ឯកអគ្គរាជទូត​ថ្មី ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត នឹង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែខ្លាំង​ថែមទៀត

​ភ្នំពេញ ៖ ក្នុងឱកាស បានទទួល​ការអនុញ្ញាតឱ្យ​ចូលជួប​ជូន​សារតាំង សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​០៩ ខែមីនា ឆ្នាំ​២០២៣ នៅ​វិមាន​ព្រឹទ្ធសភា ឯកឧត្ដម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូត​តែងតាំង​ថ្មី នៃ​ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត ប្រចាំ​កម្ពុជា វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​ប្រពៃ​រវាង​ប្រទេស​ទាំងពីរ ។

​ឯកឧត្តម​ឯកអគ្គរាជទូត មាន​ជំនឿ​ជឿជាក់ថា តាមរយៈ​បេសកកម្ម​ការទូត​នេះ ឯកឧត្តម​នឹង​ខិតខំ​រួមចំណែក​ពង្រឹងពង្រីក​ទំនាក់ទំនង មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ។​

​សម្តេច​ប្រមុខរដ្ឋស្តីទី បាន​បញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន​ជាតិ​នៃ​កម្ពុជា ត្រៀមខ្លួន​ជានិច្ច​ធ្វើ​កិច្ចសហប្រតិបត្តិការ​ដ៏​ជិតស្និទ្ធ​ជាមួយ​ឯកឧត្តម​ឯកអគ្គរាជទូត ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ នាំមក​នូវ​ផលប្រយោជន៍​ដ៏​ធំធេង​ទៅវិញទៅមក​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំងពីរ​។

​តាមរយៈ​ឯកឧត្តម​ឯកអគ្គរាជទូត សម្តេច​ប្រមុខរដ្ឋស្តីទី​បាន​ពាំ​នាំនូវ​ព្រះរាជ​បណ្តាំ​សួរសុខទុក្ខ​សេចក្តី​នឹករលឹក​អំពី​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ សីហនុ និង​ថ្នាក់ដឹកនាំ​កំពូល​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ថ្វាយ​ព្រះមហាក្សត្រ និង​ជូន​ចំពោះ​ថ្នាក់ដឹកនាំ​កំពូល​គ្រប់​លំដាប់ថ្នាក់ នៃ​ព្រះរាជាណាចក្រ​អារ៉ាប៊ីសាអ៊ូឌីត ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close