២​ថ្ងៃ​នៃ​ការចាប់ផ្ដើម​! ភ្ញៀវទេសចរ​ជាង ៤០​ម៉ឺន​នាក់ មកលេង​ក្នុង​ពិធីបុណ្យ​ទន្លេ

កំពង់ធំ​៖ ភ្ញៀវទេសចរ និង​ប្រជាពលរដ្ឋ​ជាង​៤០​ម៉ឺន​នាក់​បាន​ចូលរួម​ទស្សនា​នៅក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្តកំពង់ធំ ក្នុង​រយៈពេល​២​ថ្ងៃ​ដំបូង គឺ​ថ្ងៃទី​៧ និង​ទី​៨ ខែមីនា ឆ្នាំ​២០២៣​។

​គួរ​ជម្រាប​ថា ពិធីបុណ្យ​ទន្លេ​លើក​ទី​៧ នៅ​ខេត្តកំពង់ធំ គឺ​ប្រព្រឹត្តទៅ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​៨-១០ ខែមីនា ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ «​ទន្លេ​របស់​យើង ដើម្បី​បច្ចុប្បន្ន និង​អនាគត (Our River for Now and Next)» ប៉ុន្តែ​ប្រជាជន​បានមក​ទស្សនា​កម្សាន្ត​បណ្ដើរៗ​មុន​ថ្ងៃ​ចាប់ផ្ដើម​ព្រឹត្តិការណ៍​ទៅទៀត​។​ ​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ​បាន​ថ្លែងថា «​ចំនួន​ប្រជា​ពល​ដ្ឋ​ចូលរួម​ថ្ងៃទី​៧ មាន​ប្រមាណ​១៨,៥០០​នាក់ និង​ថ្ងៃទី​៨ មាន​ប្រមាណ​៣៨៥,០០០​នាក់ សរុប​៤០៣,៥០០​នាក់​»​។​

​ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​បញ្ជាក់ថា នៅក្នុង​ព្រឹត្តិការណ៍​ទេសចរណ៍​ដ៏​ធំ​មួយ​នេះ គឺមាន​ការតាំងពិព័រណ៍​សមិទ្ធផល មហោស្រព​ម្ហូបអាហារ និង​ភេសជ្ជៈ និង​ការតាំងពិព័រណ៍​ក​សិ​ទេសចរណ៍ ផលិតផល​សហគ្រាស​ធុន​តូច​និង​មធ្យម ផលិតផល​ខ្មែរ ផលិតផល​កសិកម្ម និង​ផលិតផល​របស់​សហគម​ន៍ សរុប​ចំនួន​៣០០​ស្តង់​។ ការរៀបចំ​ពិព័រណ៍​នេះ គឺជា​ការរួមចំណែក​មួ​យ​ក្នុងការ​ប្រើប្រាស់​ឱ្អ​ស់​លទ្ធភាព​នៃ​វិស័យ​ទេសចរណ៍ ដែល​ត្រូវបាន​ចាត់ទុកថា​ជាការ​នាំចេញ​នៅនឹងកន្លែង ក្នុងការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ពិសេស​ការបង្កើត​ឱកាស​ការងារ​សម្រាប់​ក​សិ​ករ សិប្បករ និង​អ្នក​ផលិត​តាមរយៈ​ទីផ្សារ​ទេសចរណ៍​។​

​ក្រៅពីនេះ មានការ​សម្តែង​ទស្សនីយភាព​សិល្បៈ​ចម្រុះ​បុរាណ​-​សម័យ ដែលមាន​ការចូលរួម​ពី​សិល្បករ​-​សិល្បការ​នី​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ព្រមទាំង​មាន​សកម្មភាព​កីឡា​ដែល​រួមមាន​៖ កីឡា​រត់ប្រណាំង​កម្សាន្ត​៣​គម និង​៥​គម កីឡាបាល់ទាត់​ឆ្នេរ​ខ្សាច់ កីឡាបាល់ទះ​ឆ្នេរ​ខ្សាច់ កីឡា​ប៉េតង់ ប្រដាល់​គុន​ខ្មែរ កីឡាបាល់ទាត់​លើ​តុ ដែល​សកម្មភាព​កីឡា​ទាំងនេះ​នឹង​បង្ហាញ​អំពី​ការចូលរួម​អបអរសាទរ​ដល់​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី​១២ ឆ្នាំ​២០២៣ ដែល​នៅសល់តែ​៥៧​ថ្ងៃ​ទៀត​ប៉ុណ្ណោះ កម្ពុជា​យើង​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​លើកដំបូង​។​
​យ៉ាងណា ឯកឧត្ដម​រដ្ឋមន្ត្រី​ធ្លាប់​បង្ហាញ​ការរំពឹងទុក​ថា រយៈពេល​៣​ថ្ងៃ​នៃ​ពិធីបុណ្យ​ទន្លេ​នៅ​ខេត្តកំពង់ធំ​នេះ​នឹង​ទទួលបាន​ភ្ញៀវទេសចរ​យ៉ាងតិច​១​លាន​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close