ចាន់ វឌ្ឍនាកា វិលចូលទីលានវិញបន្ទាប់ពីសម្រាកព្យាបាល ជាងមួយឆ្នាំ
ខ្សែប្រយុទ្ធរបស់ក្លិបបាល់ទាត់បឹងកេត ដ៏ល្បីល្បាញ ចាន់ វឌ្ឍនាកា បានវិលត្រឡប់មកកាន់ទីលានប្រកួតវិញហើយ កាលពីថ្ងៃទី៥ មីនា ម្សិលមិញ ក្នុងជំនួបជាមួយក្រុមកងយោធពលខេមរភូមិន្ទ ក្នុងព្រឹត្តិការណ៍ Cambodian League Cup 2023 ។
កីឡាករពាក់អាវស្លាកលេខ១១ រូបនេះ បានរងរបួស កាលពីចុងខែមករា ឆ្នាំ២០២២ ចាន់ វឌ្ឍនាកា បានរងរបួសដាច់សរសៃជង្គង់ ខាងស្ដាំ កាលពីចុងខែមករា ឆ្នាំ២០២២ ហើយបានធ្វើការវះកាត់ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២។
មកទល់ពេលនេះ របួសរបស់ ចាន់ វឌ្ឍនាកា ក៏បានជាសះស្បើយ ១០០ ភាគរយ ហើយ គេបានត្រឡប់ចូលទីលានប្រកួតវិញ ដែលធ្វើឲ្យអ្នកគាំទ្រ សង្ឃឹមថា រូបគេនឹងអភិវឌ្ឍន៍សមត្ថភាព ក៏ដូចជារក្សាទម្រង់លេងបានល្អ ដូចដើម ដើម្បីបន្ដរួមចំណែកជួយក្លិប ក៏ដូចជាក្រុមជម្រើសជាតិ នាពេលខាងមុខ។
សូមបញ្ជាក់ថា ក្នុងជំនួបជាមួយ ក្រុមកងយោធពលខេមរភូមិន្ទ កាលពីម្សិលមិញនេះ ក្រុមបឹងកេត ឈ្នះកងយោធពលខេមរភូមិន្ទ ៤ទល់៣ ។ ក្នុងជំនួបដ៏តឹងតែងនេះ ចាន់ វឌ្ឍនាកា ត្រូវបានប្ដូរចូលលេងនៅនាទី៦៣ ស្របពេលក្រុមកងយោធពលខេមរភូមិន្ទ កំពុងតែនាំមុខម្ចាស់ផ្ទះបឹងកេត ៣ទល់២។ សម្រាប់រយៈពេលជាង ២០នាទី ចុងក្រោយ បឹងកេត ក៏វាយបកបាន ២ គ្រាប់វិញ ក្នុងនោះ ក៏មានការរួមចំណែកលើកបាល់ ចេញពីជ្រុងដោយ វឌ្ឍនាកា និងបង្កើតឱកាសឲ្យមិត្តរួមក្រុម ស៊ុតបញ្ចូលទី ១គ្រាប់ នៅនាទី ៩០+៣ ដែលជាគ្រាប់បាល់ជ័យជំនះ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។