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល​បានមក​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់ស្អាត ថ្ងៃ​រះ​នៅ​ប្រាសាទអង្គរវត្ត​។ ដោយ​នេះ​ជា​ក្តី​ស្រ​ម៉ៃ​ជា​យូរ​មកហើយ របស់​អ្នកស្រី​និង​គ្រួសារ ដែល​ប៉ងប្រាថ្នា​មកកាន់​ប្រាសាទអង្គរវត្ត​។

អ្នកស្រី​ថា មកដល់​កម្ពុជា​ភ្លាម (​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២៣) គោលដៅ​ដែល​ខ្លួន និង​គ្រួសារ​មក​ទស្សនា​មុនគេ​គឺ​ប្រាសាទអង្គរវត្ត ហើយ​គោលដៅ​បន្ត​អ្នកស្រី​គ្រោង និង​ចូល​ទស្សនា​ប្រាសាទបុរាណ​ជាច្រើន​ទៀត​ក្នុង​រមណីយដ្ឋាន​អង្គរ​។​ ​នៅពេល​ធ្វើដំណើរ​កម្សាន្ត​មកកាន់​រមណីយដ្ឋាន​អង្គរ អ្នកទេសចរ​តែង​ចំណាយពេល​ដ៏​មានតម្លៃ ក្រោក​ពី​ព្រលឹម ឆ្ពោះ​មក​ប្រាសាទអង្គរវត្ត ដើម្បី​បានឃើញ​ភាព​អស្ចារ្យ​នៃ​សម្រស់​កំពូល​ប្រាង្គ​ប្រាសាទអង្គរវត្ត ដែល​ឆ្លុះ​ចាំង​ជាមួយ​ពន្លឺព្រះអាទិត្យ​រះ​ពណ៌​មាស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close