មនុស្ស១០នាក់ ជាប់លើទូកខូចកណ្តាលសមុទ្រ ត្រូវបានជួយសង្គ្រោះ

មនុស្សចំនួន១០នាក់ត្រូវបានជួយសង្គ្រោះ ក្រោយពីជាប់គាំងនៅលើទូកខូចកណ្តាលសមុទ្រជាង៣ម៉ោង ស្ថិតនៅខាងមុខកោះថាស ខេត្តព្រះសីហនុ កាលពីវេលាម៉ោង៧យប់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។

យោងតាមប្រភពពីមន្ត្រីសមត្ថកិច្ច បានឱ្យដឹងថា ប្រតិបត្តិការជួយសង្រ្គោះនេះ ធ្វើឡើងដោយក្រុមអូរប័រល្បឿនលឿនរបស់ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ។

លោកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា ជនរងគ្រោះទាំង១០នាក់ ជាជនជាតិខ្មែរ បានជួលទូកកន្ទុយវែងមួយគ្រឿង ពីចំណុចឆ្នេរលំហែកាយ កាលពីវេលាម៉ោងជាង១រសៀល ដើម្បីជិះចេញទៅលេង និងស្ទូចត្រី នៅម្តុំកោះថាស។ លុះនៅវេលាម៉ោងប្រហែលជិត៥ល្ងាច ក៏បានចេញដំណើរត្រលប់មកវិញ តែសំណាងមិនល្អទូកនោះក៏បានខូចស្លាបចាក់ ហើយអណ្តែតលើផ្ទៃសមុទ្រជាង៣ម៉ោង ទើបជនរងគ្រោះ ស្នើសុំជំនួយឱ្យមកជួយសង្គ្រោះ។

ក្រោយពីទទួលដំណឹងនេះ ក្រុមអូរប័រល្បឿនលឿនរបស់លោកឧកញ៉ាផ្ទាល់ បានចេញទៅជួយសង្គ្រោះមនុស្ស ដែលបានជាប់នៅលើទូកនោះបានដោយសុវត្ថិភាព នៅវេលាម៉ោងជិត៨យប់ថ្ងៃដដែល និងបានដឹកមកដល់ផែរបស់ក្រុមហ៊ុន GTVC វិញដោយសុវត្ថិភាព និងបានរៀបចំរថយន្តរបស់ក្រុមហ៊ុនជូនពួកគាត់ទៅផ្ទះវិញផងដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close